ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ធ្វើ​ទស្សនកិច្ច​ភ្ញាក់ផ្អើល​ទៅ​អ៊ុយក្រែន


រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin ត្រូវបានស្វាគមន៍នៅពេល​លោក​ទៅ​ដល់​ទីក្រុង​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin ត្រូវបានស្វាគមន៍នៅពេល​លោក​ទៅ​ដល់​ទីក្រុង​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ធ្វើ​ទស្សនកិច្ច​ដោយ​មិន​ប្រកាស​ជា​មុន​ទៅកាន់​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​បង្ហាញ​ដោយ​បើក​ចំហ​នូវ​សាមគ្គីភាព​របស់​ក្រុម​បស្ចិម​ប្រទេស​នៅ​ក្នុង​ការ​ធានា​ចំពោះ​ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​ថា ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​សិទ្ធិ​របស់​អ៊ុយក្រែន​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

លោក Austin ត្រូវ​បាន​ទទួល​ស្វាគមន៍​នៅ​ឯ​ស្ថានីយ៍​រថភ្លើង​ក្នុង​ទីក្រុង​កៀវ​ដោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​អ្នកស្រី Bridget Brink និង​អនុព័ន្ធ​យោធា​លោក​ឧត្តមសេនីយ៍​ត្រី Kipling Kahler និង​រួម​ដំណើរ​ដោយ​នាយ​ឧត្តមសេនីយ៍​យោធា​សហរដ្ឋ​អាមេរិក​លោក Christopher Cavoli ដែល​បម្រើការ​ជា​មេបញ្ជាការ​សម្ព័ន្ធមិត្ត​កំពូល​នៃ​អង្គការ​អូតង់ (NATO) និង​ជា​ប្រធាន​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ទ្វីប​អឺរ៉ុប។

មន្ត្រី​ផ្នែក​ការពារ​កំពូលៗ​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា លោក Austin បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​កៀវ​ដើម្បី​ពិភាក្សា​អំពី​ការ​ប្រយុទ្ធ​នៅ​រដូវ​រងា​ដែល​នឹង​ចូល​មក​ដល់​ឆាប់ៗ​ខាង​មុខ​ និង​ដើម្បី​ធ្វើ​ផែនការ​សម្រាប់​ជំនួយ​ផ្នែក​សន្តិសុខ​នា​ពេល​អនាគត។

មន្ត្រី​ផ្នែក​ការពារ​កំពូល​មួយ​រូប​ដែល​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ក្ដី​បារម្ភ​ផ្នែក​សន្តិសុខ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក Austin នេះ បាន​និយាយ​ថា៖ «យើង​កំពុង​បន្ត​ផ្ដល់​ជំនួយ​ផ្នែក​សន្តិសុខ​ជា​បន្តបន្ទាប់​ដោយ​ទៀងទាត់ ហើយ​យើង​គ្រោង​នឹង​ធ្វើ​ឱ្យ​បាន​ដូច្នេះ​នៅ​ពេញ​រដូវ​រងា​ខាង​មុខ»។

នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​លោក Austin តាំង​ពី​ខែ​មេសា​ឆ្នាំ ២០២២ មក។ ដំណើរ​ទស្សនកិច្ច​លើក​នេះ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​មន្ត្រី​អ៊ុយក្រែន​និង​មន្ត្រី​បស្ចិម​ប្រទេស​យល់​ថា​នៅ​ពេល​រដូវ​រងា​ចាប់ផ្ដើម ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​បន្ត​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ការ​វាយ​ប្រហារ​សំដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ដូច​ដែល​លោក​បាន​ធ្វើ​កាលពី​រដូវ​រងា​ឆ្នាំ​មុន​ដោយ​ធ្វើ​ឱ្យ​ពលរដ្ឋ​អ៊ុយក្រែន​ជា​ច្រើន​គ្មាន​ថាមពល​ប្រើប្រាស់​នៅ​ក្នុង​ពេល​ត្រជាក់​ខ្លាំង​បំផុត​មួយ​ចំនួន​នៅ​ពេល​នោះ។

មន្ត្រី​ផ្នែក​ការពារ​កំពូល​មួយ​រូប​ទៀត​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​បាន​ប្រាប់​អ្នក​កាសែត​ដែល​ធ្វើ​ដំណើរ​ជាមួយ​នឹង​លោក Ausitn ថា៖ «សមត្ថភាព​សំខាន់​បំផុត​មួយ​នៅ​ក្នុង​រដូវ​រងា​ឆ្នាំ​នេះ​គឺ​ការ​ការពារ​ដែន​អាកាស។ កន្លង​មក យើង​បាន​បង្កើន​សព្វាវុធ​ផ្នែក​ការពារ​ដែន​អាកាស [ដល់​អ៊ុយក្រែន] ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា​តម្រូវការ​លែង​មាន​នៅ​ពេល​នេះ​និង​នៅ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នោះ​ទេ»។
យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី​បាន​វាយប្រហារ​លើ​ទីក្រុង​កៀវ ហើយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy​ បាន​ប្រកាស​ពី​ការផ្លាស់ប្តូរ​នៅក្នុង​ការតែងតាំង​មន្ត្រី​យោធា។

នៅក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃអាទិត្យ​ លោក ​Zelenskyy​ បាន​ថ្លែង​ពី​ការតែងតាំងមេដឹកនាំ​ថ្មី​នៃ​បញ្ជាការ​វេជ្ជសាស្រ្ត​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​បង្កើត​ «កម្រិត​ថ្មី​ជា​មូលដ្ឋាន​នៃ​ការគាំទ្រ​ផ្នែក​វេជ្ជសាស្រ្ត​សម្រាប់​យោធា»៕

XS
SM
MD
LG