ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនួញចិន​ស្តុកស្តម្ភ​ដែល​ធ្លាប់​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា រង​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ លោកស្រី មែន សំអន និង​លោក សៅ សុខា ថត​ជុំគ្នា​ជាមួយ​លោក Broken Tooth ដែល​ស្ថិត​ក្នុង​សម្លៀកបំពាក់​ពណ៌ស ក្នុង​ពិធី​សម្ពោធ​សមាគម​ប្រវត្តិសាស្រ្ត​វប្បធម៌​ហុង​មិន​ពិភពលោក កាលពី​ឆ្នាំ២០១៨។ (រូបថត​ពី​ហ្វេសប៊ុក​លោកស្រី ម៉ែន សំអន)
រូបឯកសារ៖ លោកស្រី មែន សំអន និង​លោក សៅ សុខា ថត​ជុំគ្នា​ជាមួយ​លោក Broken Tooth ដែល​ស្ថិត​ក្នុង​សម្លៀកបំពាក់​ពណ៌ស ក្នុង​ពិធី​សម្ពោធ​សមាគម​ប្រវត្តិសាស្រ្ត​វប្បធម៌​ហុង​មិន​ពិភពលោក កាលពី​ឆ្នាំ២០១៨។ (រូបថត​ពី​ហ្វេសប៊ុក​លោកស្រី ម៉ែន សំអន)

អ្នក​ជំនួញជន​ជាតិ​ចិនដែល​មាន​ទ្រព្យ​សម្បត្ត​មហា​សាល ​និង​ការ​រកស៊ី​ជា​ច្រើន ព្រម​ទាំងធ្លាប់​ជួបជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន​ ត្រូវ​បាន​សហរដ្ឋអាមេរិកដាក់​ទណ្ឌ​កម្ម ក្រោមច្បាប់ ​Global Magnitsky ដែល​សំដៅ​លើ​បុគ្គល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​បណ្តាញ​របស់​គេ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សហ​រដ្ឋអាមេរិក​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ការិយាល័យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​លោក Wan Kuok Koi ដែលគេ​ច្រើនហៅ​ថា ​Broken Tooth ក្រោម​ច្បាប់​អាមេរិក។ នេះ​មាន​ន័យ​ថា​ ទ្រព្យ​សម្បត្តិ​របស់​លោក​នៅ​អាមេរិក​ នឹង​ត្រូវ​បង្កក ប្រសិន​បើមាន ហើយ​ប្រជាជនអាមេរិក​ ត្រូវ​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​ជំនួញ​ជាមួយ​បុគ្គល​នេះ។ ការ​ដាក់​ទណ្ឌកម្ម​នេះ ធ្វើ​ឡើង​ចំ​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២០។

បើ​តាម​សេចក្តី​ថ្លែងការណ៍ លោក Broken Tooth អាយុ​៦៥​ឆ្នាំ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង​១០​ឆ្នាំ បាន​ដឹក​នាំ​ក្រុម «14K» ដែល​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​សង្គម​ងងឹត ដែល​មាន​ការ​ចាត់​តាំង​របស់​ចិន​នៅ​ក្នុង​ពិភព​លោក ហើយ​ធ្វើ​សកម្មភាព​ជួញ​ដូរ​គ្រឿង​ញៀន បើក​ល្បែងស៊ី​សង​ខុសច្បាប់ ធ្វើ​ជំនួញ​ខុស​ច្បាប់ ​ការ​ជួញ​ដូរ​មនុស្ស និង​សកម្មភាព​ខុស​ច្បាប់​ដទៃ​ទៀត។

សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា៖ «Broken Tooth ត្រូវ​បាន​ចាត់​ទុកថាជា​ជន​បរទេស ជា​មេដឹកនាំ​ ឬ​ជា​មន្ត្រី​នៃ​អង្គការ​ស្ថាប័នមួយ ដែល​រួម​ទាំង​ជា​អង្គការ​ស្ថាប័នរដ្ឋាភិបាល ដែល​បាន​ចូលរួម ឬ​ដែល​មាន​សមាជិក​បាន​ចូលរួម​ក្នុង​អំពើ​ពុក​រលួយ ដូច​ជា​ការ​គៃ​បន្លំ​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ ដក​ហូត​យក​ទ្រព្យ​សម្បត្តិ​ឯកជន​សម្រាប់​ខ្លួន​ឯង អំពើ​ពុក​រលួយ​ទាក់​ទង​នឹង​កុងត្រា​របស់​រដ្ឋាភិបាល ឬ​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​ ឬ​ការ​សូក​ប៉ាន់»។

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក លោក ​Broken Tooth ជា​ម្ចាស់ ​ឬ​គ្រប់គ្រង​សមាគម​ World Hongmen History and Culture Association ដែល​ត្រូវ​បាន​បង្កើត​នៅ​កម្ពុជា​ផង​ដែរ​កាល​ពី​ឆ្នាំ​២០១៨ ដែល​ពេល​នោះ លោក​ Broken Tooth បាន​ចូល​រួម​សម្ពោធ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន។

សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា៖ «ក្រុម​សង្គម​ងងឹត ​«14K» កំពុង​តែ​ប្រើ​សមាគម World Hongmen History and Culture Association របស់ ​Broken Tooth ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាព​ស្រប​ច្បាប់»។

សេចក្តី​ថ្លែងការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ សមាគម​ ​Hongmen កំពុង​រីក​ធំ​នៅទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​បង្កើត​ជា​បណ្តាញ​រក​ស៊ី​ដ៏​មាន​ឥទ្ធិពល ដែលពាក់​ព័ន្ធ​នឹង​ការ​បង្កើត និង​ចេញ​រូបិយវត្ថុ​ Crypto អចលន​ទ្រព្យ ហើយ​ក្នុង​ពេលថ្មីៗ​នេះ បង្កើតក្រុមហ៊ុន​សន្តិសុខ ដែល​មាន​ជំនាញ​ខាង​ការពារ​វិនិយោគ​ក្នុង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ ឬ Belt and Road Initiative​(BRI) ​ដែល​ជា​សុបិន​របស់​ប្រទេស​ចិន។

VOA ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។

នៅ​កម្ពុជា សមាគម World Hongmen History and Culture ត្រូវ​បាន​បង្កើត​ឡើង​កាល​ពីថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​មានលោកស្រី ម៉ែន សំអន ឧបនា​យករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​លោក សៅ សុខា មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​កម្ពុជា មាន​វត្តមាន​ក្នុង​ពិធី​បង្កើត​សមាគម​នេះ​ដែរ។ រូបថត​របស់​ពួកគេ​ទាំង​ពីរ ឈរ​ក្បែរ​លោក Broken Tooth ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ។

លោកស្រី ម៉ែន សំអន ពេល​នោះ​បាន​ថ្លែងអរគុណ​សមាគមដែល​បាន​ផ្តល់​សេចក្តី​ទុក​ចិត្ត​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​សមាគម​នេះ ជំរុញការ​វិនិយោគ ជំនួញ និង​ទេសចរណ៍​នៅ​កម្ពុជា ក្រោម​គម្រោង ​BRI របស់​ចិន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក និង​ហ្វេសប៊ុក​របស់​លោកស្រី ម៉ែន សំអន។

កាល​ពីថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩ លោក Broken Tooth ក៏​បាន​ដាក់​សម្ពោធ​ការ​ផលិតស្រាបៀ​ឈ្មោះ​ Hongmen ដែល​កាល​នោះមាន​លោក ឈុំ សុជាត រដ្ឋ​លេខាធិការ និង​ជា​អ្នកនាំពាក្យក្រសួង​ការពារ​ជាតិ និង​លោក គឹម សន្តិភាព រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​ ក៏​បាន​ចូល​រួម​ផង​ដែរ។ នេះ​បើ​តាម​រូប​ភាព​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​សារព័ត៌មាន​ក្នុង​ស្រុក។​

លោក Broken Tooth ធ្លាប់​បាន​ជាប់ពន្ធនាគារ​រយៈពេល​១៤​ឆ្នាំ ទាក់​ទង​នឹង​ការ​លាង​លុយ​ បទ​ឧក្រិដ្ឋ​ជាមួយ​សង្គម​ងងឹត និង​បទ​ល្មើស​ផ្សេង​ទៀត។ លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ កាល​ពី​ឆ្នាំ​២០១២។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។

រូបឯកសារ៖ លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​កម្ពុជា (ខាងស្តាំ) ថត​ជាមួយ​លោក Broken Tooth ក្នុង​ពិធី​សម្ពោធ​សមាគម​ប្រវត្តិសាស្រ្ត​វប្បធម៌​ហុង​មិន​ពិភពលោក កាលពី​ឆ្នាំ២០១៨។ (រូបថតពីហ្វេសប៊ុកលោកស្រី ម៉ែន សំអន)
រូបឯកសារ៖ លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​កម្ពុជា (ខាងស្តាំ) ថត​ជាមួយ​លោក Broken Tooth ក្នុង​ពិធី​សម្ពោធ​សមាគម​ប្រវត្តិសាស្រ្ត​វប្បធម៌​ហុង​មិន​ពិភពលោក កាលពី​ឆ្នាំ២០១៨។ (រូបថតពីហ្វេសប៊ុកលោកស្រី ម៉ែន សំអន)

លោក សៅ សុខា មេ​បញ្ជា​ការកង​រាជ​អាវុធ​ហត្ថ​កម្ពុជា​ ដែល​មាន​រូបថត​ជាមួយ​លោក Broken Tooth កាល​ពី​ឆ្នាំ​២០១៨ មាន​ប្រសាសន៍​ថា​លោក​មិន​បាន​ឮ​ព័ត៌មាន​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ទេ ប៉ុន្តែ​លោក​ថា​ការ​ដែល​លោក​ចូល​រួមក្នុង​កម្មវិធី​សម្ពោធ​សមាគម​Hongmen គឺ​គ្រាន់​តែជា​ការ​អញ្ជើញ​ចូល​រួម​តំណាង​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា​លោក​ក៏​មិន​មាន​ព័ត៌មាន​ដែល​ថាបុគ្គល​ណា​ជា​មនុស្ស​អាក្រក់​នោះ​ទេ។

លោក សៅ សុខា បញ្ជាក់​ថា​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​អាក្រក់ណាមួយ​ជាមួយ​បុគ្គល​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នោះ​ទេ។

លោក​ប្រាប់​VOA​ថា៖ «អញ្ចឹង​អា​ការ​មាន​រូបថត​ជាមួយ​គ្នា ពុំ​មែន​មាន​ន័យ​ថា​ជា​អ្នក​ដែល​បាន​រួម​គំនិត​ជាមួយ​គ្នា​ទេ។ អញ្ចឹង​ខ្ញុំ​ក៏​គ្មាន​ការ​ភ្ញាក់ គ្មាន​ការ​ផ្អើល គ្មាន​ការ​បារម្ភ​អី​ចំពោះព័ត៌មាន​ដែល​ទទួល​បាន​ហ្នឹង​ទេ»។

រូបឯកសារ៖ លោក Broken Tooth ថតរូប​នៅក្នុង​បន្ទប់​ធ្វើការ​របស់​លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កងអង្គរក្ស​របស់​នាយក​រដ្ឋមន្ត្រី កាលពី​ពេល​កន្លងទៅ។ (រូបថតលើបណ្តាញសង្គមហ្វេសប៊ុក)
រូបឯកសារ៖ លោក Broken Tooth ថតរូប​នៅក្នុង​បន្ទប់​ធ្វើការ​របស់​លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កងអង្គរក្ស​របស់​នាយក​រដ្ឋមន្ត្រី កាលពី​ពេល​កន្លងទៅ។ (រូបថតលើបណ្តាញសង្គមហ្វេសប៊ុក)

កន្លង​មក ​រូបភាព​របស់​លោក Broken Tooth ធ្លាប់​ត្រូវ​បាន​គេ​បង្ហោះ​ឲ្យ​ឃើញ​ហាក់​ដូចជា​កំពុង​អង្គុយ​ក្នុង​បន្ទប់​ធ្វើ​ការ​របស់​លោក ហ៊ីង ប៊ុនហៀង មេ​បញ្ជា​ការ​កង​អង្គរក្ស​របស់​នាយក​រដ្ឋមន្ត្រី​ផង​ដែរ។

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយពី​លោក ហ៊ីង ប៊ុន​ហៀង​ បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប មាន​ប្រសាស​ន៍​ថា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​ក៏​មន្ត្រី​រដ្ឋាភិបាល​ មាន​ទំនាក់​ទំនង​តែ​ជាមួយ​មនុស្ស​ល្អ​ស្អាត​ស្អំ​ទេ ហើយ​លោក​បាន​ចោទ​ជា​សំណួរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «អាហ្នឹង​មើល​តែ​មួយ​ផ្នែក​ មិន​ដឹង​ថា​មនុស្ស​ហ្នឹង វា​យ៉ាង​ម៉េច។ យើង​មិន​ទាន់​ដឹង ព្រោះ​ឲ្យ​ខ្ញុំ​ថា​យ៉ាង​ម៉េច បើ​ខ្ញុំ​មិន​ដែល​ស្គាល់​មនុស្ស​ ហ្នឹង​ផង។ អញ្ចឹង​យើង​មិន​អាច​សន្និដ្ឋាន​អី​បានអ្ហេ ថា​មាន​ក្រុម​អី ដូច​ជា​ក្រុម​ Mafia ​មក​កម្ពុជា ដាក់​ទណ្ឌកម្ម។ ប៉ុន្តែនៅ​អាមេរិក មាន​ដែរ ​Mafia? ក្រែង​មាន​ដល់​ភេរវកម្ម​ផង​ទេ?»។

មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​បន្ត​ថា ​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អាមេរិក​មួយ​ចំនួន ​មិន​មាន​ព័ត៌មាន​ពិត​នោះ​ទេ ដោយ​លោក​បារម្ភ​ថា «មាន​និន្នាការ​នយោ​បាយ​ ឬ​មនោគមន៍​វិជ្ជានៅ​ពី​ក្រោយ»។

ទោះ​ជា​យ៉ាងណា លោក សុខ ឥសាន ​មិន​ទាន់​អាច​ប្រាប់​បានថា តើ​នឹង​មាន​ការ​ស៊ើ​បអង្កេត​ ឬ​យ៉ាងណា​នោះ​ទេ​ទៅ​លើ​ករណី​នេះ ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​បុគ្គល​ឈ្មោះ Broken Tooth។

លោក​ប្រាប់​ VOA​ ថា៖ «អ្ហេ សមត្ថកិច្ច ​តួនាទី​ភារកិច្ច​គេ គេ​ឮ​ពី​លិច ​ពីកើត ​ពី​ត្បូង ពី​ជើង​មក។ [បើ]​គេ​មាន​ការ​ចាប់​អារម្មណ៍គេ​ធ្វើ​[ការ​ស៊ើប​អង្កេត] បំពេញ​តួនាទី​ភារកិច្ច​របស់​គេ​ហើយ។ គេ​មិន​មែន​ចេះ​តែ​បណ្តែត​បណ្តោយ​ទេ»។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​របស់​អង្គការ​តម្លា​ភាព​កម្ពុជា មាន​ប្រសាសន៍​ថា​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​ និង​យន្តការ​ច្បាស់​លាស់ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​ទៅ​លើ​អ្នក​រក​ស៊ី ហើយ​ប្រតិបត្តិ​ការ​រក​ស៊ី​របស់​អ្នក​ជំនួញ​ចិននៅ​កម្ពុជា មាន​ភាព​ស្រពេចស្រពិល​ច្រើន។

លោក​បន្ថែម​ថា​ ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ដែល​មាន​ការ​រកស៊ី​នៅ​កម្ពុជា បង្ហាញ​ថា​បរិយាកាស​នៃ​ការ​ធ្វើ​អាជីវ​កម្ម​មិនទាន់​ល្អ​នៅ​ឡើយ​ទេ ហើយ​វាធ្វើ​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​វិនិយោគ​ផ្សេង​ទៀត ដែល​មាន​បំណង​មក​រក​ស៊ី​ក្នុង​ប្រទេស។

លោក​បញ្ជាក់​ថា​៖ «អញ្ចឹង​ហើយ​បាន​ជា​នៅ​ស្រុក​ខ្មែរ​យើង យើង​ជំរុញ​និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យទៅ​លើ​ភាព​ជា​ម្ចាស់​របស់​ក្រុម​ហ៊ុន​ តាម​រយៈ​ការ​ប្រើប្រាស់​កម្មវិធី​មួយ​ដែល​យើង​ហៅ​ថា​ Beneficial Ownership គឺ​ការ​ស្វែង​រក​អំពី​ម្ចាស់​នៃ​ប្រយោជន៍​ផ្ទាល់​ទៅ​លើ​ក្រុម​ហ៊ុន​នីមួយៗ​ឲ្យ​បាន​ជាក់​លាក់»។

លោក ប៉ិច ពិសី បន្ថែម​ថា​អំពើ​ពុក​រលួយ​ និង​ការ​ស៊ី​សំណូក​សូក​ប៉ាន់ ​នៅ​តែ​ជា​បញ្ហា​ដែល​នាំ​ឲ្យ​អ្នក​រក​ស៊ី​ខុស​ច្បាប់ និង​ជន​ឧក្រិដ្ឋមួយ​ចំនួន អាច​រក​ស៊ី​បាន​នៅ​កម្ពុជា។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០​នេះ នៅ​ក្រោម​ច្បាប់ Global Magnitsky ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ UDG (Union Development Group) ក្នុង​ការ​ចោទ​ប្រកាន់​ថា​ ក្រុម​ហ៊ុន​នេះ ​បាន​រឹប​អូស​យក​ដីធ្លី​និង​បំផ្លាញ​លំនៅដ្ឋាន​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កោះ​កុង។

ក្រោម​ច្បាប់​នេះ លោក​នាយ​ឧត្តម​សេនីយ៍​ គន់ គីម ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ក៏ទទួល​រង​ទណ្ឌកម្ម​ផង​ដែរ ដោយ​សារ​សហរដ្ឋ​អាមេរិក​អះអាង​ថា ​លោក​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន ​UDG។ អ្នក​ផ្សេង​ទៀត​ដែល​ស្និទ្ធិ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ទទួល​រង​ទណ្ឌ​កម្ម​នេះ​ដែរ មាន​លោក​ឧកញ៉ា​រក​ស៊ី​ឈើ ទ្រី ភាព និងនាយ​ឧត្តម​សេនីយ៍ ​ហ៊ីង ប៊ុន​ហៀង ​មេ​បញ្ជា​ការ​កង​អង្គរក្ស​របស់​នាយក​រដ្ឋមន្ត្រី៕

XS
SM
MD
LG