គេបានឃើញសញ្ញានៃទំនាក់ទំនងប្រសើរឡើងរវាងនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe និងលោកស្រីប្រធានាធិបតី Park Geun Hye នៃប្រទេសកូរ៉េខាងត្បូង នៅពេលលោកទាំងពីរបានជួបគ្នាមួយស្របក់ខ្លីនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យ។
មេដឹកនាំទាំងពីរបានស្ថិតនៅក្នុងបុរីញូយ៉ក ដើម្បីចូលរួមសម័យប្រជុំរបស់អង្គការសហប្រជាជាតិលើកទី៧០។
យោងទៅតាមក្រុមមន្រ្តីមកពីរដ្ឋាភិបាលទីក្រុងតូក្យូ និងមន្រ្តីរដ្ឋាភិបាលទីក្រុងសេអ៊ូល លោកស្រី Parkនិងនាយករដ្ឋមន្រ្តី Abe បាននិយាយគ្នាមុនចូលរួមពិធីអាហារពេលថ្ងៃត្រង់ និងជំនួបស្តីពីការផ្លាស់ប្តូរអាកាសធាតុ។
ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុន មានភាពតានតឹងលើបញ្ហាអយុត្តិធម៌ប្រវត្តិសាស្រ្ត ដែលមិនទាន់បានដោះស្រាយ និងការព្រួយកង្វល់ថា ប្រទេសជប៉ុននៅក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី Abe បានព្យាយាមច្រានចោលឧក្រិដ្ឋកម្មសង្គ្រាមពីអតីតកាល។
លោកស្រីប្រធានាធិបតី Park ដែលបានចូលកាន់តំណែងនៅឆ្នាំ ២០១៣ បានបដិសេធពុំព្រមធ្វើជំនួបផ្លូវការជាមួយនាយករដ្ឋមន្រ្តីAbe រហូតទាល់តែលោក ធ្វើការសុំអភ័យទោសដោយស្មោះត្រង់ដល់ស្រ្តីរាប់ពាន់នៅក្នុងតំបន់អាស៊ីដែលគេដឹងថា ជាស្រ្តីបម្រើផ្លូវភេទ ដែលត្រូវបង្ខំឲ្យធ្វើជាស្រ្តីពេស្យាចារនៅក្នុងផ្ទះបនរបស់ក្រុមយោធាក្នុងការគ្រប់គ្រងអាណានិគមរបស់ជប៉ុនរហូតទាល់ពេលបញ្ចប់សង្គ្រាមលោកលើកទី២។
សេចក្តីអត្ថាធិប្បាយដោយពួកអ្នកជាតិនិយមជប៉ុននិយាយថា ស្រ្តីបម្រើផ្លូវភេទមិនបានត្រូវគេបង្ខំទេ ក៏ប៉ុន្តែបានចូលរួមក្នុងការធ្វើពេស្យាចារដោយស្ម័គ្រចិត្ត ដែលនេះបានធ្វើឲ្យមានការតវ៉ាប្រឆាំងជាសាធារណៈនៅក្នុងប្រទេសកូរ៉េខាងត្បូង និងចិន៕