កាលពីថ្ងៃចន្ទ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំងបានបើកធ្វើការស៊ើបអង្កេតទូលំទូលាយមួយ អំពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតី Donald Trump កាលពីឆ្នាំ២០១៦ របរជំនួញរបស់លោក អន្តរកាលរបស់លោកទៅកាន់អំណាច និងអំពីថា តើលោកបានរារាំងយុត្តិធម៌ ឮឬទេដើម្បីធ្វើឱ្យខកខានដល់ការស៊ើបអង្កេតអំពីរូបលោក។
គណៈកម្មាធិការតុលាការនៃសភាតំណាងរាស្ត្រអាមេរិកាំងបានផ្ញើសំបុត្រទៅកាន់បុគ្គលនិងអង្គភាព៨១ ដែលទាក់ទងជាមួយលោក Trump ទាមទារឯកសារក្នុងរយៈពីរអាទិត្យអំពីបញ្ជីវែងមួយនៃហេតុការណ៍មួយចំនួន ទាក់ទិននឹងប្រធានាធិបតីទី៤៥នៃសហរដ្ឋអាមេរិករូបនេះ។
បន្ថែមពីលើការផ្តោតការយកចិត្តទុកដាក់លើការចោទប្រកាន់អំពីការរារាំងយុត្តិធម៌ គណៈកម្មាធិការនេះបាននិយាយថា ខ្លួនកំពុងពិនិត្យមើលអំពីលទ្ធភាពនៃការមានអំពើពុករលួយសាធារណៈនិងការរំលោភអំណាចនៅក្នុងរយៈពេលពីរឆ្នាំដែលលោក Trump បានកាន់តំណែងប្រធានាធិបតី។
លោក Jerrold Nadler ប្រធានគណៈកម្មាធិការនេះនៃសភាតំណាងរាស្ត្រអាមេរិកាំងបានមានប្រសាសន៍ នៅពេលប្រកាសអំពីការស៊ើបអង្កេតនេះថា៖ «ក្នុងរយៈពេលពីរបីឆ្នាំមុននេះ លោកប្រធានាធិបតី Trump បានគេចពីភាពទទួលខុសត្រូវចំពោះការវាយប្រហារសឹងតែរាល់ថ្ងៃរបស់លោកដល់បទបញ្ញត្តិ និងបទដ្ឋានខាងផ្លូវច្បាប់ជាមូលដ្ឋាន ខាងសីលធម៌ និងខាងរដ្ឋធម្មនុញ្ញរបស់យើង»។
លោកបានមានប្រសាសន៍ថា៖ «ការស៊ើបអង្កេតអំពីការគំរាមកំហែងទាំងនេះដល់វិធាននៃច្បាប់ជាកាតព្វកិច្ចរបស់សភាហើយជាមុខងារស្នូលមួយនៃគណៈកម្មាធិការតុលាការរបស់សភាតំណាងរាស្ត្រអាមេរិកាំង។
លោក Trump បានបដិសេធថា លោកមិនបានធ្វើខុសទេ ទាក់ទិននឹងការទាក់ទងរបស់ក្រុមអ្នកឃោសនាបោះឆ្នោតឱ្យលោកជាមួយប្រទេសរុស្ស៊ី និងនៅពេលលោកកាន់តំណែងប្រធានាធិបតី។
នៅពេលត្រូវសួរអំពីការស៊ើបអង្កតរបស់លោក Nadler កាលពីថ្ងៃចន្ទ លោក Trump បានឆ្លើយថា៖ «ខ្ញុំធ្វើសហប្រតិបត្តិការជាមួយមនុស្សគ្រប់គ្នា... លោកអ្នកដឹងទេអ្វីដែលល្អនោះគឺគ្មានការឃុបឃិតទេ។ ទាំងអស់នេះជាការបញ្ឆោត»៕