ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Michael Cohen ផ្តល់​សក្ខីកម្ម​បន្ត​ទៀត ខណៈ​មាន​ការ​រិះគន់ខ្លាំងៗ​ពី​លោក​ Trump


រូបឯកសារ៖ លោក Michael Cohen អតីត​មេធាវី​​ផ្ទាល់របស់លោក Trump 
រូបឯកសារ៖ លោក Michael Cohen អតីត​មេធាវី​​ផ្ទាល់របស់លោក Trump 

លោក Trump បាន​រិះ​គន់ខ្លាំង​ដល់​ការ​ស៊ើបអង្កេត​នេះ​ថា​ជា​ «ការ​ស្វែង​រក​ឧក្រិដ្ឋកម្មធំមួយ»។

លោក Michael Cohen អតីត​មេធាវីផ្ទាល់​ខ្លួនយូរយា​មក​ហើយ​របស់​លោកប្រធានាធិបតី​អាមេរិក Donald Trump វិល​ត្រឡប់​ទៅ​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​ពុធ​នេះទៀត​ នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ស៊ើបការ​សម្ងាត់​នៃ​សភា​តំណាង​រាស្ត្រអាមេរិកាំង​ដែល​ជា​គណៈកម្មាធិការមួយ ​ក្នុង​បណ្តា​គណៈកម្មាធិការ​មួយ​ចំនួន​នៅ​ក្នុង​សភា​តំណាង​រាស្ត្រអាមេរិកាំង​ដឹក​នាំ​ដោយ​ពួកប្រជាធិបតេយ្យ​ ដែល​នៅ​ក្នុង​សប្តាហ៍​នេះ​បានបើក​ធ្វើការ​ស៊ើបអង្កេត​ថ្មីៗអំពី​រដ្ឋបាល​លោក​ Trump។

កាល​ពី​សប្តាហ៍​មុន​លោក​ Cohen បានចេញ​បង្ហាញ​ខ្លួន​បី​ដង​នៅ​ក្នុងវិមាន​សភាអាមេរិក Capitol Hill ដោយ​លោកបាននិយាយ​នៅ​ក្នុង​គណៈកម្មាធិការ​ផ្នែក​ស៊ើបការ​សម្ងាត់​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង ​និង​ព្រឹទ្ធសភា​នៅ​ក្នុងការប្រជុំបិទទ្វារ​ហើយ​លោក​ក៏​បាន​ផ្តល់សក្ខីកម្ម​ជា​សាធារណៈនៅ​ចំពោះមុខ​គណៈកម្មាធិការ​ត្រួតពិនិត្យ​កិច្ចការ​រដ្ឋាភិបាល ដោយ​លោក​បាន​ថ្លែង​ថា​លោក Trump ជា «អ្នកឆបោក» ដែល​បាន​បញ្ជា​ឱ្យលោក​លាក់បាំង​ការ​ទាក់ទង​ខាង​ស្នេហា​ជាមួយ​ស្ត្រី​ពីរនាក់​ និង​ដែល​បាន​និយាយ​កុហក​អំពី​កិច្ចខិតខំប្រឹងប្រែង​ខាង​ជំនួញ​របស់លោកនៅក្នុង​ប្រទេសរុស្សី។​

ប្រធាន​នៃ​គណៈកម្មាធិការ​ខាង​ការ​ស៊ើបអង្កេត​ ខាង​កិច្ចការ​បរទេស និង​ខាង​ត្រួតពិនិត្យ​កិច្ចការ​របស់​រដ្ឋាភិបាល​បានធ្វើ​សំណើសុំ​រួមគ្នា​មួយ​ដល់​សេតវិមានកាល​ពី​ថ្ងៃអង្គារ​ដើម្បី​សុំ​ឯកសារ​ទាក់ទិននឹង​ការ​និយាយ​ទាក់ទង​របស់លោក​ Trump ជាមួយ​ប្រធានាធិបតី​រុស្សី​ Vladimir Putin ដោយ​សម្តែង​កង្វល់​អំពី​ការ​ចោទប្រកាន់ដែល​ថា​លោក Trump បានធ្វើការ​ដើម្បីលាក់បាំង​សេចក្តីល្អិតល្អន់​នៃការ​ទាក់ទង​គ្នា​ទាំងនោះ។​

គណៈកម្មាធិការ​តុលាការនៃ​សភា​តំណាង​រាស្ត្រអាមេរិកាំង​បានស្នើ​សុំ​ឯកសារ​ពីបុគ្គល ​៨១​នាក់ជា​ផ្នែក​មួយ​នៃអ្វី​ដែលលោក Jerrold Nadler ប្រធាននៃ​គណៈកម្មាធិការ​នេះ​ហៅ​ថា «ការ​ស៊ើបអង្កេត​មួយ​អំពីការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​ការ​រារាំង​និងការ​រំលោភ​អំណាច​ដោយ​ប្រធានាធិបតី​ Trump សហការី និងសមាជិក​នៃ​រដ្ឋបាលលោក»។

លោក Trump បាន​រិះ​គន់ខ្លាំង​ដល់​ការ​ស៊ើបអង្កេត​នេះ​ថា​ជា​ «ការ​ស្វែង​រក​ឧក្រិដ្ឋកម្មធំមួយ»៕

XS
SM
MD
LG