អគ្គមេបញ្ជាការកំពូលនៃកងទ័ពសហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូងបានថ្លែងនៅអំឡុងពេលធ្វើសវនការរបស់ព្រឹទ្ធសភាកាលពីថ្ងៃអង្គារថា សមត្ថភាពកងទ័ពនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែមិនផ្លាស់ប្តូរ និងនៅតែជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តនានា។
បើទោះបីជារដ្ឋាភិបាលក្រុងព្យុងយ៉ាងបានចេញសេចក្តីថ្លែងការជាសាធារណៈអំពីការធ្វើមិនឲ្យមាននុយក្លេអ៊ែរក៏ដោយ ក៏លោកអគ្គមេបញ្ជាការ Robert Abrams ដែលជាមេបញ្ជាការដឹកនាំកងកម្លាំងសហរដ្ឋអាមេរិកប្រចាំកូរ៉េខាងត្បូងបានប្រាប់ទៅគណកម្មាធិការកិច្ចការយោធានៃព្រឹទ្ធសភាថា «គ្មានការផ្លាស់ប្តូរដែលអាចផ្ទៀងផ្ទាត់បានចំពោះសមត្ថភាពយោធាកូរ៉េខាងជើង»។
អត្ថាធិប្បាយនេះបានបញ្ជាក់អំពីការជាប់គាំងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងចាប់តាំងពីលោកប្រធានាធិបតី Donald Trump និងមេដឹកនាំ Kim Jong Un បានព្រមព្រៀងគ្នានៅអំឡុងពេលជំនួបកំពូលកាលពីខែមិថុនានៅប្រទេសសិង្ហបុរី ដើម្បីធ្វើការឈានទៅរកការរំលាយអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េទាំងមូល។ លោក Trump និងលោក Kim បានព្រមព្រៀងគ្នារៀបចំជំនួបកំពូលជាលើកទីពីរនៅចុងខែនេះនៅប្រទេសវៀតណាម។ មន្រ្តីសហរដ្ឋអាមេរិកបានថ្លែងថា ពួកគេរំពឹងថា នឹងមានដំណើរការវិវត្តន៍គួរឲ្យកត់សម្គាល់និងដែលអាចផ្ទៀងផ្ទាត់បាននៅក្នុងជំនួបកំពូលលើកនេះ។
លោក Abrams បានថ្លែងថា «ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំគឺថាការប្រកាសអំពីជំនួបកំពូលលើកទីពីរនេះគឺជាសញ្ញាវិជ្ជមាននៃការបន្តកិច្ចសន្ទនារជាមួយគ្នា»។
លោក Abrams បានគូសបញ្ជាក់បន្ថែមទៀតថា កូរ៉េខាងជើងមិនបានបាញ់សាកល្បងនុយក្លេអ៊ែរ និងកាំជ្រួញម៉ីស៊ីល៤៤០ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃចុងក្រោយនៃការបាញ់សាកល្បងរបស់ពួកគេ។ ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េមានសភាពធូរស្រាលជាងមុន»៕