ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​លោក Modi តាំងចិត្ត​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ និង​ការប្រែប្រួល​អាកាសធាតុ


រូបឯកសារ៖ ក្នុងរូប​ដែលបាន​ថតនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ លោក Joe Biden ដែល​នៅពេលនោះ​ជា​អនុប្រធានាធិបតី និង​ប្រធាន​រដ្ឋសភា​លោក Paul Ryan បាន​អបអរសាទរ​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​លោក Narendra Modi ក្នុង​អំឡុងពេល​លោក​ថ្លែងសុន្ទរកថា​មួយ​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ ក្នុងរូប​ដែលបាន​ថតនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ លោក Joe Biden ដែល​នៅពេលនោះ​ជា​អនុប្រធានាធិបតី និង​ប្រធាន​រដ្ឋសភា​លោក Paul Ryan បាន​អបអរសាទរ​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​លោក Narendra Modi ក្នុង​អំឡុងពេល​លោក​ថ្លែងសុន្ទរកថា​មួយ​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​អំពី​ការ​តាំងចិត្ត​របស់​លោក​ទាំង​ពីរ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឹ​កូវីដ១៩ និង​ការ​ប្រែប្រួល​អាកាសធាតុ។

មេដឹកនាំ​ទាំង​ពីរ​ មិន​បាន​ពិភាក្សា​អំពី​ការ​តវ៉ា​របស់​កសិករ​ដែល​កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​ប្រធានាធិបតី​អាមេរិក។

សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​បាន​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក​និង​ប្រទេស​ឥណ្ឌា​នឹង​ធ្វើការ​រួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ដើម្បី​យក​ឈ្នះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ការ​បន្ត​នូវ​ភាព​ជា​ដៃគូ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ការ​កសាង​សេដ្ឋកិច្ច​សាកលលោក​ឡើង​វិញ​នៅ​ក្នុង​របៀប​មួយ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ និង​ការ​រួម​គ្នា​ប្រឆាំង​នឹង​ភេរវកម្ម​សាកលលោក»។

លោក Modi បាន​សរសេរ​នៅ​លើ Twitter បន្ទាប់ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​ថា៖ «យើង​បាន​ពិភាក្សា​អំពី​បញ្ហា​ក្នុង​តំបន់ និង​បញ្ហា​អាទិភាព​រួម​របស់​យើង»។

សេតវិមាន​បាន​បញ្ជាក់​ថា លោក Modi បាន​ស្វាគមន៍​ការ​អំពាវនាវ​ឲ្យ​មាន​ការ​សហការ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​បាន​យល់ព្រម​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អាកាសធាតុ​ដែល​លោក Biden នឹង​រៀបចំ​ធ្វើ​នៅ​ខែ​មេសា​ខាង​មុខ។

ក៏​ប៉ុន្តែ ឥណ្ឌា​ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ធំ​ជាង​គេ​ទី ៣ នៅ​លើ​ពិភពលោក បន្ទាប់ពី​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក បាន​អះអាង​ថា ក្នុង​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ឥណ្ឌា​មិន​ត្រូវ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ដូច​ទៅ​នឹង​លក្ខខណ្ឌ​សម្រាប់​ប្រទេស​អ្នក​មាន​នោះ​ទេ៕

XS
SM
MD
LG