ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Human Rights Watch៖ ឧត្តម​សេនីយ៍​កម្ពុជា​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទិញ​សញ្ជាតិ​ស៊ីប


រូបឯកសារខាងក្រោយ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញត្រួតពលនៅពេលដែលលោកមកដល់កិច្ចប្រជុំរដ្ឋសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០០៨ នៅក្នុងរាជធានីភ្នំពេញ។ (REUTERS/Chor Sokunthea) រូបខាងមុខ៖ ឧត្តមសេនីយ៍ទុច្ចរិតទាំង១២របស់កម្ពុជា។
រូបឯកសារខាងក្រោយ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញត្រួតពលនៅពេលដែលលោកមកដល់កិច្ចប្រជុំរដ្ឋសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០០៨ នៅក្នុងរាជធានីភ្នំពេញ។ (REUTERS/Chor Sokunthea) រូបខាងមុខ៖ ឧត្តមសេនីយ៍ទុច្ចរិតទាំង១២របស់កម្ពុជា។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ Human Rights Watch បាន​បង្ហាញ​របាយការណ៍​មួយជា​ភាសា​ខ្មែរ​ ដែល​និយាយ​ពី​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​១២​នាក់​នៅ​កម្ពុជា ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​រំលោភ​សិទ្ធិ​មនុស្ស ដែល​ក្នុង​នោះ​មាន​លោក នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ក្រុម​គ្រួសារ​របស់​លោក​ បាន​ទិញ​វីឡា​ស្កឹម​ស្កៃតម្លៃ​រាប់​លាន​ដុល្លារ​ក្នុង​ប្រទេស​ស៊ីប និង​ទទួលបាន​សញ្ជាតិ​នៅ​ប្រទេស​នោះ។

អង្គការដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ចាត់​ទុក​ថា​ នេះ ជាការ​លាង​លុយ​កខ្វក់​របស់​លោក នេត សាវឿន ដែល​ជា​ស្វាមី​របស់​លោកស្រី ហ៊ុន គីមឡេង ជា​អ្នក​ជំនួញ​សព្វ​មុខ​នៅ​កម្ពុជា និង​ជា​ក្មួយ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

របាយ​ការណ៍​នេះ ​បាន​បង្ហាញ​ជា​ភាសា​អង់គ្លេស​ម្តង​រួច​មក​ហើយ ​កាល​ពី​ឆ្នាំ​២០១៨ ហើយ​ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​ខ្មែរ និង​បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ របាយ​ការណ៍​ជាង​២៨០​ទំព័រ​ បានរៀប​រាប់​លម្អិត​អំពី​ការ​ពាក់ព័ន្ធ​របស់​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​ចំនួន​១២​នាក់​ ទៅ​នឹង«​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាប្រព័ន្ធ​ដ៏ធ្ងន់ធ្ងរ​» ហើយ​ពួក​គេ​ម្នាក់​ៗ មាន​«ទ្រព្យ​សម្បត្តិ​មហា​សាលដែល​មិន​អាច​ពន្យល់​បាន»។

បើ​តាម​វីដេអូរបស់​អង្គការ​ Human Rights Watch ក្រុម​គ្រួសារ​របស់​លោក នេត សាវឿន អគ្គ​ស្នងការ​នគរ​បាល​ជាតិ បាន​«​អួត​សម្ញែង​ទ្រព្យ​និង​ជីវិត​ហ៊ឺ​ហា​ចាយ​វាយ​ខ្ជះ​ខ្ជាយ​នៅ​ក្នុង​បណ្តាញ​សង្គម»។

អង្គការ​អន្តរជាតិ​នេះ ​បាន​អំពាវ​នាវ​ឲ្យ​បណ្តា​រដ្ឋា​ភិបាល​នានា គួរ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ​លើ​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ដូច​ជា​ហាម​ធ្វើ​ដំណើរ និង​បង្កក​ទ្រព្យ​សម្បត្តិ​ពួក​គេ​ជា​ដើម។

អង្គការ​នេះ​បាន​ឲ្យ​ដឹង​ថា លោក នេត សាវឿន និង​ក្រុម​គ្រួសារ​បាន​ចំណាយ​ប្រាក់​២​លាន ​៧​សែន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​អចលនទ្រព្យ​ក្នុង​ប្រទេស​ស៊ីប​ដែល​ជា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ហើយ​ពួក​គេ​បាន​ទទួល​សញ្ជាតិ​ស៊ីប ដែល​អាចឲ្យ​ពួកគេធ្វើ​ដំណើរ​បាន​ទៅ​ប្រទេសប្រមាណ​១០០ ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ ឬ​វីហ្សា​ធ្វើ​ដំណើរ។

នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​សារ​ព័ត៌មាន​ Al​ Jazeera ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២០​នេះ កម្ពុជា​ត្រូវបាន​រក​ឃើញ​ថា​ អ្នក​មាន​លុយ​បានស្វះ​ស្វែង​រក​សញ្ជាតិ​ស៊ីប ក្នុង​គម្រោង​វិនិ​យោគ​អចលនទ្រព្យ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ «មាន​ការ​ផ្តល់​សញ្ជាតិ​ដល់​ជន​ឧក្រិដ្ឋ និង​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ»។

លោក ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គ​ការ​សិទ្ធិមនុស្ស ​Human Rights Watch​ ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ នេះ​ជា​ការ​ទិញ​សញ្ជាតិស៊ីប​ពី​សំណាក់​ក្រុម​គ្រួសាររបស់​លោក នេត សាវឿន ដោយ​ចំណាយ​លុយ​ជា​ច្រើន ហើយ​លុយ​ទាំង​នោះ​បាន​មក​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ប្រាប់​ VOA​ ថា៖ «អ្នក​ដែល​ពុក​រលួយ​ដូច​លោក នេត សាវឿន ឬ​ក៏​ឧត្តម​សេនីយ៍​កម្ពុជា និង​មន្រ្តី​ជាន់​ខ្ពស់​ផ្សេង​ទៀត​ដែល​មាន​តំណែងក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ​ឬ​របប​កម្ពុជា សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។ ដូច​ដែល​អ្នក​បាន​ឃើញ​ក្នុង​វីដេអូ​(ដែលអង្គការ​Human Rights Watch​បាន​បង្ហាញ) លោក នេត សាវឿន មាន​ផ្ទះ​ស្កឹម​ស្កៃ​ក្នុង​រាជធានី​ភ្នំពេញ ជិត​ស្តាត​អូឡាំពិក។ គាត់​ក៏​មាន​អចលនទ្រព្យ​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ដែរ។ ហើយ​មធ្យោបាយដែល​គាត់​មាន​លុយ មិន​អាច​ពន្យល់​បាន។ គាត់​មាន​ប្រាក់​ខែ​ផ្លូវ​ការ​តិច​តួច​តែ​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ។ តើ​គាត់​អាច​ក្លាយ​ជា​សេដ្ឋី​ដែល​មាន​លុយ​រាប់​លាន​ដុល្លារ​យ៉ាងម៉េច»?

រូបឯកសារ៖ រូបថតបង្ហាញលិខិតឆ្លងដែនប្រទេស​ស៊ីប​ (Cyprus)
រូបឯកសារ៖ រូបថតបង្ហាញលិខិតឆ្លងដែនប្រទេស​ស៊ីប​ (Cyprus)

លោក​បន្ត​ថា​ ការដែល​ពួកគេ​ចង់​បាន​សញ្ជាតិ​ស៊ីប​នេះ ដោយ​សារ​ស្ថានភាព​សេដ្ឋកិច្ច និងការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន «មិន​មាន​ស្ថិរភាព» ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្លាក់​ប្រជាប្រិយភាព ហើយ​អាច​ចាញ់​ការ​បោះ​ឆ្នោត។

VOA​ មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក នេត សាវឿន បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ និង​តេលេក្រាម (Telegram) ​របស់​លោក។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប បាន​ច្រាន​ចោល​របាយ​ការណ៍​របស់​អង្គការ​ Human Rights Watch ដោយ​លើក​ឡើង​ថា មិន​មែន​អ្នកមាន​ទ្រព្យ​សម្បត្តិនៅ​កម្ពុជា​ទាំង​អស់ សុទ្ធ​តែ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «គាត់​លើក​ហ្នឹង វា​ត្រឹម​ត្រូវ​ទេ? រំលោភ​សិទ្ធិ​មនុស្ស វា​ទៅ​មាន​ទ្រព្យ​សម្បត្តិ​អ្នក​មាន​ទៅ​វិញ? វា​មិន​ដែល​មាន អាណា​ទៅ​រំលោភ​សិទ្ធិ​មនុស្ស​បាន​លុយ​ទេ។ ហើយ​និយាយ​អញ្ចឹង​ វា​សច្ចធម៌​ទេ? យើង​ដឹង​គេ​រក​ស៊ី​អី​ខ្លះ? បុគ្គល​ម្នាក់ៗ (គេ​រក​ស៊ី) ហើយ​យើង​ទៅ​ប៉ាន់ស្មាន​ពី​ក្រៅ។ ឲ្យ​តែ​ឃើញ​អ្នក​ណា​មាន​ឡាន មាន​ផ្ទះ​ធំ សុទ្ធ​តែ​ពុក​រលួយ​ទាំង​អស់​ហ្នឹង»?

លោក​បន្ថែម​ថា៖ «ម៉េច​មិន​សួរ​លោក ត្រាំ (ប្រធានាធិបតី​សហរដ្ឋ​អាមេរិក)​ថា​ មាន​ផ្ទះ​(តម្លៃ)​រាប់​រយ​លាន​ដុល្លារ​ ម៉េច​មិន​សួរ​គាត់​បាន​លុយ​ពី​ណា​ផង? ហើយ​មក​ក្តៅ​ក្រហាយ​អី តែ​មន្រ្តី​របស់​កម្ពុជា​ទៅ​វិញ»។

មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​រូប​នេះ​ថ្លែង​ការពារ​ថា ទាល់​តែ​មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ច្បាប់ពី​រដ្ឋាភិបាល​នៃប្រទេស​ស៊ីប ទើប​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ទិញ​អចលនទ្រព្យ​នៅ​ទី​នោះ​បាន។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​បើ​គ្មាន​ការយល់​ព្រមពី​អាជ្ញាធរ​គេ មាន​លុយ​ប៉ុន្មាន ក៏ទៅ​ទិញ​ផ្ទះ​មិន​បាន​ ទៅ​ទិញ​ដី​មិន​បាន​ដែរ។ អញ្ចឹង​ត្រូវ​យល់ថា​ វា​មាន​ការ​ត្រឹម​ត្រូវ​ទៅ​តាម​គោល​ការណ៍​ច្បាប់​របស់​ប្រទេស​នីមួយៗ បាន​គេ​អនុវត្ត​ទៅ​បាន»។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៩ ទីភ្នាក់​ងារ​ព័ត៌មាន​បរ​ទេស Reuters បាន​ចេញផ្សាយ​ការ​ស៊ើបអង្កេត​មួយ ដោយ​រក​ឃើញ​ថា ​ក្មួយ​ស្រី​របស់​លោក ហ៊ុន សែន គឺ​លោកស្រី ហ៊ុន គីម​ឡេង ដែល​ជា​ភរិយា​របស់​លោក នេត សាវឿន បាន​ទទួល​សញ្ជាតិ​ស៊ីប។ Reuters ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនី​រ័ត្ន ​បាន​ស្នើ​សុំ​សញ្ជាតិ ខណៈ​ដែល​លោក​ឧកញ៉ា ឡៅ ម៉េងឃីន ​ព្រឹទ្ធ​សមាជិក​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប និង​ភរិយា​របស់​លោក ក៏​បាន​ទទួល​សញ្ជាតិ​ស៊ីប​នេះ​ផង​ដែរ។

យោង​តាម​សារព័ត៌មាន​ Reuters ដើម្បី​ចូល​សញ្ជាតិ​ស៊ីប​បាន ​អ្នក​ស្នើ​សុំ​សញ្ជាតិ​ពី​ប្រទេស​ស៊ីប តម្រូវ​ឲ្យ​មាន​ទឹក​ប្រាក់​វិនិយោគ​ក្នុង​ប្រទេស​នេះ​យ៉ាង​តិច ​២​លាន ​២​សែន​ដុល្លារ​អាមេរិក។

ទីភ្នាក់​ងារ​សារព័ត៌មាន​ Reuters ​បាន​រក​ឃើញ​ទៀត​ថា លោកស្រី ហ៊ុន គីមឡេង បាន​ទិញ​ផ្ទះ​ល្វែង​មួយ​នៅ​កណ្តាល​ទីក្រុង​ឡុងដ៍ កាល​ពី​ឆ្នាំ​២០១០ ក្នុង​តម្លៃ​ប្រហែល ​២​លាន ​៥​សែន​ដុល្លារ​អាមេរិក​កាល​នោះ។ លោកស្រី​ក៏​មាន​ផ្ទះ​ល្វែង​តម្លៃ​រាប់​លាន​ដុល្លារ​ផ្សេង​ទៀត​នៅ​ប្រទេស​សិង្ហបុរី​ផង​ដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ Reuters។

នៅ​ក្នុង​របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ក្រុម​ឧត្តមសេនីយ៍​ដែល​អង្គ​ការ​នេះ​ចោទ​ថា​ រំលោភ​សិទ្ធិ​មនុស្ស ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ក្រៅ​ប្រទេស មាន​ដូច​ជា​លោក ប៉ុល សារឿន លោក គន់ គីម លោក​ សៅ សុខា លោក ជា ម៉ន (ដែល​បាន​ស្លាប់​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨) លោក​ ប៊ុន សេង លោក​ ជឿន សុវណ្ណថា លោក ចាប ភក្តី លោក រ័ត្ន ស្រ៊ាង លោក សុខ ផល លោក ម៉ក់ ជីតូ និង​លោក ជួន សុវណ្ណ។ រហូតម​កដល់​ពេល​នេះ ពួកគេ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​លើ​ការ​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG