ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភាកម្ពុជា៖ ការ​សម្រេច​របស់​គណៈ​កម្មាធិការ​​ព្រឹទ្ធសភា​អាមេរិក​ជា «ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋអធិតេយ្យ»


រូបឯកសារ៖ ទង់ជាតិខ្មេរត្រូវបានដោតលើរបងលួសដែលប៉ូលិសបានដាក់បិទច្រកចូលអគាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងអំឡុងពេលបាតុកម្មមួយដែលធ្វើឡើងដោយកម្មកររោងចក្រទាមទារការដំឡើងប្រាក់ឈ្នួល នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៣។
រូបឯកសារ៖ ទង់ជាតិខ្មេរត្រូវបានដោតលើរបងលួសដែលប៉ូលិសបានដាក់បិទច្រកចូលអគាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងអំឡុងពេលបាតុកម្មមួយដែលធ្វើឡើងដោយកម្មកររោងចក្រទាមទារការដំឡើងប្រាក់ឈ្នួល នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៣។

ព្រឹទ្ធ​សភា​កម្ពុជា​បាន​ប្រកាស​ច្រាន​ចោលសេចក្តី​សម្រេច​ចិត្ត​របស់​គណៈកម្មាធិការ​ទំនាក់​ទំនង​ការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​ ដែល​បាន​ផ្តល់​ការ​យល់​ព្រម​លើ​សេចក្តីស្នើ​ច្បាប់ស្តីពី​លទិ្ធប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ ចុះថ្ងៃទី​ ២២​ ខែ​កក្កដា​ ឆ្នាំ​ ២០២២​ ព្រឹទ្ធសភា​កម្ពុជា​បាន​លើក​ឡើង​ថា​ ច្បាប់​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​កម្ពុជា​ ឆ្នាំ​ ២០២២​ (Cambodia Democracy and Human Rights Act of 2022) ឬ​ S.3052 ត្រូវបាន​អនុម័ត​ដោយ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភាអាមេរិក​ នា​ពេល​ថ្មី​ៗ​នេះ​ ត្រូវបាន​ធ្វើ​ឡើង​ ដោយ​ផ្អែក​លើ​ «ហេតុផល​ភូមិសាស្ត្រ​នយោបាយ​ ជាង​គុណ​តម្លៃ​សិទ្ធិ​មនុស្ស»។

ព្រឹទ្ធ​សភា​កម្ពុជា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​កាន់​អំណាច​ បាន​បង្ហាញ​ «ការ​ខក​ចិត្តយ៉ាងខ្លាំង» ហើយ​បដិ​សេធ​ទាំងស្រុង​ ចំពោះ​ខ្លឹមសារ​ដែល​មាន​លក្ខណៈ​លម្អៀង​ គ្មាន​មូលដ្ឋាន​ មាន​ការ​រើស​អើង និង​បាន​ទាត់​ចោល​ផងដែរ​ លើ​ប្រភព​ព័ត៌មាន​មិន​ច្បាស់​លាស់​របស់​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​ (Human Rights Watch) ដែល​បាន​រួមចំណែក​ដល់​ការអនុម័ត​សេចក្តីស្នើ​ច្បាប់​ខាងលើ​នេះ។ ព្រឹទ្ធ​សភា​ថែមទាំង​បាន​រិះគន់​ខ្លឹម​សារ​សេចក្តីស្នើ​ច្បាប់​នោះ ជុំវិញ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ផង​ដែរ។

សេចក្តីថ្លែង​ការណ៍​របស់​ព្រឹទ្ធ​សភា​កម្ពុជា​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «ការ​អះអាង​ដែល​ថា គ្មាន​ការ​បោះ​ឆ្នោត​ណាមួយ​នៅ​កម្ពុជា​ មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​ គឺ​ជា​ការ​បដិសេធ​ ទាំង​ស្រុង​ចំពោះ​ការពិត» ។

ព្រឹទ្ធ​សភា​កម្ពុជា​បាន​យោង​តាម​ក្រុម​អ្នក​សង្កេតការណ៍​របស់​សហរដ្ឋអាមេរិក​ដឹកនាំ​ដោយ​អតីត​សមាជិក​សភា​លោក​ Stephen J. Solarz ​ដែល​បាន​ពណ៌នា​ថា​ ការ​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ១៩៩៨​ គឺជា​ «អច្ឆរិយហេតុ​លើ​ដង​ទន្លេ​មេគង្គ»។ បន្ថែម​លើនេះ​ ព្រឹទ្ធសភា​កម្ពុជាអះអាងថា​ ការ​បោះឆ្នោត​បន្តបន្ទាប់​មក​ទៀត​ក៏​ត្រូវបាន​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរ​ជាតិ​រាប់ពាន់​នាក់​ បាន​វាយតម្លៃ​ថា​ មាន​លក្ខណៈ​សេរី យុត្តិធម៌។

ព្រឹទ្ធសភា​កម្ពុជា​បាន​ចាត់ទុក​វិធីសាស្ត្រ​ដែល​គណៈ​កម្មាធិការ​ព្រឹទ្ធសភា​អាមរិក​ប្រកាន់​យក​នោះ​ «គឺ​ជា​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិប​តេយ្យ​ និង​បង្ក​ឲ្យ​រាំងស្ទះ​ដល់​ការ​ថែរក្សា​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ»​របស់​កម្ពុជា។ ​

សេចក្តី​ស្នើ​ច្បាប់​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​កម្ពុជា​ ឆ្នាំ​ ២០២២​ ដែល​ត្រូវ​គេ​កំណត់​សម្គាល់​ថា​ S-3052 ត្រូវ​បាន​គណៈកម្មាធិការទំនាក់​ទំនង​ការបរទេសនៃ​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​កាល​ពី​ថ្ងៃអង្គារ​ទី​ ១៩​ ខែ​កក្កដា ​ឆ្នាំ​ ២០២២។

សេចក្តីស្នើ​ច្បាប់នេះត្រូវ​បាន​ស្នើឡើង​ដោយ​លោក​ Ed Markey ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិប​តេយ្យ​នៃ​រដ្ឋ​ Massachusetts ​កាលពី​ថ្ងៃទី​ ២១​ ខែតុលា​ ឆ្នាំ ២០២១។ សេចក្តី​ស្នើ​ច្បាប់​នេះ​មាន​គោល​បំណង​លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ ស្តារលទ្ធិ​ប្រជាធិបតេយ្យ​ សេរីភាព​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និងតម្រូវ​ឲ្យ​ដាក់​ទណ្ឌកម្ម​បុគ្គល​ទាំង​ឡាយ​ណា​ ដែល​រំលោភ​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ដោយ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក ហាម​ឃាត់​ទិដ្ឋាការ​មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​ និង​មិន​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ។

​អ្នកវិភាគ​នយោបាយ​លោក​ សេង​ សារី ប្រាប់​វីអូអេ​កាល​ពីថ្ងៃអាទិត្យ​ ទី ២៤ ខែ​កក្កដា​ថា​ ស្ថាប័ន​អំណាច​ទាំងបី​នៃ​រដ្ឋាភិបាល​ទី​ក្រុងភ្នំពេញ រួមមាន​នីតិប្រតិបត្តិ​ នីតិប្បញ្ញត្តិ​ និង​តុលាការ​ ជារឿយៗ​ច្រាន​ចោល​មតិ​រិះគន់​ទាំង​ទទឹង​ទិស​ ទាក់​ទិន​ការ​ដើរ​ធ្លាក់​ថយ​ក្រោយ​នៃ​នយោ​បាយ​សេរី​ពហុបក្ស​ និងបញ្ហាផ្សេង​ទៀត ហើយ​ថែម​ទាំងបាន​ចាត់​ទុក​មតិរិះគន់​ថា​ មាន​ចរិត​ប្រឆាំង។

​លោក​ថ្លែង​ថា​៖ «ការ​រំលាយ​គណបក្ស​សង្គ្រាះ​ជាតិ​ ដែល​ជា​គណបក្ស​ធំជាង​គេ​ តំណាង​រាស្ត្រទាំង​អស់​ត្រូវ​បាន​យក​មក​ចែក​គ្នា​ សមាជិក​ក្រុមប្រឹក្សា​ជាង​ ៥០០០ នាក់​ត្រូវបាន​យក​មក​ចែក​គ្នា... អានេះ វា​ជា​រឿង​មួយ​ដែល​ដើរ​ប្រាស​ចាក​គន្លង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ណាស់។ ហើយ​សឹង​តែ​មិន​ចាំ​បាច់​ទៅ​រិះគន់​អី​រឿង​ផ្សេង​ទេ​ គ្រាន់​តែ​រឿង​មួយ​ហ្នឹង​ យើង​អាច​ធ្វើ​ការ​បូកសរុបបាន​ ធ្វើការ​សន្និដ្ឋាន​បាន​ថា​ កម្ពុជា​ពិត​ជា​ងាក​ដើរ​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ»។

លោក​ សេង សារី បាន​អះអាង​បន្ថែម​ថា​ ជំនួយ​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍ​សម្រាប់​ប្រទេស​កម្ពុជា​ អាច​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​ស្ថានភាព​មិនប្រសើរ​ឡើង ក្នុង​វិស័យ​សិទ្ធិមនុស្ស​ និង​នយោបាយ ព្រោះ​ការ​ជួយ​គាំទ្រ​ពី​សហគមន៍​អន្តរ​ជាតិ​កន្លង​មក​ដល់កម្ពុជា​ គឺ​មិនមែន​ផ្អែកលើ​ហេតុផល​ថា​ កម្ពុជា​ក្រ ឬ​មាន​ទេ តែ​ដោយសារ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​សន្យា​ក្នុងកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ ថា​ នឹង​ធ្វើ​ឲ្យមាន​របប​នយោ​បាយ​មួយ​ដែល​ផ្តល់​តម្លៃលើ​ការបោះឆ្នោត​ និង​ការ​គោរព​សិទ្ធិមនុស្ស។​

វីអូអេ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ លោក​ ម៉ម ប៊ុននាង​ តាម​ទូរស័ព្ទ​បាន​ទេ​ កាល​ពីថ្ងៃ​អាទិត្យ ទី ២៤ ខែ​កក្កដា​នេះ។

នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក​ អំ សំអាត​ យល់​ថា​ សេចក្តី​ស្នើច្បាប់​ដែល​ទើប​តែ​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​ទំនាក់​ទំនងបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​ អាច​នឹង​បើក​ផ្លូវ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ទៀត​លើ​មន្ត្រី​ ឬបុគ្គល​កម្ពុជា​រូប​ណា​ ដែល​អាមេរិក​កត់​សម្គាល់​ថា​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បើ​សិន​សេចក្តី​ស្នើ​ច្បាប់​នេះ​បាន​ក្លាយ​ជា​ច្បាប់។

ដោយឡែក​នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​លោក Phil Robertson បានប្រតិកម្ម​ទៅ​នឹង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ព្រឹទ្ធ​សភា​កម្ពុជា ថា​ ជា​រឿង​គួរឲ្យ​អស់​សំណើច និង​បានផ្តល់​ការ​ពន្យល់​ថា​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​មាន​កំណត់​ត្រាជាច្រើននៃ​ការ​ស្រាវជ្រាវ និង​ការ​បោះពុម្ព​ផ្សាយ​របាយ​ការណ៍​នានា ដោយ​ផ្អែក​លើ​ការពិត​ និង​ដែល​បាន​បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ និង​ទី​កន្លែង​ដទៃ​ទៀត។

លោក​ Roberson បាន​សរសេរ​នៅ​លើ​បណ្តាញ Twitter ក្នុង​ខ្លឹមសារ​ដើម​ថា៖ «យើង​មានកេរ្តិ៍​ឈ្មោះ​ជា​លក្ខណៈ​អន្តរជាតិ​ចំពោះ​ការ​និយាយ​ការពិត​អំពី​កា​ររំលោភ​សិទ្ធិ​មនុស្ស។ ​មិនដូច​ព្រឹទ្ធសភា​កម្ពុជា​ទេ​ ដែល​មាន​សមាសភាព​នៃបក្ខពួក​ដែល​ស្និទ្ធនឹង​របប​បច្ចុប្បន្ន​ និង​កំពុង​កាន់​តួនាទី​ ដែលទទួល​បាន​ផលប្រយោជន៍​ពីការធ្វើ​ការងារ​តិចតួច​ ឬ​មិនចាំបាច់​ធ្វើ​អ្វី​សោះ ហើយ​ចាំ​តែ​ធ្វើ​ទៅតាម​អ្វីក៏ដោយ​ ឲ្យ​តែ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច​ប្រាប់ឲ្យ​ធ្វើ​តែ​ប៉ុណ្ណោះ»។

បើ​តាម​ខ្លឹម​សារ​នៃ​សេចក្តីស្នើ​ច្បាប់​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​កម្ពុជា​ ឆ្នាំ​ ២០២២ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ក៏ត្រូវបាន​ស្នើ​ឲ្យ​តាម​ដាន​ពិនិត្យ​មើល​សកម្មភាព​របស់​យោធា​ចិន​នៅ​កម្ពុជា​ផងដែរ​ ក្នុងនោះ​មាន​ការ​សាង​សង់​ពង្រីក​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ​ និង​នៅ​អាកាស​យានដ្ឋាន​តារាសាគរ​ នៅ​ក្នុង​ខេត្ត​កោះ​កុង។ ការណ៍​នេះ​ដោយសារ​អ្នក​តាក់តែង​ច្បាប់​បារម្ភ​ថា​ វា​អាច​នឹង​មាន​ផលប៉ះពាល់​ដល់​ផល​ប្រយោជន៍​សម្ព័ន្ធ​មិត្ត​និង​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់៕

XS
SM
MD
LG