ការប្រកាសការដាក់ទណ្ឌកម្មនៅពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកប្រឆាំងនឹង Kim Jong Un មេដឹកនាំនៃប្រទេសកូរ៉េខាងជើងចំពោះការរំលោភសិទ្ធិមនុស្សត្រូវគេរំពឹងនឹងមានផលប៉ះពាល់ភ្លាមៗ ក៏ប៉ុន្តែ ក្រុមអ្នកគាំទ្រ និយាយថា វិធានការនេះ នឹងបង្កើនការដាក់សម្ពាធលើប្រទេសដែលចេះតែប្រើកម្លាំងមួយនេះ ហើយនិងបន្តធ្វើឲ្យមេដឹកនាំប្រទេសនេះកាន់តែឯកោ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងត្បូង បានសម្តែងនូវសាមគ្គីភាពជាមួយការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីដាក់បញ្ចូលមេដឹកនាំកូរ៉េខាងជើងចូលក្នុងបញ្ជីខ្មៅ រួមជាមួយអង្គភាពនិងបុគ្គលចំនួន២២ផ្សេងទៀតចំពោះតួនាទីរបស់ពួកគេនៅក្នុងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ស្វែងរកចាប់ខ្លួនជនរត់ចោលស្រុក ឬចាប់ពិរុទ្ធក្នុងប្រទេសកូរ៉េខាងជើង។
លោក Cho June-hyuck អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង និយាយថា«យើង រំពឹងថា ការដាក់ទណ្ឌកម្ម នឹងបង្កើនការយល់ដឹងរបស់សហគមន៍អន្តរជាតិអំពីស្ថានភាពដ៏ធ្ងន់ធ្ងរ និងការរំលោភសិទ្ធិមនុស្សជាលក្ខណៈប្រព័ន្ធក្នុងប្រទេសកូរ៉េខាងជើង ខណៈពេលដែលធ្វើការពង្រឹងវិធានការផ្សេងៗទៀតហើយនិងធ្វើឲ្យជឿនលឿនដល់ការពិភាក្សាស្តីពីបញ្ហានេះ»។
លោកស្រី Samantha Power ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា «ការខំប្រឹងប្រែងទាំងអស់នេះ បានបញ្ជូនសារយ៉ាងច្បាស់ មិនត្រឹមតែដល់ពួកមេដឹកនាំជាន់ខ្ពស់ទេ ក៏ប៉ុន្តែ ក៏ដល់ពួកអ្នកចាត់ចែងពន្ធនាគារ ហើយនិងឆ្មាំការពារ អ្នកត្រួតពិនិត្យ ប៉ូលិសសម្ងាត់ អ្នកសួរចម្លើយ ហើយពួកអ្នកធ្វើទុកបុកម្នេញ ពួកអ្នករត់ចោលស្រុកផងថា ពិភពលោក កំពុងចងក្រងឯកសារនៃការធ្វើបាបរបស់ពួកគេ ហើយពិភពលោក មិនបំភ្លេចពួកអ្នកដែលធ្វើបាបគេនោះទេ»។
នៅឆ្នាំ២០១៤ គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីរាយការណ៍មួយដែលកត់ត្រាពីរំលោភសិទ្ធិមនុស្សជាប្រព័ន្ធរបស់កូរ៉េខាងជើង រួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការបាត់ខ្លួនដោយការបង្ខំ ការឃុំឃាំងដោយគ្មានការជំនំជម្រះ ការវាយដំ ការអត់អាហារដោយការបង្ខំ ការបង្ខំឲ្យធ្វើការជាទម្ងន់និងការធ្វើទារុណកម្ម៕