ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួកជំនាញ​ខាង​អាវុធ​គីមី​អន្តរជាតិ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ប្រើ​ឧស្ម័នពុល​នៅ​ស៊ីរី


ក្មេង​ម្នាក់​ត្រូវ​បាន​គេ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ក្រុង Douma ប្រទេស​ស៊ីរី​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​មួយ កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។

ពួកជំនាញ​ខាង​អាវុធគីមី​អន្តរជាតិ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Douma ប្រទេស​ស៊ីរី ដើម្បី​ធ្វើ​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ប្រើ​ឧស្ម័នពុល​ដែល​ត្រូវ​បាន​គេ​សង្ស័យ​និង​បាន​សម្លាប់​មនុស្ស​រាប់សិបនាក់​នៅ​ជិត​រដ្ឋធានី​ដាម៉ាស។

អង្គការ​ហាមឃាត់​ការ​ប្រើប្រាស់​អាវុធ​គីមី​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា OPCW បាន​និយាយ​ថា​ក្រុម​ការងារ​របស់​ខ្លួន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង Douma បន្ទាប់​ពី​មាន​សំណើ​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត។

អង្គការ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការិយាល័យ​របស់​ខ្លួន​បាន​ទទួល​សំណើ​ពី​រដ្ឋាភិបាល​ស៊ីរី និង​រុស្ស៊ី​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ការ​ប្រើប្រាស់​អាវុធ​គីមី​នៅក្នុង​ទីក្រុង Douma ហើយ​ថា​ខ្លួន​កំពុង​រៀបចំ​ដាក់ពង្រាយ​ក្រុមការងារ​នៅក្នុង​ប្រទេស​ស៊ីរី​ក្នុង​ពេល​ឆាប់ៗ​នេះ។

ថ្លែង​តាមរយៈ​អ្នក​នាំ​ពាក្យ​លោក Alessandra Vellucci នៅ​អំឡុង​សន្និសីទ​សារព័ត៌មាន​នៅក្នុង​ទីក្រុង​ហ្សឺណែវ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បាន​ថ្កោលទោស​ការ​វាយប្រហារ​ប្រើ​ឧស័្មន​ពុល​ថា​ជា «ទង្វើ​ព្រៃផ្សៃ‍» ហើយ​ថា​ប្រសិន​បើ​រក​ឃើញ​ថា​ជា​ឧស័្មន​ពុល​មែន​នោះ ‍«វា​ច្បាស់​ណាស់​ថា​ទង្វើ​នេះ​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ‍» ក្រសួង​ការបរទេស​ស៊ីរី​ថា​រដ្ឋាភិបាល​នឹង​ជួយ​ក្រុមជំនាញ​អង្គការ​សហប្រជាជាតិ​ក្នុង​ការស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ប្រើ​អាវុធ​គីមី​នៅក្នុង​ទីក្រុង Douma នេះ។

សេតវិមាន​កាល​ពី​ថ្ងៃអង្គារ​បាន​ប្រកាស​ថា លោក Donald Trump នឹង​លុប​ចោល​ការ​ធ្វើ​ដំណើរ​ជា​លើក​ទីមួយ​របស់​លោក​ទៅ​កាន់​តំបន់​អាមេរិកឡាទីន​ ដោយ​សារ​លោក​ចង់​ត្រួត​ពិនិត្យ​មើល​ចំណាត់ការ​របស់​អាមេរិក​ចំពោះ​ប្រទេស​ស៊ីរី៕

XS
SM
MD
LG