ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការបោះឆ្នោតរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក​លើសវនាការជំនុំជម្រះក្តីលោក Trump កំណត់ថា លោក Trump «មិន​មាន​ទោស»


ទង់ជាតិសហរដ្ឋអាមេរិកត្រូវបានដោតនៅលើកំពូលដំបូលវិមានសភាសហរដ្ឋអាមេរិក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

សវនាការ​ជំនុំជម្រះ​ក្តី​របស់អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ពីបទញុះញង់ឲ្យមានអំពើហិង្សា បាន​បញ្ចប់នៅ​រសៀល​ថ្ងៃ​សៅរ៍ ម៉ោងនៅសហរដ្ឋអាមេរិក បន្ទាប់ពីសមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកចំនួន ១០០ នាក់ បានបោះឆ្នោតក្នុងសំឡេង ៥៧ ទល់​នឹង ៤៣។

លទ្ធផលនៃសំឡេងឆ្នោតនេះ បានកំណត់ថា លោក​ Trump «មិន​មាន​ទោស» ពីបទ​ចោទប្រកាន់​ពី​ការ​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​នៅ​វិមានសភា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី ៦ ខែ​មករានោះទេ។

សមាជិកព្រឹទ្ធសភាមកពីខាងគណបក្សសាធារណរដ្ឋចំនួន ៧ នាក់ បានចូលរួមជាមួយសមាជិកព្រឹទ្ធសភាមកពីខាងគណបក្សប្រជាធិបតេយ្យចំនួន ៥០ នាក់ (សរុប ៥៧ នាក់) ដោយបានបោះឆ្នោតថា លោក Trump មានទោស។

ក៏ប៉ុន្តែសំឡេងឆ្នោតនេះ (៥៧ សំឡេង) មិនគ្រប់គ្រាន់ដើម្បីផ្តន្ទាទោសលោក Trump ពីបទញុះញង់ឲ្យមានអំពើហិង្សានោះទេ។ ព្រឹទ្ធសភាត្រូវការ​សំឡេង​ឆ្នោតយ៉ាងតិច ៦៧ សំឡេង ឬ ២ ភាគ ៣ ដើម្បី​អាច​ផ្ដន្ទាទោស​លោក Trump បាន។

នៅ​ក្នុង​ដំណើរការ​សវនាការ​ជំនុំជម្រះ​ក្តី​លោក Trump ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី ៦ ខែ​មករា ក្រុម​ប្រជាធិបតេយ្យ​បាន​អះអាង​ថា លោក Trump បាន​បង្ក​ឲ្យ​មាន​ការ​វាយប្រហារ​ហិង្សា​នេះ ដោយ​បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត ពី​ការ​អះអាង​ដែល​មិន​ពិត​ ថា ការ​បោះឆ្នោត​ត្រូវបាន​លួច​បន្លំ ហើយ​ថា លោក Trump បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​គាំទ្រ​រូប​លោក ឲ្យ «តស៊ូ​យ៉ាង​ខ្លាំង​ក្លា» មុន​នឹង​ពួកគេ​បាន​លុកលុយ​វិមានសភា។

ក្រុម​ប្រជាធិបតេយ្យ​បាន​អះអាង​ថា លោក Trump មាន​ «គោលបំណង​ពិត​ប្រាកដ» ស្របពេល​ដែល​លោក​បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​រូប​លោក ដើរ​ទៅ​រក​អំពើ​ហិង្សា។

ដោយឡែក ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក Trump បាន​អះអាង​ថា សវនាការ​ជំនុំ​ជម្រះ​ក្តី​នេះ ត្រូវបាន​ធ្វើ​ឡើង​ដោយសារ​តែ «ភាព​ស្អប់ខ្ពើម» របស់​ក្រុម​ប្រជាធិបតេយ្យ​មក​លើ​លោក Trump ហើយ​ថា សវនាការ​នេះ​បានធ្វើឡើង​ដោយ​រំលោភរដ្ឋធម្មនុញ្ញ ពីព្រោះ​លោក Trump បាន​ចាកចេញ​ពី​តំណែង​រួចទៅហើយ។

ក្រុម​មេធាវី បាន​និយាយ​ថា ក្រុមកុបករ​បាន​ប្រព្រឹត្ត [អំពើ​ហិង្សា] ដោយ​ខ្លួន​ឯង បើ​ទោះ​បី​ជា​មាន​ពាក្យសម្តី​របស់​លោក Trump ក្តី។ ក្រុម​មេធាវី​ក៏​បាន​អះអាង​ថា លោក Trump មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​ថា ការ​កាត់ទោស​លោក Trump ដោយ​ផ្អែក​លើ​ពាក្យ​សម្តី​ដែល​លោក​បាន​និយាយនោះ អាច​កំណត់​មាគ៌ា​ដ៏​គ្រោះថ្នាក់​មួយ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG