ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក៖ ចិន​ត្រូវ​បង្កើន​មហិច្ឆតា​របស់​ខ្លួន​ចំពោះ​គោលដៅ​កាត់​​បន្ថយ​​បញ្ចេញ​ឧស្ម័ន​កាបូន


រូបឯកសារ៖ លោក John Kerry ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ទទួល​បន្ទុក​អាកាសធាតុ​ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីអំពីគោលនយោបាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ លោក John Kerry ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ទទួល​បន្ទុក​អាកាសធាតុ​ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីអំពីគោលនយោបាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​និយាយ​ថា ប្រទេស​ចិន​ត្រូវ​តែ​បង្កើន​មហិច្ឆិតា​របស់​ខ្លួន​ចំពោះ​តុល្យភាព​កាបូន​(Carbon Neutrality) ស្រប​ពេល​ដែល​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូន​ធំ​បំផុត​ទាំង​ពីរ​នៅ​ក្នុង​ពិភពលោក​ស្វែងរក​កិច្ចសហការ​ ដើម្បី​ប្រែក្រឡាស់​វិញនូវ​ស្ថានភាព​មួយ ដែល​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ពណ៌នា​ថា​ជា «បញ្ហា​ដ៏​សំខាន់​តែ​ឯង​មួយ» ពោល​គឺ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។​

ក្រសួង​ការបរទេស​អាមេរិកបាន​បញ្ជាក់​ថា លោក John Kerry ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកទទួល​បន្ទុក​អាកាសធាតុ​ បាន​សន្ទនា​ជាមួយ​សមភាគី​របស់​លោក​ គឺ​លោក Xie Zhenhua។ ក្រសួង​បាន​បន្ថែម​ថា កិច្ច​សន្ទនា​រវាង​ប្រទេស​ទាំង​ពីរ ​នឹង​មានបន្ត​ទៀត។ ប្រទេស​ចិន​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូនច្រើនបំផុត​ នៅ​ក្នុង​ពិភពលោក។

នា​ពេល​ថ្មីៗ​នេះ លោក Xie ត្រូវ​បាន​តែងតាំង​ជា​ប្រេសិត​ពិសេស​ផ្នែក​អាកាសធាតុ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ លោក Xie ធ្លាប់​ធ្វើ​ជា​អ្នក​ចរចា​ដ៏​កំពូល​របស់​ចិន ​នៅ​ក្នុង​កិច្ចប្រជុំ​ស្តីពី​អាកាសធាតុ​សំខាន់ៗ​នៅ​ក្នុង​ក្រុ​ង​កូប៉ិនហាក (Copenhagen) និង​ក្រុង​ប៉ារីស។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ VOA ថា៖ «បញ្ហា​ប្រឈម​ផ្នែក​អាកាសធាតុ​មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​នោះ​ទេ​ បើ​មិន​មាន​សកម្មភាព​សំខាន់ៗ​ពី​ប្រទេស​ចិន​នោះ។ ប្រទេស​ចិន​បញ្ចេញ​ឧស្ម័ន​ជិត​ ៣០% ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ក្នុង​ពិភពលោក បូក​ជាមួយ​នឹង​ការ​វិនិយោគ​ដែល​បញ្ចេញ​ឧស្ម័ន​កាបូន​ច្រើន​ នៅ​ក្នុង​គម្រោង​ជាច្រើន​នៃ​គម្រោង​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន (BRI)»។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ថ្លែង​បន្ត​ទៀតថា៖ «ប្រទេស​ចិន និង​ប្រទេស​ទាំង​អស់​ត្រូវ​តែ​បង្កើន​មហិច្ឆតា​របស់​ពួកគេ ​[ក្នុង​ការបន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ឱ្យ​នៅ​កម្រិត​សូន្យ] នៅ​លើ​ឆាក​អន្តរជាតិ»។

កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន លោក​ប្រធានាធិបតី​ចិន Xi Jinping ​បាន​ប្រកាស​ថា ប្រទេស​ចិន​នឹង​ប្រឹងប្រែង​ធ្វើ​ឱ្យ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត ចាប់​ថយ​ចុះ​វិញ​នៅ​មុន​ឆ្នាំ ២០៣០ និង​ព្យាយាម​សម្រេច​ឱ្យ​បាន​នូវ​តុល្យភាព​កាបូន​ នៅ​មុន​ឆ្នាំ ២០៦០។

សហរដ្ឋ​អាមេរិក​រួម​ចំណែក​ប្រមាណ ​១៥%​ នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូននៅ​ក្នុង​ពិភពលោក។ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden បាន​ប្តេជ្ញា​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ដ៏​មាន​មហិច្ឆតា ​រួម​មាន​ការ​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​សម្រេច​ឱ្យ​បាន​នូវ​សេដ្ឋកិច្ច​ថាមពល​ស្អាត​ ១០០% និង​ឈាន​ឱ្យ​ដល់​គោលដៅ​បញ្ចេញ​ឧស្ម័ន​នៅ​កម្រិត​សូន្យ​ឱ្យ​បាន​ត្រឹម​ឆ្នាំ ២០៥០។​

លោក Kerry បាន​ថ្លែង​ថា លោក​ស្គាល់ លោក Xie ច្បាស់ ហើយ​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​អស់​ជិត​ ២០ ឆ្នាំ។ លោក Xie បាន​តំណាង​ឱ្យ​ចិន​នៅ​ក្នុង​កិច្ចចរចា​ស្តីពី​អាកាសធាតុ​ នៅ​ក្នុង​កិច្ចសន្ទនា​ប្រចាំ​ឆ្នាំ​កម្រិត​កំពូល​រវាង​សហរដ្ឋអាមេរិក និង​ចិន​ក្នុង​ពេល​កន្លង​មក។​

រូបឯកសារ៖ ផ្សែងឧស្ម័នសាយផាយចេញពីរោងចក្រឧស្សាហកម្មផលិតធ្យូងថ្ម នៅក្នុងទីក្រុង Hejin ខេត្ត Shanxi ប្រទេសចិន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ ផ្សែងឧស្ម័នសាយផាយចេញពីរោងចក្រឧស្សាហកម្មផលិតធ្យូងថ្ម នៅក្នុងទីក្រុង Hejin ខេត្ត Shanxi ប្រទេសចិន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅ​ក្នុង​ខែកក្កដា ឆ្នាំ ២០១៣ សហរដ្ឋអាមេរិក និង​ចិន​បាន​ចាប់​ផ្តើម​កិច្ចប្រជុំ​ពិសេសៗ ​ស្តីពី​ការប្រែប្រួលអាកាសធាតុ និង​កិច្ចសហការ​ថាមពល ​នៅ​ក្រោម​ក្របខណ្ឌ​នៃ​កិច្ចសន្ទនា​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក-ចិន​ នៅ​ពេល​នោះ ភ្លាមៗ​បន្ទាប់​ពី​ក្រុម​ការងារ​ផ្នែក​ប្រែប្រួលអាកាសធាតុ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែមេសា ឆ្នាំ ២០១៣។

កិច្ចចរចា​អាកាសធាតុ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​នៅ​ពេល​អនាគត​ ទំនង​នឹង​ធ្វើ​ឡើង​តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​នូវ​កិច្ចចរចា​ទ្វេ​ភាគី និង​ពហុភាគី។

កាលពី​ថ្ងៃទី ០១ ខែ​មីនា អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខណៈ​ដែល​សហរដ្ឋអាមេរិក និង​ចិន​ «ខ្វែង​គំនិត​គ្នា​ខ្លាំង» លើ​បញ្ហា​ជាច្រើន​ដូចជា បញ្ហា​សិទ្ធិ​មនុស្ស​នោះ ប្រទេស​ទាំង​ពីរ​អាច​នឹង​សហការ​គ្នា​លើ​បញ្ហា​អាកាសធាតុ។​

អ្នកស្រី Thomas-Greenfield ​បាន​ថ្លែង​ថា៖ «មាន​បញ្ហា​មួយ​ចំនួន​នឹង​មាន​ពេល​ខ្លះ​ យើង​សង្ឃឹម​នឹង​អាច​ធ្វើ​ការ​ជាមួយ​នឹង​ប្រទេស​ចិន​តាម​វិធី​សហការ​គ្នា​បាន ហើយ​ឧទាហរណ៍​មួយ​ដែល​ខ្ញុំ​អាច​ផ្តល់​ឱ្យ​នោះ ​គឺ​ការ​ធ្វើ​ការ​ជាមួយ​ពួកគេ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ»។

ចិន​ក៏​យល់​ថា កិច្ចសហការ​អាកាសធាតុ​ជា​ឱកាស​មួយ​ ដើម្បី​ស្តារ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​សហរដ្ឋអាមេរិក ដែល​ធ្លាក់​ក្នុង​ស្ថានភាព​អាក្រក់​បំផុត​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​នេះ។

មន្ត្រី​គោលនយោបាយ​បរទេស​កំពូល​របស់​ចិន លោក Yang Jiechi បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​តាម​អ៊ីនធឺណិត​មួយ​ កាលពី​ខែ​កុម្ភៈ​ថា៖ «ការប្រែប្រួល​អាកាសធាតុ ថាមពល​កកើត​ឡើង​វិញ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ដែល​មាន​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ទាប​អាច​ជា​ចំណុច​នៃ​កិច្ចសហការ​ដែល​ផ្តល់​ប្រយោជន៍​ទាំង​សងខាង»។

លោក Yang បាន​បន្ថែម​ថា «ឆន្ទៈ​សម្រាប់​ការ​ផ្លាស់ប្តូរ​ទ្វេភាគី និង​កិច្ចសហការ​មិន​ដែល​បាត់បង់​នោះ​ទេ។ ការ​បង្ហាញ​ហេតុផល​បែប​នេះ​ខុស​ផ្ទុយ​ស្រឡះ​ពី​សំឡេង និង​ការ​រំខាន​ពី​មន្ត្រី​ដែល​គុំកួន​នឹង​ចិន ហើយ​[ឆន្ទះ]​ មាន​តម្លៃ​ខ្លាំង​បំផុត​សម្រាប់​ការ​រក្សា​ស្ថិរភាព​ជា​រួម​ នៅ​ក្នុង​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋអាមេរិក»។

ប៉ុន្តែ​អ្នក​រិះគន់​នៅ​តែ​មិន​ជឿ​ជាក់​ថា បញ្ហា​ប្រែប្រួល​អាកាសធាតុ​អាច​ដើរ​តួ​ជា​កត្តា​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន​នោះ​ទេ។

លោក Drew Thompson អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​សាលា​គោលនយោបាយ​សាធារណៈ Lee Kuan Yew​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ បាន​និយាយថា៖ «គោលដៅ​បញ្ចេញ​ឧស្ម័ន​នៅ​កម្រិត​សូន្យ​ក្នុង​ឆ្នាំ ២០៦០ ​របស់​ចិន​ នឹង​ជះ​ឥទ្ធិពល​ដល់​គោលនយោបាយ​ឧស្សាហកម្ម​របស់​ពួកគេ ​ដែល​ជាក់​ស្តែង​នឹង​បង្កើត​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ មិន​មែន​កិច្ចសហការ​ជាមួយ​នឹង​សហរដ្ឋអាមេរិក​នោះ​ទេ។ ដូច្នេះ បញ្ហា​ប្រែប្រួល​អាកាសធាតុនឹង​ធ្វើ​ឱ្យ​ចិនជំរុញ​ទ្វេ​ដង​នូវ​គោលនយោបាយ​ឧស្សាហកម្ម​របស់​ខ្លួន​ ដែលនាំ​ឱ្យមាន​ការ​ប្រកួតប្រជែង​មិន​ស្មើ​ភាព និង​ក្លាយ​ជា​មូលហេតុ​សម្រាប់​គោលនយោបាយ​គាំពារនិយម​នៅ​ក្នុង​វិស័យ​គន្លឹះៗ ដូចជា​វិស័យ​យានយន្ត​អគ្គិសនី និង​ថាមពល​ថ្មី»។

លោក Thompson បាន​ប្រាប់ VOA ថា៖ «សំណួរ​សំខាន់​បំផុត​គឺ​ថា​តើ​លោក John Kerry នឹង​ទទួល​ស្គាល់​កត្តា​ទាំង​នេះ ហើយ​បន្ត​ទាមទារ​ឱ្យ​មាន​កំណែ​ទម្រង់​សំខាន់ៗ ឬ​ថា​តើ​លោក​នឹង​ព្យាយាម​យក​ជ័យជម្នះ​ផ្នែក​នយោបាយ ​ដែល​មិន​មាន​ផល​អ្វី​នោះ​ទេ​ជាមួយ​នឹង​កិច្ចព្រមព្រៀង​និម្មិតរូប ​ដែល​ធ្វើ​ឱ្យ​គោលនយោបាយ​ប្រឆាំង​ការ​ប្រកួតប្រជែង​របស់​ចិន​ មាន​ភាព​ស្រប​ច្បាប់​ក្នុង​នាម​កិច្ចសហការ​អាកាសធាតុ»៕

XS
SM
MD
LG