ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋអាជ្ញា បង្ហាញ​វីដេអូ​ថ្មី​អំពី​អំពើ​ហិង្សា​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាលពី​ខែមុន


រូបភាពដែលដកស្រង់ពីវីដេអូ ដែល​ត្រូវបាន​បង្ហាញ​ដល់សមាជិក​ព្រឹទ្ធសភា ក្នុង​អំឡុងពេល​សវនាការ​កាត់ទោស​លោក​អតីត​ប្រធានាធិបតី Donald Trump បង្ហាញនូវរូប​លោក Trump ដែលត្រូវបាន​ដាក់​ផ្ទឹមនឹង​វីដេអូ​ដែល​បានថត​ដោយ​ប៉ូលិស​ដែល​រងការវាយ​ប្រហារម្នាក់ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅវិមានសភាអាមេរិក។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុម​រដ្ឋអាជ្ញា​នៅឯ​សវនាការ​កាត់ទោស​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លើ​លោក​អតីត​ប្រធានាធិបតី Donald Trump បាន​បង្ហាញ​ភស្តុតាង​ថ្មី​ជា​វីដេអូ​ប្រឆាំង​នឹង​លោក Trump។

វីដេអូ​នោះ​ បាន​បង្ហាញ​នូវ​ភាព​ចលាចល​ហិង្សា​ដែល​បាន​កើតឡើង​នៅឯ​វិមាន​សភា​កាលពី​ខែ​មុន នៅពេល​ដែល​សមាជិក​សភា​កំពុង​ប្រកាស​អំពី​ជ័យជម្នះ​របស់​លោក Joe Biden លើ​ការ​បោះឆ្នោត​ប្រធានាធិបតី។

វីដេអូ​នោះ​ បាន​បង្ហាញ​អំពី​ក្រុម​អ្នក​គាំទ្រ​របស់​លោក Trump រាប់​រយ​នាក់ សង្គ្រប់​សម្រុក​ចូល​វិមាន​សភា ដោយ​អ្នក​ខ្លះ​បាន​រើ​កកាយ​ឯកសារ​របស់​សមាជិក​សភា។ អ្នក​បះបោរ​ទាំង​នោះ ​ត្រូវ​បាន​លោក Trump ជំរុញ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​វិមាន​សភា​ដើម្បី​ព្យាយាម​បញ្ឈប់​ការ​ប្រកាស​ជា​ផ្លូវការ​របស់​សភា​នូវ​ជ័យជម្នះ​របស់​លោក Biden។

វីដេអូ​កាលពី​ថ្ងៃ​ទី ៦ ខែ​មករា​នោះ បាន​បង្ហាញ​ទៀត​ថា កុបករ​ខ្លះ​ បាន​ស្រែក​ថា ពួកគេ​ព្យាយាម​ស្វែងរក​លោក​អតីត​អនុ​ប្រធានាធិបតី Mike Pence ដើម្បី​ព្យួរ​ក​លោក ពីព្រោះ​លោក​បាន​បដិសេធ​ពុំ​ព្រម​ធ្វើ​តាម​ការ​ទាមទារ​របស់​លោក Trump ដែល​ចង់​ឲ្យ​លោក​រារាំង​ការ​ប្រកាស​អំពី​ជ័យជម្នះ​របស់​លោក Biden។

វីដេអូ​នោះ​ បាន​បង្ហាញ​បន្ថែម​ថា បាតុករ​ផ្សេង​ទៀត​បាន​ស្វែងរក​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ដែលជា​អ្នក​ប្រឆាំង​នឹង​លោក Trump ជា​យូរ​មក​ហើយ ដើម្បី​សម្លាប់​អ្នកស្រី។

ក្រុម​បាតុករ​ បាន​សម្រុក​ចូល​ក្នុង​ការិយាល័យ​របស់​អ្នកស្រី ក៏​ប៉ុន្តែ​ក្រុម​រដ្ឋអាជ្ញា​បាន​និយាយ​ថា អាជ្ញាធរ​បាន​ជម្លៀស​អ្នកស្រី​ចេញពី​វិមាន​សភា​ទៅ​កាន់​ទី​សុវត្ថិភាព​រួច​ហើយ​នៅ​ពេល​នោះ ខណៈ​ពេល​ដែល​បុគ្គលិក​ខ្លះ​របស់​អ្នកស្រី​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​បន្ទប់​សន្និសីទ​ក្បែរ​នោះ​ដែល​ចាក់​សោ​ជាប់។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Maryland លោក Jamie Raskin ដែល​ជា​ប្រធាន​ក្រុម​រដ្ឋអាជ្ញា បាន​ចោទ​ប្រកាន់​ថា លោក Trump បាន​ជំរុញ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​រាប់​រយ​នាក់​ឲ្យ «ប្រយុទ្ធ​ឲ្យ​អស់​ពី​សមត្ថភាព» នៅ​ក្នុង​ការ​តតាំង​ជាមួយ​នឹង​សមាជិក​សភា​នៅ​វិមាន​សភា​កាលពី​ថ្ងៃ​ទី ៦ ខែ​មករា។

លោក Raskin បាន​បន្ថែម​ថា ការ​ជំរុញ​របស់​លោក Trump នេះ បាន​បញ្ឆេះ​ឲ្យ​មាន​ភាព​ចលាចល​ហិង្សា​ដែល​ធ្វើ​ឲ្យ​មនុស្ស ៥ នាក់​ស្លាប់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​មន្ត្រី​សន្តិសុខ​វិមាន​សភា​ម្នាក់​ផងដែរ៕

XS
SM
MD
LG