ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការបាញ់​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង​នៅ​ថ្ងៃ​អង្គារ​នេះ​ទំនង​ជា​​បរាជ័យ


រូបភាពឯកសារ៖ បុរសម្នាក់កំពុងមើលកម្មវិធីព័ត៌មានទូរទស្សន៌មួយដែលបង្ហាញពីរូបភាពបាញ់គ្រាប់មីស៊ីលកូរ៉េខាងជើងនៅឯស្ថានីយ៏រថភ្លើងក្រុងសេអ៊ូល កូរ៉េខាងត្បូង កាលពីថ្ងៃទី២៨ មេសា ២០១៦។

ការបាញ់​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង​នៅ​ថ្ងៃ​អង្គារ​នេះ​ទំនង​ជា​បាន​បរាជ័យ នេះ​បើ​យោង​តាម​ក្រុមមន្ត្រី​កូរ៉េខាងត្បូង។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា « គេ​ជឿ​ថា ការព្យាយាម​បាញ់​គ្រាប់មីស៊ីល​បាន​បរាជ័យ។ យើង​កំពុង​តែ​វិភាគ​និង​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ទៅ​លើ​ស្ថានភាព​នេះ និង​រក្សា​ជំហរ​ការពារ​ដែនទឹក​របស់​យើង​ដដែល»។ ​

ក្រុមមេបញ្ជាការ​កូរ៉េខាងត្បូង​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា គ្រាប់មីស៊ីល​នោះ​បាន​បាញ់​កាល​ពី​ថ្ងៃ​ច័ន្ទ​វេលា​ម៉ោង​ប្រហែល​៥:២០​នាទី​ព្រឹក​នៅ​ទីក្រុង​កំពង់ផែ Wonsan ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​កូរ៉េខាងជើង។ ​

កាល​ពី​ព្រឹក​ថ្ងៃ​ដដែល​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ NHK របស់​ជប៉ុន​បាន​ផ្សាយ​ថា រដ្ឋាភិបាល​របស់​ខ្លួន​បាន​ត្រៀម​កងកម្លាំង​យោធា​ក្នុង​ករណី​មាន​ការបាញ់​គ្រាប់មីស៊ីល។ ប្រទេស​ជប៉ុន​ក៏​បាន​បញ្ជា​ឲ្យ​នាវា​ពិឃាដ​របស់​ខ្លួន​បាញ់​កម្ទេច​រាល់​គ្រាប់​ផ្លោង​ទាំង​ឡាយ​ណា​ដែល​គំរាមកំហែង​ដែនដី​របស់​ខ្លួន​ផង​ដែរ។ មន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​ម្នាក់​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការប្រយុទ្ធ​គ្នា។ ​

ក្រុមមន្ត្រី​ទាំងនោះ​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ប្រភេទ​គ្រាប់មីស៊ីល​នោះ​ទេ ប៉ុន្តែ​សេចក្តីរាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា គ្រាប់មីស៊ីល​នោះ​ទំនង​ជា​គ្រាប់មីស៊ីល​ចម្ងាយ​មធ្យម Musudan ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ប្រភេទ​គ្រាប់មីស៊ីល​ដែល​កូរ៉េខាងជើង​បាន​ព្យាយាម​បាញ់​ចំនួន​៣​លើក​កាល​ពី​ខែ​មេសា ប៉ុន្តែ​មិន​បាន​សម្រេច​នោះ។ ​

គ្រាប់មីស៊ីល​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ចម្ងាយ​ប្រមាណ​ពី ​៣ពាន់​ ទៅ​ ៤​ពាន់​គីឡូម៉ែត្រ ហើយ​ប្រសិន​បើ​គេ​អាច​បាញ់​គ្រាប់មីស៊ីល​នេះ​ដោយ​ជោគជ័យ នោះ​វា​នឹង​អាច​ហោះ​ទៅ​ដល់​ប្រទេស​ជប៉ុន ចិន និង​តំបន់ Guam។

គ្រាប់​មីស៊ីល Musudan នេះ​គឺ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​យក​លំនាំ​តាម​គ្រាប់​មីស៊ីល​បាញ់​ឆ្លងទ្វីប​ដែល​បាញ់​ពី​នាវា​ច្រមុជទឹក​របស់​សូវៀត ហើយ​កូរ៉េខាងជើង​បាន​កែច្នៃ​វា​ឲ្យ​ទៅ​ជា​គ្រាប់​មីស៊ីល​បាញ់​ពី​ដី​ដោយ​ប្រើប្រាស់​ឧបករណ៍​ចល័ត​វិញ៕

XS
SM
MD
LG