ពួកអ្នករៀបចំផែនការខាងយោធា និងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងសរសើរការវាយប្រហារតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិកទៅលើឃ្លាំងអាវុធគីមីស៊ីរីថាជាការជោគជ័យទាំងស្រុង ដោយកាំជ្រួចមីស៊ីលបានបាញ់ត្រូវចំទីដៅ។
សហរដ្ឋអាមេរិក បារាំងនិងចក្រភពអង់គ្លេសបានចាប់ផ្តើមធ្វើការវាយប្រហារកាលពីព្រឹកថ្ងៃសៅរ៍ ដោយបានបាញ់កាំជ្រួចមីស៊ីលចំនួន១០៥ដើមលើឃ្លាំងអាវុធគីមីស៊ីរីចំនួន៣កន្លែង មួយកន្លែងនៅក្នុងរដ្ឋធានីដាម៉ាស ហើយនិង២កន្លែងទៀតនៅជិតទីក្រុងហូមស៍នៅជិតព្រំដែនជាមួយប្រទេសលីបង់ភាគខាងជើង។
ពួកមន្រ្តីសហរដ្ឋអាមេរិកបាននិយាយថា កាំជ្រួចមីស៊ីលទាំងអស់បានត្រូវចំទីដៅរបស់ខ្លួនក្នុងរយៈពេលមួយនាទីពីគ្នាដើម្បីកាត់បន្ថយកំទិចបែកបាក់ទីកន្លែងទាំងនោះ។
លោកឧត្តមសេនីយឯក Kenneth McKenzie បានប្រាប់ពួកអ្នកយកព័ត៌មាននៅមន្ទីរបច្ចកោណកាលពីថ្ងៃសៅរថា៖ «យើងបានវាយប្រហារត្រូវចំកន្លែងកម្មវិធីអាវុធគីមីស៊ីរី»។
សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ទីដៅទាំង៣នោះគឺមជ្ឈមណ្ឌលស្រាវជ្រាវ Barzah នៅក្នុងរដ្ឋធានីដាម៉ាស ហើយនិងឃ្លាំងស្តុកទុកអាវុធគីមីនៅជិតទីក្រុងហូមស៍ ដែលពាក់ព័ន្ធនៅក្នុងការផលិតនិងការប្រើប្រាស់ឧស្ម័នក្លរីននិងសារីន ក៏ប៉ុន្តែ ការវាយតម្លៃពីដំបូងៗនៃការវាយប្រហារនេះមិនបានបង្ហាញសារធាតុគីមីបានត្រូវធ្លាយចេញចូលក្នុងខ្យល់ទេ។
សហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់ថា ជនស៊ីវិលអាចត្រូវបានសម្លាប់នៅក្នុងកិច្ចប្រតិបត្តិការរួមគ្នានេះ ក៏ប៉ុន្តែ បានទុកលទ្ធភាពថា ជនស៊ីវិលខ្លះអាចរងផលប៉ះពាល់ដោយវិធានការតបតរបស់ស៊ីរី៕