មេដឹកនាំក្រុមសមាជិកព្រឹទ្ធសភាភាគច្រើនលោក Mitch McConnell បាននិយាយថាលោកនឹងពន្យារពេលការបោះឆ្នោតលើច្បាប់ធានារ៉ាប់រងសុខភាពរបស់គណបក្សសាធារណរដ្ឋ។
ការប្រកាសរបស់លោក McConnell ដូចនេះបានធ្វើឡើងបន្ទាប់ពីទទួលដំណឹងពីក្រុមវេជ្ជបណ្ឌិតដែលថាសមាជិកព្រឹទ្ធសភាលោក John McCain ត្រូវស្នាក់នៅក្នុងរដ្ឋ Arizona មួយសប្ដាហ៍ទៀត បន្ទាប់ពីលោកបានទទួលការវះកាត់ដុំឈាមកកនៅលើភ្នែកឆ្វេងរបស់លោកកាលពីថ្ងៃសៅរ៍ម្សិលមិញរួចមក។
អវត្តមានរបស់លោក McCain នៅក្នុងព្រឹទ្ធសភាដែលមានការខ្វែងគំនិតគ្នានេះបណ្ដាលឲ្យការបោះឆ្នោតលើច្បាប់ធានារ៉ាប់រងសុខភាពរងការប៉ះពាល់។
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ត្រូវការសំឡេងគាំទ្រចំនួន ៥០ សំឡេងដើម្បីអនុម័តលើច្បាប់ធានារ៉ាប់រងសុខភាពនេះ។ ដោយសារតែគណបក្សសាធារណរដ្ឋមានសមាជិកតែ ៥២ នាក់ តែប៉ុណ្ណោះនៅក្នុងព្រឹទ្ធសភាហើយសមាជិកពីររូបគឺលោក Rand Paul ប្រចាំរដ្ឋ Kentucky និងលោកស្រី Susan Collins ប្រចាំរដ្ឋ Maine បានបញ្ជាក់រួចហើយថាពួកគេនឹងមិនបោះឆ្នោតគាំទ្រច្បាប់ធានារ៉ាប់រងថ្មីនេះទេទើបវត្តមានរបស់លោក McCain គឺចាំបាច់បំផុត។
សេចក្ដីប្រកាសរបស់មន្ទីរពេទ្យ Mayo Clinic នៅក្នុងទីក្រុង Phoenix រដ្ឋ Arizona បានឲ្យដឹងថា លោក McCain វ័យ ៨០ ឆ្នាំរូបនេះ មានសុខភាពល្អជាធម្មតាទេ បន្ទាប់ពីលោកបានទទួលការវះកាត់យកដុំឈាមកកប្រវែង ៥ សង់ទីម៉ែត្រ នៅខាងលើភ្នែកឆ្វេងរបស់លោក ចេញមក។
លោក McCain ដែលជាអតីតយុទ្ធជនក្នុងសង្គ្រាមវៀតណាម និងជាអតីតអ្នកទោសសង្គ្រាម ត្រូវបានជ្រើសរើសជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ១៩៨៦។ លោកធ្លាប់ធ្វើជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋនៅក្នុងឆ្នាំ ២០០៨ ដែលកាលនោះលោកបានចាញ់លោក Barack Obama៕