ការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងការដាក់ប្រទេសទៅក្នុងភាពអាសន្ន ដើម្បីសាងសង់ជញ្ជាំងព្រំដែន អាចត្រូវបានជំទាស់ជាលើកទីពីរ នៅពេលដែលព្រឹទ្ធសភាបោះឆ្នោតលើសេចក្ដីសម្រេចមិនគាំទ្រមួយ។
សេចក្ដីសម្រេចនេះត្រូវបានរដ្ឋសភាអនុម័តរួចមកហើយ ហើយប្រសិនបើវាអាចឆ្លងព្រឹទ្ធសភាបាន វានឹងប្រឈមនឹងការប្រឆាំងពីលោកប្រធានាធិបតីជាមិនខាន។
លោកប្រធានាធិបតី Donald Trump បានប្ដេជ្ញាថានឹងសាងសង់ជញ្ជាំងនៅតាមបណ្ដោយព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក។
លោក Trump ថ្លែងដូច្នេះថា៖ «សហរដ្ឋអាមេរិកត្រូវបានទន្ទ្រានដោយគ្រឿងញៀន ដោយមនុស្ស ដោយឧក្រិដ្ឋជន។ យើងត្រូវតែបញ្ឈប់វា»។
ការលើកឡើងនេះទំនងជានឹងត្រូវបានជំទាស់ជាផ្លូវការដោយគណបក្សទាំងពីរនៃព្រឹទ្ធសភា។
លោក Tom Udall សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ និយាយថា៖ «គ្មានបញ្ហាអាសន្នជាតិផ្នែកសន្តិសុខព្រំដែនពិតប្រាកដណាមួយនៅព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិកនោះទេ»។
អ្នកស្រី Susan Collins សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ និយាយថា៖ «យើងត្រូវតែការពារអំណាចស្ថាប័នរបស់សភាដូចស្ថាបនិកជាតិរបស់យើងដែរ។ សង្ឃឹមថាយើងនឹងធ្វើដូច្នេះ»។
កន្លងមក សភាបានអនុម័តលើថវិកាមួយផ្នែកតូចដែលលោក Trump បានស្នើឡើង ដើម្បីសាងសង់ជញ្ជាំងព្រំដែន។
ដោយការប្រកាសដាក់ប្រទេសទៅក្នុងភាពអាសន្ន លោក Trump មានបំណងគេចពីសភា និងផ្ទេរថវិការាប់ពាន់លានដុល្លារ ដែលភាគច្រើនបានមកពីថវិកាសម្រាប់វិស័យយោធា ដើម្បីសាងសង់
ជញ្ជាំងព្រំដែន។ សមាជិកសភាខាងគណបក្សសាធារណរដ្ឋមួយចំនួនបានគាំទ្រវិធានការនេះអស់ពីដួងចិត្ត។
លោក Kevin McCarthy សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ បញ្ជាក់ដូច្នេះថា៖ «អ្វីដែលយើងឃើញកើតឡើងនៅតាមព្រំដែន ដូចជាចំនួនគ្រឿងញៀន ចំនួននៃការស្លាប់នៅក្នុងសហរដ្ឋអាមេរិក ការជួញដូរមនុស្សឆ្លងព្រំដែនជាដើម គឺសុទ្ធតែជាបញ្ហាហួសធ្ងន់ធ្ងរ។ ដូច្នេះ លោកប្រធានាធិបតីមានអំណាចចាត់វិធានការលើរឿងនេះ»។
ប៉ុន្តែសម្រាប់គណបក្សប្រជាធិបតេយ្យ និងសមាជិកមួយចំនួននៃគណបក្សសាធារណរដ្ឋវិញ ការប្រកាសរបស់លោក Trump នៅក្នុងការដាក់ប្រទេសទៅក្នុងភាពអាសន្ននេះ គឺជាការធ្វើផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក និងអាចជាឧទាហរណ៍ដ៏គ្រោះថ្នាក់មួយ។
លោក Chuck Schumer សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ និយាយថា៖ «ការធ្វើដូច្នេះគឺជាការងាកឆ្ងាយចេញពីលទ្ធិប្រជាធិបតេយ្យ និងងាកទៅរកភាពផ្ដាច់ការ។ យើងមិនចង់ឲ្យប្រធានាធិបតី ឬក៏ពលរដ្ឋអាមេរិកាំងណាម្នាក់ អាចធ្វើរឿងអ្វីមួយដោយគ្រាន់តែចេញបទបញ្ជាមិនឆ្លងកាត់សភានោះទេ»។
អ្នកស្រី Susan Collins សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ និយាយថា៖ «ការប្រកាសរបស់លោក Trump នៅក្នុងការដាក់ប្រទេសទៅក្នុងភាពអាសន្ន គឺជាការធ្វើឡើងដោយគ្មានការពិចារណាត្រឹមត្រូវ ដោយសារតែការធ្វើដូច្នេះគឺជាការដើរផ្លូវវាងគេចពីដំណើរការត្រួតពិនិត្យថ្លឹងថ្លែងអំណាច ដោយការរំលងអំណាចរបស់សភា។ សំណើច្បាប់នេះរារាំងការចង់ធ្វើដូច្នេះ»។
លោកប្រធានាធិបតី Trump កាលពីពេលថ្មីៗនេះ បានចំអកដាក់អ្នកដែលលើកឡើងពីការព្រួយបារម្ភទាំងនេះ។
លោកនិយាយដូច្នេះថា៖ «ពួកគេបាននិយាយថា ពួកគេព្រួយបារម្ភរឿងធ្វើគំរូ [មិនល្អ]។ ខ្ញុំចង់បញ្ជាក់ថា ខ្ញុំមានការព្រួយបារម្ភខ្លាំងអំពីការណ៍ដែលពួកឃាតក អ្នកជួញដូរគ្រឿងញៀន និងបណ្ដាញជួញដូរគ្រឿងញៀនអន្តរជាតិហូរចូលមកក្នុងប្រទេសរបស់យើង»។
ព្រឹទ្ធសភាមានពេលរហូតដល់ពាក់កណ្ដាលខែមិនានេះដើម្បីបោះឆ្នោតលើសេចក្ដីសម្រេចជំទាស់ទៅនឹងការប្រកាសរបស់លោក Trump នៅក្នុងការដាក់ប្រទេសទៅក្នុងភាពអាសន្ននេះ។ ប៉ុន្តែ លោក Trump ប្រាកដជានឹងប្រឆាំងនឹងសេចក្ដីសម្រេចនេះជាមិនខាន ប្រសិនបើព្រឹទ្ធសភាអនុម័តវា។
នៅទីបំផុត គឺវាអាស្រ័យលើតុលាការសហព័ន្ធជាអ្នកសម្រេចលើជោគវាសនានៃការប្រកាសរបស់លោក Trump នេះ។ កត្តាមួយចំនួន ដែលតុលាការអាចពិចារណាបានគឺ ឆន្ទៈរបស់សភានៅក្នុងការជំទាស់មិនអនុម័តលើថវិកាសាងសង់ជញ្ជាំងព្រំដែន ហើយបន្ទាប់មកគឺឆន្ទៈរបស់សភានៅក្នុងការព្យាយាមរារាំងសកម្មភាពរបស់លោក Trump៕
ប្រែសម្រួលដោយ ភី សុភាដា