រូបភាពពីផ្កាយរណបបានបង្ហាញពីការចម្រើនទៅមុខនៃការសាងសង់រោងចក្រដ៏ធំមួយក្នុងប្រទេសរុស្ស៊ី ដែលនឹងផលិតយន្តហោះដ្រូន kamikaze ដែលរចនាឡើងដោយប្រទេសអ៊ីរ៉ង់ ដែលរដ្ឋាភិបាលក្រុងមូស្គូរំពឹងថានឹងធ្វើជាឧបករណ៍វាយប្រហារទៅលើគោលដៅថាមពលនានារបស់អ៊ុយក្រែន។ នេះបើតាមអង្គការស្រាវជ្រាវមួយ ដែលបាននិយាយនៅថ្ងៃចន្ទម្សិលមិញ ហើយត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters ស្រង់ផ្សាយបន្ត។
បើទោះបីជាការសាងសង់នេះមានការចម្រើនទៅមុខយ៉ាងណាក្តី ក៏ទាំងសហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន មិនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន JSC Alabuga ដែលជាម្ចាស់កម្មសិទ្ធនៃរោងចក្រកំពុងដំណើរការសាងសង់នេះ ឬក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនោះឡើយ។ នេះបើតាមការឱ្យដឹងពីវិទ្យាស្ថានវិទ្យាសាស្ត្រនិងរបាយការណ៍សន្តិសុខអន្តរជាតិ។
សេតវិមានអាមេរិក ស្ថានទូតរុស្ស៊ីក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងស្ថានបេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ មិនបានឆ្លើយតបភ្លាមៗលើការស្នើសុំធ្វើអត្ថាធិប្បាយនោះឡើយ។
របាយការណ៍បានឱ្យដឹងថា រូបភាពពីផ្កាយរណបកាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅបានបង្ហាញថា ការសាងសង់ថ្មីៗនៅទីតាំងរោងចក្រនោះដូចគ្នានឹងប្លង់អគាមួយដែលមានការបែកធ្លាយ ហើយដែលកាសែត Washington Post បានផ្តល់ដល់វិទ្យាស្ថានកាលពីពេលកន្លងទៅក្នុងឆ្នាំនេះ។
រូបភាពតាមផ្កាយរណបក៏បានបង្ហាញពីសំណង់ផ្សេងៗមួយចំនួនទៀត ក៏ដូចជាប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខថ្មីៗនៅក្នុងបរិវេណរោងចក្រនោះផងដែរ។ នេះបើតាមការលើកឡើងរបស់របាយការណ៍នេះ។ រោងចក្រនេះ មានចម្ងាយប្រមាណ៨០០គីឡូម៉ែត្រភាគខាងកើតរដ្ឋធានីមូស្គូ ក្នុងសាធារណរដ្ឋTartarstan នៃសហព័ន្ធរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យកន្លងទៅ បានព្រមានប្រទេសរបស់លោកឱ្យត្រៀមខ្លួនចំពោះការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលនានារបស់ខ្លួន៕