ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​នឹង​បំពេញ​ទស្សនកិច្ច​៣​ប្រទេស​ដើម្បី​ចរចា​បញ្ហា​នយោបាយ


រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក John Kerry ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​វីយែន (Vienna) ប្រទេស​អូទ្រីស (Austria) កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក John Kerry នឹង​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​មួយដែល​ត្រូវ​ឆ្លង​កាត់​ប្រទេស​ចំនួន​៣ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ដំណើរ​ទស្សនកិច្ច​នេះ​នឹង​រួម​បញ្ចូល​ការ​ចរចា​ជុំ​ទី២​ស្តី​ពី​អនាគត​នយោបាយ​នៅ​ប្រទេស​ស៊ីរី និង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ទីនោះ។

កិច្ច​ប្រជុំ​នៅក្នុង​ប្រទេស​អូទ្រីស (Austria) ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចរចា​បឋមៗ​កាល​ពី​ចុង​ខែ​តុលា អំពី​ភាព​វឹកវរ​នយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ឧបរដ្ឋ​មន្រ្តី​ការបរទេស​ស៊ីរី លោក Faisal Mekdad និយាយ​ថា ប្រទេស​ដែល​ពាក់ព័ន្ធ​នៅក្នុង​ការ​ចរចា​នៅ​ប្រទេស​អូទ្រីស​នោះ​គួរតែ​មាន​គោលដៅ​ជាក់លាក់។

ប៉ុន្តែ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ជាច្រើន​ទៀត ដោយ​រួម​ទាំង​តួកគី​ផង​និយាយ​ថា ប្រធានាធិបតី​ស៊ីរី លោក Bashar al-Assad មិន​អាច​ស្ថិត​នៅក្នុង​តំណែង​បាន​ទេ ខណៈ​ដែល​ប្រទេស​រុស្សី នៅ​តែ​បន្ត​ជំទាស់​ការ​ផ្លាស់ប្តូរ​ណា​មួយ​នៅក្នុង​ថ្នាក់​ដឹកនាំ​ប្រទេស​ស៊ីរី។

កាលពី​ពេល​ថ្មីៗ​នេះ ប្រទេស​រុស្សី​បាន​ប្រកាស​មិន​យល់ព្រម​ចំពោះ​ផែនការ​របស់​អាមេរិក​ក្នុង​ការ​បញ្ជូន​ទ័ព​ថ្មើរ​ជើង​ទៅ​កាន់​ប្រទេស​ស៊ីរី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នោះ​ទេ ដោយ​រុស្សី​បាន​ចោទ​ប្រកាន់​អាមេរិក​ថា​ បាន​បង្កើត​សង្គ្រាម​ពី​ចម្ងាយ​ជាមួយ​រុស្សី។

មុន​ពេល​លោក Kerry ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូទ្រីស​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នៅ​ស៊ីរី​នោះ លោក​នឹង​ចុះចត​នៅ​ប្រទេស​ទុយនីស៊ី (Tunisia) សិន​ដែល​នៅ​ទីនោះ ​លោក​នឹង​ជួប​ជាមួយ​មន្ត្រី​នានា​សម្រាប់​កិច្ច​ប្រជុំ​យុទ្ធសាស្ត្រ​អាមេរិក​និង​ទុយនីស៊ី។

លោក Kerry នឹង​បញ្ចប់​ទស្សនកិច្ច​៣​ប្រទេស​របស់​លោក​នៅ​ទីក្រុង Antalya ប្រទេស​តួកគី ដែល​នៅ​ទីនោះ លោក​នឹង​ចូលរួម​ជាមួយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា សម្រាប់​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ជាងគេ​លើ​លោក ឬ​ហៅថា​ G-20​ នោះ៕

XS
SM
MD
LG