ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​មើល​ឃើញ​ថា ទ្វីប​អាហ្វ្រិក​គឺ​ជា​សមរភូមិ​សម្រាប់​ដណ្ដើម​ឥទ្ធិពល


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​អញ្ជើញ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Lanseria ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​អញ្ជើញ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Lanseria ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២។

ប្រមុខ​ការទូត​កំពូល​សហរដ្ឋ​អាមេរិក លោក Antony Blinken កំពុង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​ ក្នុង​រយៈ​ពេល​មិន​ដល់​ ១​ ឆ្នាំ​ផង​បន្ទាប់​ពី​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០២១។ ការ​បញ្ជាក់​ពី​តួនាទី​យុទ្ធសាស្ត្រ​នៃ​ភូមិសាស្ត្រ​នយោបាយ​សម្រាប់​ទ្វីប​អាហ្វ្រិក​ គឺ​ជា​គោលដៅ​មួយក្នុង​ចំណោម​គោលដៅ​ចម្បងៗ​របស់​លោក Blinken ក្នុង​អំឡុង​ពេល​លោក​ស្ថិត​នៅ​ទ្វីប​នេះ​រយៈ​ពេល​ ៥ ថ្ងៃ​ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី​លោក ​Sergey Lavrov បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ទ្វីប​នេះ​ដែរ។ អ្នក​ជំនាញ​ផ្នែក​គោល​នយោបាយ​ការបរទេស​នៅ​ទ្វីប​អាហ្វ្រិក ដូចជា​លោក​សាស្ត្រាចារ្យ Noah Midamba និយាយ​ថា ទស្សនកិច្ច​ទាំង​នេះ​បង្ហាញ​សញ្ញាពី​ការប្រកួត​ប្រជែង​ថ្មី​មួយ​អំពី​ឧត្តមភាព​នៅ​ទ្វីប​អាហ្វ្រិក។

លោក​ថ្លែង​ដូច្នេះ​ថា៖ «វា​ជា​សេណារីយ៉ូ​នៃ​ល្បែង​អុក​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ ដូច​អ្វី​ដែល​អ្នក​ឃើញ​កំពុង​កើត​ឡើង​ជាមួយ​រុស្ស៊ី។ អំណាច​របស់​រុស្ស៊ី​បាន​បាត់បង់​ដោយ​សារ​តែ​សង្គ្រាម​នៅ​អ៊ុយក្រែន។ រុស្ស៊ី​ត្រូវ​បាន​បន្ទាប​តម្លៃ ដូច្នេះ​ អ្វី​ដែល​នៅ​សេស​សល់​គឺ​អំណាច​ដ៏​ធំ​ដែល​ស្ថិត​នៅ​លើ​ថាមពល​នុយក្លេអ៊ែរ​បែប​យុទ្ធសាស្ត្រ។ សហរដ្ឋ​អាមេរិក​ហាក់​ដូចជា​មាន​ប្រតិកម្ម​ទៅ​នឹង​អ្វី​ដែល​រុស្ស៊ី និង​ចិន​កំពុង​ធ្វើ»។

លោក Midamba ថ្លែង​បន្ត​ទៀត​ថា យុទ្ធសាស្ត្រ​ដ៏​គឃ្លើន​របស់​ចិន​ទៅ​លើ​ទ្វីប​អាហ្វ្រិក​ តាម​រយៈ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​អភិវឌ្ឍ​ទ្វីប​នេះ បាន​បង្កើត​ឲ្យ​មាន​បំណុល​ដ៏​ធំ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​ប្រជែង​ជាមួយ​លោក​ខាង​លិច និង រុស្ស៊ី។

ការ​ឈ្លានពាន​របស់​វិមាន​ក្រឹម​ឡាំង​ទៅ​លើ​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ទ្វីប​អាហ្វ្រិក។ លោក Wohoro Ndhoho ដែល​ជា​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​បាន​យល់​ស្រប​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​និយាយ​ថា សង្គ្រាម​បាន​បង្ក​ឲ្យ​តម្លៃ​ប្រេង និង​អាហារ​នាំ​ចូល​ឡើង​ថ្លៃ ដូចជា​ស្រូវ​សាលី​ជាដើម។ ប៉ុន្តែ​ ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក​មិន​បាន​ថ្កោល​ទោស​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទេ។ ក្នុង​អំឡុង​ពេល​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ កាល​ពី​ខែ​មីនា ប្រទេស​ចំនួន ២៥ បាន​រក្សា​ជំហរ​អនុបវាទ ដោយ​មិន​បោះ​ឆ្នោត​ថ្កោល​ទោស​សកម្មភាព​របស់​រុស្ស៊ី​នោះ​ទេ។ លោក Wohoro Ndhoho ថ្លែង​ថា៖

«ខ្ញុំ​ឃើញ​មាន​ប្រតិកម្ម​តបត​រួម​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ផង​ដែរ​ ដើម្បី​បន្ត​កាត់​ផ្ដាច់​ប្រទេស​រុស្ស៊ី​ និង​ឥទ្ធិពល​រដ្ឋ​រុស្ស៊ី​ចេញ​ពីទ្វីប​នេះ។ រុស្ស៊ីទទួល​បាន​ជោគ​ជ័យ​គួរ​សម​ក្នុង​ការ​ប្រមូល​ផ្ដុំ​គំនិត​គាំទ្រ សម្រាប់​ការ​អំពាវនាវ​របស់​ពួក​គេ ជាពិសេស​នៅ​ទ្វីប​អាហ្វ្រិក ដូច្នេះ បញ្ហា​ជា​រួម​ពាក់​ព័ន្ធ​នឹង​តម្លៃ​អាហារ ក៏ដូចជា​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ការ​ផ្ដាច់​ការ​ផ្គត់ផ្គង់​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​ ពិត​ណាស់​វា​មាន​ផល​ប៉ះពាល់​ភ្លាមៗ​ទៅ​លើ​ប្រទេស​មួយ​ចំនួន»។

ជាមួយ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​កាល​ពី​ថ្ងៃ​អាទិត្យ ទី ៧ ខែ​សីហា​នេះ​ អ្នក​វិភាគ​និយាយ​ថា សហរដ្ឋ​អាមេរិក​គួរ​តែ​ពិនិត្យ​ឡើង​វិញ​នូវ​យុទ្ធសាស្ត្ររបស់​ខ្លួន​ក្នុង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ទ្វីប​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​លំដាប់​ទី២​នៅ​លើ​ពិភព​លោក​មួយ​នេះ ដើម្បី​ធ្វើ​ឲ្យ​ភាព​ជា​ដៃគូ​មាន​ភាព​រឹង​មាំ​កាន់​តែ​ខ្លាំង​ឡើង។ លោក​សាស្ត្រាចារ្យ Noah Midamba បាន​ពន្យល់យ៉ាង​ដូច្នេះ​ថា៖

«ទ្វីប​អាហ្វ្រិក​ត្រូវ​ការ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ច្បាស់​លាស់​មួយ​នៅ​ក្នុង​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក មិនថា​លើ​បញ្ហា​បំណុល និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទាំងនៅ​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី និង​ពហុភាគី។ សហរដ្ឋ​អាមេរិក​មាន​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ប្រទេស​អ៊ីស្រាអែល។ អ៊ីស្រាអែល​អាច​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដូច​បច្ចុប្បន្ន​នេះ​បាន​ ក៏​ដោយសារ​តែ​សហរដ្ឋ​អាមេរិក​ដែរ»។ សហរដ្ឋ​អាមេរិក​ក៏​មាន​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ប្រទេស​កូរ៉េខាងត្បូង ហើយ​កូរ៉េខាងត្បូង​អាច​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដូច​បច្ចុប្បន្ន​នេះ​បាន​ ក៏​ដោយសារ​តែ​សហរដ្ឋ​អាមេរិក​ដែរ»។

អ្នក​វិភាគ​និយាយ​ថា ចំណាប់​អារម្មណ៍​ជា​ថ្មី​របស់​រុស្ស៊ី​ទៅ​លើ​ទ្វីប​អាហ្វ្រិក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាស់​របស់​ខ្លួន​គឺ​ជា​សញ្ញា​នៃ​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​មួយ​ បន្ទាប​ពី​ពួក​គេ​បាន​បង្កើត​មិត្តភាព​អស់​រយៈ​ពេល​ ៥០ ឆ្នាំ​មក​ នៅ​ពេល​ដែល​សហភាព​សូវៀត​បាន​គាំទ្រ​អាហ្វ្រិក​ដើម្បី​បញ្ចប់​ការ​គ្រប់គ្រង​តាម​បែប​អាណានិគម បើ​ទោះបីជា​បច្ចុប្បន្ន​នេះ​នៅ​តែ​មាន​វត្តមាន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​នៅ​ទ្វីប​នេះ​ក៏ដោយ។ ទាំង​អស់​នេះ​គឺ​ជា​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ថា​នឹង​ប្រជែង​ជាមួយ​នឹង​រុស្ស៊ីនៅ​ទ្វីប​អាហ្វ្រិក៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG