ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នឹង​ធ្វើដំណើរ​ទៅ​កាន់​តំបន់​អាស៊ាន​រួម​ទាំង​កម្ពុជា ​ដើម្បី​បញ្ជាក់​ជំហរ​អាមេរិក​ចំពោះ​តំបន់


រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បក់​ដៃ​លា មុន​ពេល​លោក​ចូល​យន្តហោះ​ចាកពេញ​ពី​ប្រទេស​អាល់ហ្សេរី​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២។
រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បក់​ដៃ​លា មុន​ពេល​លោក​ចូល​យន្តហោះ​ចាកពេញ​ពី​ប្រទេស​អាល់ហ្សេរី​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២។

លោក​ Antony Blinken ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ដាក់​គម្រោង​ការ​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ជាច្រើន​ ដោយ​ចាប់ផ្តើម​ពី​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ចំនួន​ក្នុង​ក្របខណ្ឌ​អាស៊ាន​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។​ ដំណើរ​ទស្សនកិច្ច​នេះ​ស្រប​ពេល​ដែល​ភាព​តាន​តឹង​កំពុង​កើតមាន​ជាមួយ​ចិន​និង​រុស្ស៉ី​ លើ​បញ្ហា​ដែន​កោះ​តៃវ៉ាន់​និង​សង្រ្គាម​រុស្ស៉ី​នៅ​អ៊ុយក្រែន​ បញ្ហា​វិបត្តិ​នយោបាយ​ភូមា ​និង ​ការបញ្ជាក់​ពីការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ជាថ្មី​ចំពោះ​អាស៊ាន​និង​តំបន់។

លោក ​Blinken ​នឹង​ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចាប់ពី​ថ្ងៃ​ទី​២ ​ខែ​សីហា​ដល់​ថ្ងៃ​ទី១២ ខែ​សីហា ​ដោយ​ក្នុង​ធ្វើ​ដំណើរ​នោះ​មាន​ទៅ​កាន់​ប្រទេស​កម្ពុជា ​ហ្វីលីពីន ​អាហ្វ្រិកខាងត្បូង ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ និង​ ប្រទេស​រវ៉ាន់ដា។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​អាមេរិក ​ដែល​ចេញផ្សាយ​ឱ្យ​ដឹង​នៅ​ថ្ងៃសុក្រ​នេះ​ បាន​បញ្ជាក់​ថា ​លោក​រដ្ឋមន្ត្រី ​Antony Blinken ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ដំបូង​គេ​ចាប់​ពីថ្ងៃទី៣ ​ដល់​ថ្ងៃទី​៥ ខែសីហា​ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាមេរិក-អាស៊ាន ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ​និង កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថា៖ «នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នីមួយៗ​ លោក​រដ្ឋមន្ត្រី Blinken ​នឹង​បញ្ជាក់​ឡើងវិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​មជ្ឈភាព​អាស៊ាន ​និង ​ការអនុវត្ត​ដោយ​ជោគជ័យ​ចំពោះ​ចក្ខុវិស័យ​អាស៊ាន​អំពី​បញ្ហា​(ក្របខណ្ឌ​សេដ្ឋកិច្ច)​ឥណ្ឌូប៉ាស៊ីហ្វិក»។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថែមទៀត​ថា៖ «លោក​រដ្ឋមន្ត្រី ​នឹង​ដោះស្រាយ​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ​បញ្ហា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​បញ្ហា​វិបត្តិ(នយោបាយ)​ភូមា ​និង ​បញ្ហា​សង្គ្រាម​រុស្ស៉ី​នៅ​អ៊ុយ​ក្រែន​ផង​ដែរ»។

គេ​មិន​ទាន់​ដឹង​ថា តើ​លោក​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក ​Antony Blinken ​មាន​គម្រោង​ការ​ជួបប្រជុំ​ទ្វេភាគី​ ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៉ី​លោក Sergey Lavrov ​ដើម្បី​ដោះស្រាយ​អំពី​សង្គ្រាម​រុស្ស៉ី​នៅ​អ៊ុយក្រែន ​និង​ជួប​រដ្ឋមន្ត្រី​ការបរទេស​ចិន​ Wang Yi​ អំពី​បញ្ហា​តានតឹង​ក្នុង​តំបន់​ និង​ តៃវ៉ាន់ ​នៅ​ក្រៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​នៅឡើយ​ទេ ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក ​Joe Biden ​និង ​លោក​ប្រធានាធិបតី​ចិន​ Xi Jinping ​ជួបប្រជុំ​តាម​អនឡាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ។

តែ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​របស់​ក្រសួង​ការ​បរទេស​អាមេរិក​បាន​បញ្ជាក់​ថា​ លោក រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​Antony Blinken ​នឹង​គ្រោង​ជួបទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​និង លោក ​ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ដើម្បី​ពិភាក្សា​បញ្ហា​ទាក់ទង​នឹង​ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​អាស៊ាន ​និង ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ រវាង​អាមេរិក​និង​ប្រទេស​កម្ពុជា។

កម្ពុជា​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ និង ​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ខែ​វិច្ឆិកា​ ខាងមុខ ដែល​កម្ពុជា​ត្រូវ​ទទួល​ថ្នាក់​ប្រមុខ​រដ្ឋនៃ​ប្រទេស​ជាច្រើន​រួមទាំង​សហរដ្ឋ​អាមេរិក​ដែល​រំពឹងថា​នឹង​ចូលរួម​ដើម្បី​ពិភាក្សា​ពី​បញ្ហា​តំបន់ ​បញ្ហា​សាកល​ជាច្រើន​ដែល​កំពុង​ប្រឈម​ជាសកល​ ដូចជា​បញ្ហា​រាតត្បាត​ជំងឺកូវីដ​១៩ ​បញ្ហា​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ​បញ្ហា​សង្គ្រាម​រុស្សី​ឈ្លានពាន​អ៊ុយក្រែន ​បញ្ហា​សន្តិសុខ​តំបន់ ​បញ្ហា​ស្តារ​សេដ្ឋកិច្ច​ក្រោយ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ ១៩​ និង បញ្ហា​ស្តារ​ទំនាក់ទំនង​និង​ទំនុកចិត្ត​របស់​អាមេរិក​ចំពោះ​តំបន់​ឡើងវិញ​ជាដើម។

នៅក្នុង​សុន្ទរកថា​នៃ​កិច្ចប្រជុំ ​កំពូល​ពិសេសអាមេរិក-អាស៊ាន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​និង​នៅ​សេតវិមាន​ ចាប់​ពីថ្ងៃទី ​១២​ ដល់ ​១៣ ​ខែ​ឧសភា ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ​បាន​ហៅ​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ជាមួយ​បណ្តា​មេដឹកនាំ​ប្រទេស​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​ហៅ​កាត់​ថា​អាស៊ាន​ថា​ ជា​កំណត់ត្រា​លើ​ការ​បង្កើត​ «សករាជ​ថ្មី» មួយ​នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្លុក​អាស៊ីអាគ្នេយ៍​ទាំង ១០ ប្រទេស។ លោក Biden ​ក៏​បាន​មាន​ប្រសាសន៍​បន្ថែមថា៖ «កិច្ចការ​ជាច្រើន​នៃ​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក​យើង​នៅ​ក្នុង​រយៈពេល ៥០ ឆ្នាំ​ខាង​មុខ​នេះ នឹង​ត្រូវ​កត់ត្រា​នៅ​ក្នុង​ប្រទេស​អាស៊ាន​ ហើយ​ទំនាក់ទំនង​របស់​យើង​ជាមួយ​អ្នក គឺ​ជា​អនាគត ក្នុង​រយៈពេល​រាប់​ឆ្នាំ​និង​រាប់​ទសវត្សរ៍​ខាង​មុខ»។

កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​នេះ ជា​កំណត់ត្រា​នៃ​ការ​ជួបជុំ​គ្នា​ជា​ក្រុម​ជា​លើក​ដំបូង​របស់​មេដឹកនាំ​អាស៊ាន​នៅ​សេតវិមាន​ និង​ជា​កិច្ចប្រជុំ​ជួបមុខ​គ្នា​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ដែល​ត្រូវបាន​រៀបចំ​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បើ​គិតចាប់តាំង​ពី​ឆ្នាំ ២០១៦ មក។

រដ្ឋបាល​លោក Biden សង្ឃឹម​ថា កិច្ចប្រឹងប្រែង​នេះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅតែ​យក​ចិត្ត​ទុកដាក់​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​បញ្ហា​ប្រឈម​រយៈពេល​វែង​ពី​ប្រទេស​ចិន ដែល​ខ្លួន​ចាត់ទុក​ថា​ជា​ដៃ​គូ​ប្រជែង​ដ៏​សំខាន់​របស់​អាមេរិក ទោះ​បី​ជា​ក្នុង​អំឡុង​ពេល​ដែល​មាន​វិបត្តិ​នៅ​អ៊ុយក្រែន​ក្តី។

ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ជាថ្មី​ក្នុង​រដ្ឋបាល​លោក​ Biden ​សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​ការពិត​មួយ ​ដែល​ចេញផ្សាយ​នៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំកំពូល​នោះ ​សេតវិមាន​បាន​បញ្ជាក់​ពី​ការផ្តល់​ជំនួយ​ទ្វេភាគី​ទៅកាន់​តំបន់​អាស៊ាន​យ៉ាងតិច​៨០០​លាន​ដុល្លារ ​និង​ជំនួយ​សម្រាប់​ដោះ​ស្រាយ​ជំងឺ​កូវីដ ​មាន​ទឹកប្រាក់ ​១៥០លាន​ដុល្លារ​ទៀត ​ក្រៅពី​ជំនួយ​ផ្នែក​កិច្ច​សហប្រតិបត្តិការ​លំហ​សន្តិសុខ​សមុទ្រ​ បញ្ហា​អប់រំ ​គមនាគមន៍​ ដឹកជញ្ជូន​ ជាដើម​ ក្រៅ​ពីការ​បញ្ជាក់​ឡើង​វិញ​នូវ​ការប្តេជ្ញា​ចិត្ត​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​អាមេរិក-អាស៊ាន​ ក្នុង​ការធានា​សន្តិសុខ ​វិបុលភាព ​និង​ការគោរពសិទ្ធិមនុស្ស»។

ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ Antony Blinken​ ​ទៅកាន់​ប្រទេស​ហ្វីលីពីន​ធ្វើ​ឡើង​ក្រោយ​ពី​ប្រទេស​នេះ​ទើបមាន​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី។ រីឯ​ ដំណើរ​ទៅកាន់​ប្រទេស​អាហ្វ្រិក​ខាងត្បូង សាធារណរដ្ឋ ​កុងហ្គោ ​និង​ ប្រទេស​រវ៉ាន់ដា​ គឺ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​លើ​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​សន្តិសុខ ​លទ្ធិប្រជាធិបតេយ្យ ​សិទ្ធិមនុស្ស ​បញ្ហា​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូវីដ១៩​ជាដើម។ នេះ​បើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG