ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា អ៊ុយក្រែន «មិន​អាច​បន្ត​ឱ្យ​មាន​ភាព​ជាប់​គាំង​ណា​មួយ​បាន​ទេ» នៅ​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី


ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ស្វាគមន៍រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក David Cameron ក្នុងកិច្ចប្រជុំមួយនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (Ukrainian Presidential Press Service/Handout via REUTERS)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ស្វាគមន៍រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក David Cameron ក្នុងកិច្ចប្រជុំមួយនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (Ukrainian Presidential Press Service/Handout via REUTERS)

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ព្រមាន​ថា ភាព​ជាប់​គាំង​នៅ​ក្នុង​សង្គ្រាម​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី​នឹង​បង្កើត​ឱ្យ​មាន​ «ភ្នំ​ភ្លើង​ដែល​សំងំ​ ប៉ុន្តែ​ប្រាកដ​ជា​នឹង​ងើប​ឡើង​ជា​មិន​ខាន»។

លោក Zelenskyy បាន​ប្រាប់​អ្នក​កាសែត​អាហ្វ្រិក​នៅ​ក្នុង​ទីក្រុង​កៀវ​កាលពី​ថ្ងៃ​ពុធ​ថា៖ «យើង​មិន​អាច​បន្ត​ឱ្យ​មាន​ភាព​ជាប់​គាំង​ណា​មួយ​បាន​ទេ។ ប្រសិនបើ​យើង​ចង់​បញ្ចប់​សង្គ្រាម យើង​ត្រូវតែ​បញ្ចប់​វា ហើយ​បញ្ចប់​វា​ដោយ​ការ​គោរព ដូច្នេះ​ពិភពលោក​ទាំង​មូល​ដឹង​ថា​នរណា​ដែល​ចូល​ឈ្លានពាន​ ​ចាប់​ខ្លួន ​និងសម្លាប់មនុស្ស​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ»។

បើ​យោង​តាម​ប្រធានាធិបតី​អ៊ុយក្រែន ប្រសិនបើ​សង្គ្រាម​ជាប់​គាំង ពលរដ្ឋ​អ៊ុយក្រែន​ជំនាន់​ក្រោយ​នឹង​ត្រូវ​ប្រយុទ្ធ ដោយសារតែ​រុស្ស៊ី «នឹង​មក​ម្ដង​ទៀត ប្រសិនបើ​ខ្លួន​មិន​ទទួល​បាន​ជោគជ័យ​លើក​នេះ»។

ការ​លើកឡើង​របស់​លោក Zelenskyy នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ពីរ​សប្ដាហ៍​ក្រោយ​មក​បន្ទាប់ពី​លោក​នាយឧត្តមសេនីយ៍ Valery Zaluzhny ដែល​ជា​អគ្គ​មេបញ្ជាការ​យោធា​អ៊ុយក្រែន បាន​ប្រាប់​ទស្សនាវដ្ដី The Economist ថា ​សង្គ្រាម​ «បាន​ឈាន​ដល់​កម្រិត​បច្ចេកវិទ្យា​ដែល​ធ្វើ​ឱ្យ​យើង​ធ្លាក់​ចូល​ក្នុង​ភាព​ជាប់​គាំង»។

លោក Zelenskyy បាន​ទទួល​ស្គាល់​ថា ស្ថានការណ៍​នៅ​សមរភូមិ​នៅតែ​លំបាក​ខ្លាំង ប៉ុន្តែ​បាន​និយាយ​ថា​លោក​មិន​ជឿ​ថា​សង្គ្រាម​នេះ​បាន​ឈាន​ដល់​ភាព​ជាប់​គាំង​នោះ​ទេ។ លោក​បាន​សង្កត់​ធ្ងន់​ថា អ៊ុយក្រែន​នឹង​មិន​ចរចា​ជាមួយ​រុស្ស៊ី​នោះ​ឡើយ​រហូត​ទាល់តែ​រុស្ស៊ី​ដក​ចេញ​ទាំងស្រុង​ពី​ដែនដី​អ៊ុយក្រែន។​

រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក David Cameron ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​ក្នុង​ដំណើរ​ទៅក្រៅ​ប្រទេស​ជាលើក​ដំបូង​របស់​លោក​ក្នុង​ការងារ​ថ្មី​ ហើយ​បាន​សន្យា​ថា​នឹង​បន្តផ្តល់​ការគាំទ្រ​ផ្នែក​យោធា​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​សង្រ្គាម​របស់​អ៊ុយក្រែន​ តាម​ត្រូវការ​ទោះ​ជា​យូរ​ដល់​ពេល​ណា​ក៏ដោយ៕​

XS
SM
MD
LG