មេដឹកនាំប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុននិងសហរដ្ឋអាមេរិកបានជួបប្រជុំគ្នានៅថ្ងៃអង្គារនេះនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការសន្យាធ្វើឱ្យប្រសើរឡើងនូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបើកចំហនិងសេរីមួយ ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនិងធ្វើកិច្ចសហប្រតិបត្តិការស្តីពីការឆ្លើយតបដល់ការរាតត្បាតជំងឺកូវីដ១៩។
ថ្លែងនៅឯការចាប់ផ្តើមសន្និសីទកំពូលរបស់សម្ពន្ធមិត្តក្រៅផ្លូវការមួយ ដែលត្រូវបានគេស្គាល់ថា ជាក្រុមប្រទេសចតុភាគី ឬ Quad នោះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន៖ «ជាបញ្ហាលើសពីបញ្ហាអឺរ៉ុបទៅទៀត ហើយវាជាបញ្ហារបស់សាកលលោកទាំងមូល»។
លោកប្រធានាធិបតីមានប្រសាសន៍ទៀតថា គោលការណ៍នៃ«បូរណភាពទឹកដីនិងអធិបតេយ្យភាព ច្បាប់អន្តរជាតិ សិទ្ធិមនុស្ស ជានិច្ចកាលត្រូវតែការពារ ដោយមិនគិតថានៅទីកន្លែងណាដែលត្រូវគេរំលោភនៅក្នុងពិភពលោក» នោះឡើយ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក៏បានលើកឡើងពីជម្លោះនៅអ៊ុយក្រែននៅក្នុងការថ្លែងបើកជំនួបរបស់លោកដោយនិយាយថា «យើងមិនអាចអនុញ្ញាតឱ្យបញ្ហាដដែលនេះកើតឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ»។
ខណៈដែលសមាជិកផ្សេងទៀតនៃក្រុមចតុភាគី Quad បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននិងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះ ប្រទេសឥណ្ឌាមិនបានធ្វើដូច្នេះទេ ហើយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi មិនបាននិយាយដល់ជម្លោះនៅក្នុងសុន្ទរកថាបើកសន្និសីទកំពូលរបស់លោកនោះឡើយ។
នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីរបស់អូស្ត្រាលីលោក Anthony Albanese បានសង្កត់ពីភាពចាំបាច់ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុដោយនិយាយថា រដ្ឋាភិបាលរបស់លោកនឹងចាត់វិធានការដ៏ខ្លាំងទៅលើបញ្ហានេះ។
លោក Albanese បាននិយាយថា៖ «យើងនឹងចាត់វិធានការដោយទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមដ៏សំខាន់ខាងសេដ្ឋកិច្ចនិងសន្តិសុខ របស់បណ្តាប្រទេសដែនកោះនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក»។
សន្និសីទកំពូលនេះជាជំនួបដោយផ្ទាល់លើកទី២របស់មេដឹកនាំ នៅក្នុងរយៈពេលមិនដល់មួយឆ្នាំផង។
លោកប្រធានាធិបតី Biden បានស្ថិតនៅក្នុងប្រទេសជប៉ុនដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់តំបន់អាស៊ីក្នុងឋានៈជាប្រធានាធិបតីអាមេរិក បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចមក។
កាលពីថ្ងៃចន្ទម្សិលមិញ លោក Biden បានចាប់ផ្តើមកិច្ចផ្តួចផ្តើមពាណិជ្ជកម្មថ្មីមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានប្រទេសចំនួន១៣បានចុះហត្ថលេខាចូលរួមដែលក្នុងនោះរួមមានប្រទេសឥណ្ឌា ជប៉ុននិងកូរ៉េខាងត្បូងផងដែរ៕