ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ និយាយ​ថា​រដ្ឋាភិបាល​ថ្នាក់ជាតិ និង​ចេញ​ថ្លៃ​ចំណាយ​លើ​ការ​បញ្ចេញ​កងទ័ព​​ជាតិ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​របស់​កងកម្លាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​វីរុស​នៅ​សេតវិមាន កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​បញ្ជា​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​ចេញ​ថ្លៃ​ចំណាយ​លើ​កិច្ច​ប្រឹងប្រែង​ជួយ​ដោះស្រាយ​បញ្ហា​មេរោគ​កូរ៉ូណា ដែល​អនុវត្ត​ដោយ​កងទ័ព​បម្រុង​ថ្នាក់​ជាតិ ដែល​ត្រូវ​បាន​បញ្ចេញ​យក​ទៅ​ប្រើ ក្រោម​ការ​គ្រប់គ្រង​របស់​អភិបាល​រដ្ឋ​នានា។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ លោក​ត្រាំ បាន​លើកឡើង​ចំឈ្មោះ​ រដ្ឋ​ចំនួន​៣​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយសារ​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​ថ្មី​រហូត​មក​ដល់​ពេល​នេះ​គឺ​រដ្ឋ​កាលីហ្វ័រញ៉ា ញូវយ៉ក និង​រដ្ឋ​វ៉ាស៊ីនតោន។

លោក​ត្រាំ និយាយ​ថា​កងទ័ព​បម្រុង​ថ្នាក់​ជាតិ នឹងជួយ​តម្លើង​មណ្ឌល​ពិនិត្យ​ និងព្យាបាល​សុខភាព​និង​ចែកចាយ​ម៉ាស់​ សម្លៀកបំពាក់​ពេទ្យ​ និងឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម​ និង​សម្ភារៈ​ផ្សេងៗ​ទៀត​រាប់​រយ​តោន។

លោក Trump បាន​អនុម័ត​យល់ព្រម​រួច​ហើយ​ចំពោះ​ការប្រកាស​គ្រោះមហន្តរាយ​ដ៏​ធំ​សម្រាប់​រដ្ឋ​ទាំង​បី​នេះ។

អភិបាល​មួយ​ចំនួន​រួមទាំង​អភិបាល​រដ្ឋញូវយ៉ក​លោក Andrew Cuomo ផងដែរ បាន​អំពាវនាវ​ដល់​សេតវិមាន​ឱ្យ​ធ្វើ​ឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​កម្រិត​ថ្នាក់​ជាតិ​ដើម្បី​ទទួលបាន​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ ដោយ​លោក​ត្អូញត្អែរ​ថា​មេដឹកនាំ​រដ្ឋ​ផ្សេងៗ​បាន​ដណ្តើមគ្នា​ដើម្បី​ទទួលបាន​នូវ​អ្វី​ដែល​មាន។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ទីក្រុង Albany លោក Cuomo បាន​និយាយ​នៅ​ក្នុង សន្និសីទកាសែត​មួយ​ថា​ «ខ្ញុំ​គិតថា​រដ្ឋាភិបាល​សហព័ន្ធ គួរតែ​បញ្ជា​ឱ្យ​រោងចក្រ​ផលិត​ម៉ាស់ ប្រដាប់​ពាក់​ខ្យល់​ចេញ​ចូល ឧបករណ៍​បរិក្ខារពេទ្យ​ចាំបាច់​នានា ដែល​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ខុសគ្នា​ក្នុង​ស្ថានការណ៍​ស្លាប់​រស់» ។

លោក​បន្ថែម​ថា «វា​មិន​ពិបាក​ក្នុង​ការ​ផលិត​ម៉ាស់​ ឬឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​ឬ​ក៏​ប្រដាប់​ពាក់​ទេ ប៉ុន្តែ​អ្នក​ត្រូវការ​ក្រុមហ៊ុន​អោយ​ធ្វើ​វា» ។

លោក Trump បាន​និយាយ​ថា​នាវា​ពេទ្យ​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​ឈ្មោះ​ Mercy នឹង​ត្រូវ​បញ្ជូន​ទៅ​ស្រុក Los Angeles និង​នាវា​មួយ​គ្រឿង​ទៀត​ឈ្មោះ​ Comfort នឹង​ត្រូវ​បញ្ជូន​ទៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ដែល​ទំនង​ជា​ចូលចត​នៅ​កំពង់ផែ​ញូវយ៉ក។

ប្រធាន​ក្រុម​ការងារ​ទទួល​បន្ទុក​ជំងឺ​ឆ្លងកូវីដ​១៩​របស់​សេតវិមាន​គឺអនុប្រធានាធិបតី លោក Mike Pence បាន​មាន​ប្រសាសន៍​ថា​មន្ទីរពិសោធន៍​ពាណិជ្ជកម្ម​ទាំងអស់​នៅ​សហរដ្ឋអាមេរិក​ត្រូវតែ​ចាត់ទុក​ការ​ធ្វើ​តេស្ត​ពិនិត្យ​រកមើល​វីរុស​កូរ៉ូណា​ក្នុង​ខ្លួន​អ្នក​ជំងឺ​ជា​កិច្ចការ​អាទិភាព។

លោក Pence បាន​និយាយ​ថា​ពលរដ្ឋ​អាមេរិកាំង​ចំនួន ​២៥៤.០០០ នាក់​ហើយ ត្រូវ​បានធ្វើ​តេស្ត​រក​មេរោគ​កូវីដ​១៩​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ការ​ធ្វើ​តេស្ត​ថ្មី​មួយ​ដែល​អាច​បង្ហាញ​លទ្ធផល​បាន​ក្នុង​រយៈពេល​ប្រហែល ​៤៥ នាទីនឹង​ត្រូវ​បាន​ត្រៀម​រួចរាល់​នៅ​ចុង​សប្តាហ៍​ក្រោយ៕

XS
SM
MD
LG