រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ចប់ទស្សនកិច្ចរបស់លោកនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងកិច្ចសន្ទនានានាជាមួយយុវជនកម្ពុជា និងជាមួយមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ផងដែរ។
នៅរាជធានីភ្នំពេញ លោក Blinken បានចូលរួមកិច្ចប្រជុំកំពូលរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលពិភាក្សាអំពីបញ្ហាប្រឈមក្នុងតំបន់និងសាកលលោក ដូចជាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជម្លោះរុស្ស៊ីនិងអ៊ុយក្រែន ភាពតានតឹងរវាងចិននិងកោះតៃវ៉ាន់ វិបត្តិជំងឺកូវីដ១៩ បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងវិបត្តិស្បៀងអាហារជាដើម។
ពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានប្រកាសពីគម្រោងថ្មីមួយជាទឹកប្រាក់ ២៥ លានដុល្លារ ដែលនឹងជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា ក្រោមកិច្ចការដឹកនាំរបស់ទីភ្នាក់ងារជំនួយអភិវឌ្ឍ USAID ប្រចាំកម្ពុជា។ បន្ថែមលើនេះ លោក Blinken ក៏បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកម្ពុជានៅថ្ងៃុសុក្រថា លោកពិតជាជាប់ចិត្តភាពរួសរាយរាក់ទាក់ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា ដែលបានស្វាគមន៍រូបលោកនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក មកកាន់ប្រទេសកម្ពុជា។
លោក Blinken ជាប្រមុខការទូតអាមេរិកជាន់ខ្ពស់ដំបូងគេនៅក្នុងរដ្ឋបាលប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០២២ នេះ បន្ទាប់ពីលោក John Kerry អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកក្រោមរដ្ឋបាលប្រធានាធិបតីលោក Barack Obama ដែលបានមកកម្ពុជា កាលពីឆ្នាំ ២០១៦៕