ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការជន់លិច​នៅ​ភាគខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា បង្ហាញ​ពី​ហានិភ័យ​នៃ​បម្រែបម្រួល​អាកាសធាតុ និង​គម្រោង​អភិវឌ្ឍន៍


រូបភាព​ថត​ពី​លើ​អាកាស បង្ហាញ​ពី​ការជន់លិច​តំបន់​ជ្រលងភ្នំ​មួយ​ដែល​បាន​បំផ្លាញ​ទំនប់​វារីអគ្គិសនី​និង​ស្ពាន​នៅ​តំបន់ Tapovan​ នៅ​ភាគ​ខាងជើង​រដ្ឋ Uttarakhand នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។
រូបភាព​ថត​ពី​លើ​អាកាស បង្ហាញ​ពី​ការជន់លិច​តំបន់​ជ្រលងភ្នំ​មួយ​ដែល​បាន​បំផ្លាញ​ទំនប់​វារីអគ្គិសនី​និង​ស្ពាន​នៅ​តំបន់ Tapovan​ នៅ​ភាគ​ខាងជើង​រដ្ឋ Uttarakhand នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

សកម្មជន​បរិស្ថាន​ដែល​បាន​ព្រមាន​ជា​យូរ​មក​ហើយ​អំពី​គ្រោះថ្នាក់​ទ្វេដង​បង្ក​ឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ​ និង​គម្រោង​អភិវឌ្ឍន៍​ដែល​មិន​មាន​ចិរភាព​នៅ​តាម​ជួរ​ភ្នំ​ហិមាល័យ​និយាយ​ថា គ្រោះ​ទឹក​ជំនន់​ដោយ​មិន​រំពឹង​ទុក​នា​ពេល​ថ្មីៗ​នេះ​ នៅក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា​ គួរ​តែ​ជា​ការ​ដាស់តឿន​ដល់​អាជ្ញាធរ​ឱ្យ​បន្ត​ការពារ​បរិស្ថាន​ ទោះបី​ជា​មាន​គម្រោង​ផ្លូវ​ថ្នល់និង​គម្រោង​វារីអគ្គិសនី​ក្តី។

អ្នក​ជំនាញ​ដែល​ស៊ើបអង្កេត​គ្រោះ​មហន្តរាយ​នេះ​និយាយ​ថា វា​ទំនង​បង្ក​ឡើង​ដោយ​ផ្ទាំង​ដុំ​ថ្ម​ដែល​ធ្លាក់​ចុះ​យ៉ាង​លឿន​តាម​ជ្រលង​ភ្នំ​នៅ​ក្នុង​រដ្ឋ Uttarakhand។ យ៉ាង​ហោច​ណាស់​មនុស្ស​៣៦នាក់​បាន​ស្លាប់ និង​មនុស្ស​ប្រមាណ​២០០នាក់ ​នៅ​កំពុង​បាត់​ខ្លួន​នៅឡើយ។

លោក Kalachand Sain នាយក​វិទ្យាសា្ថន​ភូគព្ភវិទ្យា Wadia Himalayan និយាយ​ក្នុង​ន័យ​ដើម​ថា «វា​ហាក់​ដូចជា​ថា ផ្ទាំង​ថ្ម​ធំៗ​ចាប់ផ្តើម​បែក​ដោយសារ​តែ​អាកាសធាតុ​ចុះ​ត្រជាក់​និង​ដំណើរ​រលាយ​ទឹកកក ដោយសារ​តែ​បាតុភូត​បម្រែ​បម្រួល​អាកាសធាតុ ហើយ​វា​ធ្លាក់​ចុះ​មក​ក្រោយ​ជាមួយ​នឹង​ទឹកកក​ដែល​នៅ​ជាប់​នឹង​ផ្ទាំង​ថ្ម​ទាំង​នោះ។ ក្រោយ​មក​វា​បង្កើត​ឱ្យ​មាន​ទំនប់​សិប្បនិម្មិត​មួយ​ដែល​បាន​បាក់​ និង​បង្ក​ឱ្យ​មាន​ការ​ជន់លិច»។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​មក​ពី​វិទ្យាស្ថាន​នេះ​ កំពុង​ធ្វើ​ការ​ស្ទង់មតិ​លម្អិត​មួយ​ដើម្បី​ដឹង​ឱ្យ​បាន​ច្បាស់​ពី​មូលហេតុ​នៃ​គ្រោះ​មហន្តរាយ​នេះ។

លំហូរ​ទឹក ភក់​និង​កម្ទេចកម្ទី​ដ៏​ខ្លាំង​ដែល​ហូរ​ចុះ​តាម​ជើង​ភ្នំ ​បាន​ធ្វើ​ឱ្យ​ខូចខាច​ដល់​ផ្លូវ​ថ្នល់និង​ស្ពាន ធ្វើ​ឱ្យ​បាក់​ទំនប់​ទឹក​មួយ​នៅ​តាម​ផ្លូវ​ដែល​ទឹក​ហូរ​កាត់ និង​បំផ្លាញ​គម្រោង​វារីអគ្គិសនី​មួយ​ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​ការ​សាងសង់។ មនុស្ស​ដែល​បាត់​ខ្លួន​ភាគច្រើន​ គឺ​ជា​កម្មករ​សំណង់។ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ក្រុម​ជួយ​សង្គ្រោះ ​បាន​ផ្តោត​ការ​រុករក​របស់​ពួកគេ​ទៅ​លើ​ផ្លូវ​ក្រោម​ដី​មួយ ទី​កន្លែង​ដែល​មនុស្ស​ទាំង​នោះ​បាន​ជាប់​គាំង ទោះបី​ជា​ក្តីសង្ឃឹម​ក្នុង​ការ​រក​ពួកគេ​ឃើញ​ដោយ​នៅ​មាន​ជីវិត​មាន​កាន់​តែ​តិច​ទៅៗ​ក្តី។ ភូមិ​ចំនួន​១៣ ​ត្រូវ​បាន​កាត់​ផ្តាច់​ដោយសារ​ទឹក​ជំនន់។

លោក Ravi Chopra នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សម្រាប់​ពលរដ្ឋ​បាន​និយាយ​ថា «នេះ​ជា​គ្រោះ​មហន្តរាយ​ដែល​ត្រៀម​តែ​នឹង​កើត​ឡើង»។ លោក Ravi Chopra ក៏​ជា​សមាជិក​នៃ​គណៈកម្មាធិការ​មួយ​ដែល​បង្កើត​ឡើង​ដោយ​តុលាការ​កំពូល​ឥណ្ឌា​ដើម្បី​សិក្សា​លើ​ផលប៉ះពាល់​នៃ​គម្រោង​វារីអគ្គិសនី​នៅ​លើ​ភ្នំ​នៅ​ក្នុង​រដ្ឋ​នេះ។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «ការ​សាងសង់​គម្រោង​វារីអគ្គិសនី​មាន​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ខ្លាំង​ទៅ​លើ​បរិស្ថាន និង​ធ្វើ​ឱ្យ​មាន​ផលប៉ះពាល់​ពី​ទឹក​ជំនន់​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​ហិមាល័យ​ដែល​អាច​បង្ក​ឡើយ​ដោយ​បម្រែ​បម្រួល​អាកាសធាតុ»។

ការ​សិក្សា​ស្រាវជ្រាវ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ជន់លិច​នៅ​ក្នុង​ឆ្នាំ២០១៣ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​៦.០០០នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ គណៈកម្មាធិការ​នេះ​បាន​ផ្តល់​យោបល់​ថា គម្រោង​វារីអគ្គិសនី​មិន​គួរ​ត្រូវ​បាន​សាងសង់​ក្នុង​កម្ពស់​ខ្ពស់​ជាង​២.០០០ម៉ែត្រ​នោះ​ទេ ដោយសារ​តែ​នោះ​ជា​ «តំបន់​ផ្ទាំង​ទឹកកក​មិន​ទៀងទាត់» ដែល​ងាយ​ប្រឈម​នឹង​ការ​ជន់​លិច។ ទំនប់​ទាំង​ពីរ​ដែល​ត្រូវ​បំផ្លាញ​ដោយ​គ្រោះ​ទឹក​ជំនន់​នា​ពេល​ថ្មីៗ​នេះ​ មាន​កម្ពស់​ខ្ពស់​ជាង​កម្ពស់​ដែល​ត្រូវ​បាន​ណែនាំ​នេះ។

សកម្មជន​បរិស្ថាន​បាន​លើក​ឡើង​ជា​យូរ​មក​ហើយ​ថា ផ្ទាំង​ទឹកកក​ដែល​ស្រក​ទៅ​វិញ​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​ចំពោះ​មនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង​តំបន់​ហិមាល័យ។ ទឹកកក​ដែល​រលាយ​បង្កើត​បាន​ជា​បឹង​ទឹកកក និង​ទំនប់​ធម្មជាតិ ដែល​អាច​បាក់​ និង​ធ្វើ​ឱ្យ​មាន​ទឹកជន់​លិច​នៅ​ខាង​ក្រោម​ជ្រលង​ភ្នំ។ នៅ​ក្នុង​ករណី​មាន​គ្រោះ​ទឹក​ជំនន់​ ផ្ទាំង​ដី ថ្ម និង​កម្ទេចកម្ទី​ដែល​បន្សល់​ទុក​ពី​ផ្ទាំង​ទឹកកក​ដែល​ស្រក​ទៅ​វិញ​បង្ក​ឱ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​នៅ​ក្នុង​ជ្រលង​ភ្នំ​ដែល​មាន​មនុស្ស​រស់នៅ​ដែល​ពួកគេ​ងាយ​រងគ្រោះ​ដោយសារ​តែ​ការ​បំផ្ទុះ​ជើង​ភ្នំ និង​ការ​កាប់​ព្រៃ​ដើម្បី​ធ្វើ​ផ្លូវ និង​គម្រោង​វារីអគ្គិសនី​រួច​ទៅ​ហើយ។

របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ភ្នំ​ប្រកប​ដោយ​សមាហរណកម្ម​បាន​ឱ្យ​ដឹង​ថា សីតុណ្ហភាព​ដែល​កើន​ឡើង​អាច​ធ្វើ​ឱ្យ​រលាយ​ផ្ទាំង​ទឹកកក​នៅ​តំបន់​ភ្នំ​ហិមាល័យ​ចំនួន​១/៣​ នៅ​ត្រឹម​ចុង​សតវត្សរ៍​នេះ។ ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​លើក​ឡើង​ថា ការ​ខាតបង់​នឹង​មាន​កាន់​តែ​ខ្លាំង ប្រសិន​បើ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ មិន​ត្រូវ​បាន​កាត់​បន្ថយ​ទេនោះ។

មិន​មែន​មាន​តែ​អ្នក​ជំនាញ​ទេ​ដែល​បារម្ភ​ពី​តំបន់​ហិមាល័យ​នោះ។ ប្រជាជន​នៅ​ក្នុង​ភូមិ Raini ដែល​ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ដែល​ទទួល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​ការ​បាក់​ផ្ទាំង​ទឹកកក ​បាន​ដាក់​ញត្តិ​ទៅ​តុលាការ​កំពូល​ក្នុង​រដ្ឋ Uttarakhand នៅ​ក្នុង​ឆ្នាំ២០១៩ ​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ពី​ការ​អនុវត្ត​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​រោងចក្រ​ថាមពល​នៅ​ក្បែរ​នោះ​ ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​គ្រោះ​ទឹកជំនន់​នា​ពេល​ថ្មីៗ​នេះ។

ជម្រក​តូចៗ​របស់​គ្រួសារ​ចំនួន​ប្រមាណ​១៥០​គ្រួសារ​ មិន​មែន​ជា​រឿង​ចម្លែក​នៅ​ក្នុង​សកម្មភាព​ការពារ​បរិស្ថាន​នោះ​ទេ។ វា​ជា​ផ្នែក​មួយ​នៃ​ចលនា​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០ ​ដើម្បី​ការពារ​ការ​កាប់​ព្រៃឈើ។ ឥឡូវ​នេះ អ្នក​ភូមិ​កំពុង​ទាមទារ​ថា ពួកគេ​ត្រូវ​ផ្លាស់ប្តូរ​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ជាង​នេះ ដោយសារ​តែ​ពួកគេ​បារម្ភ​ថា នឹង​មាន​ការ​ជន់​លិច​ម្តង​ទៀត បន្ទាប់​ពី​អាជ្ញាធរ​បាន​និយាយ​ថា គេ​អាច​នឹង​បង្កើត​បឹង​មួយ​នៅ​ក្បែរ​ភូមិ​នោះ បន្ទាប់​ពី​មាន​គ្រោះ​ទឹក​ជំនន់​នោះ​មក។

ក្តីបារម្ភ ​ក៏​ត្រូវ​បាន​គេ​លើក​ឡើង​អំពី​គម្រោង​ពង្រីក​ផ្លូវ​ប្រវែង​ប្រមាណ​៩០០គ.ម.​ដែល​រត់​កាត់​ជួរ​ភ្នំ​ហិមាល័យ​ទៅ​កាន់​កន្លែង​សក្ការបូជា​ហិណ្ឌូ​ចំនួន​៤។ ផែនការ​ពី​ដំបូង​សម្រាប់​ផ្លូវ​ដែល​មាន​ទទឹង​១០ម៉ែត្រ​នេះ​ ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​តែ​៥,៥ម៉ែត្រ ដោយ​ដីកា​របស់​តុលាការ​កំពូល។

រដ្ឋាភិបាល​បាន​និយាយ​ថា ផ្លូវ​ទាំង​នេះ ​នឹង​នាំ​យក​ប្រយោជន៍​សេដ្ឋកិច្ច​មក​ឱ្យ​តំបន់​នេះ និង​តម្រូវការ​សម្រាប់​ការ​ដាក់​ពង្រាយ​យោធា​នៅ​ព្រំដែន​ជាប់​នឹង​ប្រទេស​ចិន។

សមាជិក​មួយ​ចំនួន​នៃ​គណៈកម្មាធិការ​នេះ​ដែល​តែងតាំង​ដោយ​តុលាការ​ដើម្បី​ពិនិត្យ​មើល​លើ​ផលប៉ះពាល់​បរិស្ថាន​នៃ​គម្រោង​មហាវិថី​នេះ​បាន​និយាយ​ថា គម្រោង​នេះ​អាច​បង្ក «ការ​ខូចខាត​ដែល​មិន​អាច​ស្តារ​ឡើង​វិញ​បាន» ទៅ​ដល់​ភ្នំ​ហិមាល័យ។

លោក Chandra Bhushan ប្រធាន​អង្គការ​វេទិកា​អន្តរជាតិ​សម្រាប់​បរិស្ថាន ​ចិរភាព និង​បច្ចេកវិទ្យា​នៅ​ក្នុង​ក្រុង​ញូវដេលី បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «ជួរ​ភ្នំ​ហិមាល័យ​ជា​ជួរ​ភ្នំ​ងាយ​រងគ្រោះ និង​មិន​មាន​ភាព​រឹងមាំ​នោះ​ទេ។ វា​ជា​ការ​ប្រមូលផ្តុំ​គ្នា​ទៅ​ដោយ​ដី​ភក់ និង​ថ្ម»។

លោក​បាន​បន្ថែម​ថា «នៅ​ពេល​អ្នក​បំផ្ទុះ​ជើង​ភ្នំ និង​កាប់ដើម​ឈើ​ដើម្បី​សាងសង់​ផ្លូវ​ដ៏​ទូលាយ​ និង​អភិវឌ្ឍ​គម្រោង​ថាមពល​អគ្គិសនី​ យើង​ធ្វើ​ឱ្យ​តំបន់​នោះ​កាន់​តែ​ប្រឈម​នឹង​គ្រោះថ្នាក់»។

បន្ទាប់​ពី​មាន​សោកនាដកម្ម​ចុង​ក្រោយ​បង្អស់​នេះ លោក Trivendra Singh Rawat អភិបាល​រដ្ឋ Uttarakhand បាន​ព្រមាន​ប្រឆាំង​នឹង​ការ​យក​គ្រោះ​ទឹកជំនន់​ជា «មូលហេតុ​ដើម្បី​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ»។ ​

លោក​បាន​សរសេរ​នៅ​លើ​បណ្តាញ Twitter ថា «ខ្ញុំ​សូម​បញ្ជាក់​ឡើង​វិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ភ្នំ​នៅ​ក្នុង​រដ្ឋ Uttarakhand ប្រកប​ដោយ​ចិរភាព ហើយ​យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​សម្រេច​គោលដៅ​នេះ»។

អ្នក​ជំនាញ​និយាយ​ថា ពួកគេ​ទទួល​ស្គាល់​ពី​តម្រូវការ​សម្រាប់​គម្រោង​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ដែល​មាន​ភាព​ក្រីក្រ​ និង​ទទួល​បាន​ធនធាន​តិចតួច​ដូចជា​ ទឹក សេវា​អនាម័យ និង​សេវា​សុខាភិបាល។

លោក Anjal Prakash អ្នក​និពន្ធ​នាំ​មុខ​នៅ​ក្នុង​របាយការណ៍​វាយតម្លៃ​លើក​ទី៦​ ដែល​ចេញ​ផ្សាយ​ដោយ​ក្រុម​ការងារ​អន្តរ​រដ្ឋាភិបាល​លើ​បម្រែបម្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «ខ្ញុំ​បាន​ឃើញ​ពី​ទុក្ខសោក​របស់​ស្ត្រីៗ​ដែល​ត្រូវ​ដើរ​រាប់​សិប​គីឡូម៉ែត្រ​ដើម្បី​ទៅ​ដង​ទឹក ដោយសារ​តែ​ប្រឡាយទឹក​រីងហួត ដោយសារ​តែ​បម្រែបម្រួល​អាកាសធាតុ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បាន​និយាយ​ថា គេ​ត្រូវ​ប្តូរ​ការ​ផ្តោតអារម្មណ៍​ទៅ​លើ​គម្រោង​ដែល​កាន់​តែ​មាន​ចិរភាព​ដូចជា គម្រោង​វារីអគ្គិសនី​ខ្នាត​តូច គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​គម្រោង​ថាមពល​ខ្យល់។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «យើង​ត្រូវ​តែ​យល់​ពី​អេកូឡូស៊ី​ក្នុង​មូលដ្ឋាន និង​ពិចារណា​លើ​បញ្ហា​បរិស្ថាន។ បើ​មិន​ដូច្នោះ​ទេ ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​នឹង​មាន​កាន់​តែ​ច្រើន​នៅ​ពេល​អនាគត​ ទាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​និង​កាន់​តែ​ញឹកញាប់»៕

ប្រែសម្រួល​ដោយ​លោក​ ជឹង ប៉ូជីន​

XS
SM
MD
LG