ប្រជាជនជប៉ុនរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅជិតសភាក្នុងក្រុងតូក្យូកាលពីថ្ងៃអាទិត្យដើម្បីធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឲ្យពួកយោធាទៅប្រយុទ្ធនៅឯប្រទេសក្រៅជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
នៅក្នុងបាតុកម្មមួយក្នុងបណ្តាបាតុកម្មធំៗកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ហ្វូងមនុស្សបានស្រែកបន្ទរថា«កុំធ្វើសង្គ្រាម» និងថា «Abe ចុះចេញពីតំណែងទៅ» នៅពេលមានក្រុមប៉ូលិសមួយចំនួនខិតខំព្យាយាមថែរក្សារបៀបរៀបរយ។
បាតុកម្មនៅក្នុងក្រុងតូក្យូជាបាតុកម្មមួយក្នុងបណ្តាបាតុកម្មរាប់រយដែលបានត្រូវគ្រោងធ្វើនៅទូទាំងប្រទេសជប៉ុនប្រឆាំងនឹងគោលនយោបាយសន្តិសុខ និងគម្រោងរបស់លោកនាយករដ្ឋមន្ត្រី Shinzo Abe ក្នុងការកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមបន្ទាប់ពីសង្គ្រាមរបស់ប្រទេស ដែលដាក់កំហិតលើក្រុមយោធា។
កាលពីខែកក្កដាសភាជាន់ទាបរបស់ប្រទេសជប៉ុនបានអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនដែលនឹងអនុញ្ញាតឲ្យកងកម្លាំងស្វ័យការពាររបស់ប្រទេសចូលរួមក្នុងការប្រយុទ្ធដើម្បីការពារសម្ព័ន្ធមិត្តណាមួយដែលបានឋិតនៅក្រោមការវាយប្រហារ។
នៅពេលនេះសភាជាន់ខ្ពស់កំពុងជជែកដេញដោលគ្នាអំពីសេចក្តីពា្រងច្បាប់ទាំងនោះ ហើយគេរំពឹងថា សភានេះនឹងអនុម័តសេចក្តីព្រាងច្បាប់ទាំងនោះឲ្យទៅជាច្បាប់មិនហួសពីដំណាច់ខែកញ្ញាទេ។ តាមរយៈរដ្ឋធម្មនុញ្ញប្រទេសជប៉ុនអាចប្រើកម្លាំងតែក្នុងករណីយការពារខ្លួនប៉ុណ្ណោះ៕