ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​ចោទ​ឧត្តម​សេនីយ៍​ខ្មែរ​១២រូប​ថា​បាន​រំលោភសិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​និង​ជា​ឆ្អឹង​បង្អែក​របប​ផ្តាច់ការ


​ឧត្តម​សេនីយ៍​ជាន់ខ្ពស់កម្ពុជា​ចំនួន ​១២ រូប ដែលរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចោទថា បានរំលោភសិទ្ធិមនុស្សជាលក្ខណៈប្រព័ន្ធ។ (រូបថតដោយ Human Rights Watch)
​ឧត្តម​សេនីយ៍​ជាន់ខ្ពស់កម្ពុជា​ចំនួន ​១២ រូប ដែលរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចោទថា បានរំលោភសិទ្ធិមនុស្សជាលក្ខណៈប្រព័ន្ធ។ (រូបថតដោយ Human Rights Watch)

ក្រោយពី​បាន​ចេញ​របាយការណ៍​ដែលមាន​ខ្លឹមសារ​ដូចគ្នា​នេះ​ជា​ភាសា​អង់គ្លេស​ម្តងរួច​ហើយ កាល​ពីពាក់​កណ្តាល​ឆ្នាំ​ ២០១៨​ អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ​បាន​ចេញ​របាយការណ៍​ជាភាសា​ខ្មែរ​ចំនួន​ ២៨៤ ​ទំព័រ​ជាថ្មី​ទៀត ​ដោយ​រៀប​រាប់​លម្អិត​អំពីការពាក់ព័ន្ធ​របស់​ឧត្តម​សេនីយ៍​ជាន់ខ្ពស់​ចំនួន ​១២ ​នាក់​ ទៅនឹង​ការរំលោភ​សិទ្ធិមនុស្ស​ជាប្រព័ន្ធ​ដ៏ធ្ងន់ធ្ងរ​ ដើម្បី​គាំទ្រ​ការដឹកនាំ​ប្រទេស​តាម​របៀប​ឯកបក្ស​ របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ VOA ​ទទួល​បាន​នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ។

លោក​ ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch​ ប្រចាំ​តំបន់​អាស៊ី​ បានថ្លែងថា​ ក្រុម​ឧត្តមសេនីយ៍​ទាំង ១២ ​នេះ ​គឺជា​ឆ្អឹងខ្នង​នៃ​របប​នយោបាយ​ផ្តាច់ការ​និង​បែប​គាបសង្កត់ ​ហើយមិន​ខ្លាចនឹង​ប្រព្រឹត្ត​អំពើ​អាក្រក់ ​ដោយសារ​តែការ​ដំឡើង​មុខតំណែង​របស់​ពួកគេ និង​ទ្រព្យសម្បត្តិ​ស្តុកស្តម​របស់​ពួកគេ ​ដែលបាន​មកពី​លោក​ ហ៊ន សែន​ ជា​ច្រើន​ឆ្នាំ​មក​នេះ។

«ជាច្រើន​ឆ្នាំហើយ​លោក ​ហ៊ុន សែន ​បាន​បង្កើត​ និងពង្រីក​មន្ត្រី​ជាកង​កម្លាំង​សន្តិសុខ​ស្នូល ដើម្បី​អនុវត្ត​បទ​បញ្ជា​របស់​គាត់​យ៉ាង​ឃោរឃៅ ​និង​ឥតមេត្តា។ ​តួនាទីដ៏​មានសារ:​សំខាន់​របស់​ឧត្តមសេនីយ៍​ខ្មែរ​ទាំងនោះ​ បាន​បង្ហាញ​កាន់តែ​ច្បាស់​ នៅពេល​ពួកគេ​បង្ក្រាប​ដ៏ធំទូលំ​ទូលាយ​ទៅ​លើ​ក្រុម​អ្នកកាសែត ​ក្រុម​អ្នកប្រឆាំង ​និង​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល»។

លោក​បាន​ថ្លែង​យ៉ាងដូច្នេះ​ ដោយ​ភ្ជាប់មក​ជាមួយ​នូវ​វីដេអូ​ឃ្លីបខ្លីមួយ​ ដែល​បង្ហាញ​មុខ​ឧត្តមសេនីយ៍​ទាំង​ ១២ រូប ​បង្ហាញ​ពីការ​ស្លាប់​លោក​បណ្ឌិត ​កែម ឡី​ ការបង្ក្រាប​លើ​ក្រុម​ជំទាស់​របស់លោក​ សម រង្ស៊ី ​និងលោក​ កឹម សុខា ​បង្ហាញ​អំពី​គេហដ្ឋាន​ដ៏ស្កឹមស្កៃ​របស់​ក្រុម​ឧត្តមសេនីយ៍ទាំងនោះ​ ដោយ​ប្រៀប​ធៀប​នឹង​ជីវភាព​ក្រីក្រ​របស់​ពលរដ្ឋខ្មែរ​ បង្ហាញថា​កម្ពុជា​ជាប្រទេស​ដែលស្ថិត​ក្នុងបញ្ជី​របស់​អន្តរជាតិ​ថា​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ ក្នុង​ចំណោម​ប្រទេស​លើពិភពលោក​ ហើយ​ថែមទាំង​ទទូចថា​រដ្ឋាភិបាល​នានា​គួរ​ដាក់​ទណ្ឌកម្ម​ដូចជា​រារាំង​ការ​ធ្វើដំណើរ​ និង​បង្កក​ទ្រព្យសម្បត្តិ​ប្រឆាំង​នឹង​អ្នក​រំលោភបំពាន​សិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរទាំងនោះ។

ក្រៅពី​រៀបរាប់​ពី​ការដំឡើង​ឋានន្តរសក្តិ​តួនាទី ​និង​មុខតំណែងដល់​មន្ត្រី​មួយ​ចំនួន ​ក្នុង​ចំណោម ​១២ រូប​ ហើយនិង​បញ្ជាក់ពី​ការស្លាប់​របស់​ឧត្តម​សេនីយ៍​ម្នាក់​ ក្នុង​ចំណោម ​១២ នាក់​នោះ ​វីដេអូឃ្លីប​ដដែល​ ក៏បាន​រៀបរាប់​ជាមួយ​នឹងការ​ដាក់​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​ក្នុង​ឯក​សណ្ឋាន​យោធា​ថា ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​គួរដាក់​លក្ខខណ្ឌ​ចំពោះការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ និង​លក្ខខណ្ឌ​ចំពោះ​ការផ្តល់ជំនួយ​ដល់​រដ្ឋាភិបាល​ ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​ ហើយនិង​ធ្វើ​កំណែ​ទម្រង់​កង​កម្លាំង​សន្តិសុខ​ ដែលមាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នេះ​ផងដែរ។

ក្រុមឧត្តម​សេនីយ៍​ទាំងនោះ ​ត្រូវបានបញ្ជាក់​ក្នុង​របាយការណ៍​អង្គការ​ Human Rights Watch​ ជាភាសាខ្មែរ​បន្ថែម​ពីលើ​ភាសា​អង់គ្លេស ​កាលពី​ឆ្នាំ ២០១៨ ​ម្តងហើយ​នោះ អំពី​ការពាក់​ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ជាច្រើន ​រួមទាំង​សម័យ​ខ្មែរក្រហម​ផងដែរ។

ឧត្តម​សេនីយ៍​ទាំង​១២​រូប ដែល​ត្រូវ​បាន​ដាក់​បង្ហា​ញ​រូប​ថត​ឈ្មោះ​ និង​មុខ​តំណែង​ គឺ​មាន​នាយ​ឧត្តម​សេនីយ៍​ ប៉ុល សារឿន​ អតីតអគ្គ​មេ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​កម្ពុជា ​ត្រូវ​បានដំឡើង​មុខ​តំណែង​ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​។ ​

នាយ​ឧត្តម​សេនីយ៍ ​គន់ ​គីម​ អតីតអគ្គមេ​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​អតីត​អគ្គសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរ​ភូមិន្ទ​ ដែល​ត្រូវ​គេ​ដឹង​ថា​បាន​ដំឡើង​មុខតំណែង​និងតួនាទី​ជាទេសរដ្ឋមន្ត្រី​ និង​ជាអនុប្រធាន​គណ:កម្មាការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។​

លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា ​អគ្គមេ​បញ្ជាការ​រងកង​យោធពល​ខេមរ​ភូមិន្ទ និង​ជាអគ្គ​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស។​

លោក​នាយ​ឧត្តម​សេនីយ៍​ នេត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ។​

ឧត្តម​សេនីយ៍​ឯក ​ជា ម៉ន​ មេ​បញ្ជាការ​រង​នៃ​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​៤ បាន​ទទួល​មរណភាព កាលពី​ឆ្នាំ ២០១៨។​

ឧត្តមសេនីយ៍ឯក ប៊ុន សេង អតីតមេបញ្ជាការរងនៃកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ ៥ ត្រូវបានដំឡើងតួនាទីជារដ្ឋលេខាធិការក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងនៃកងទ័ពជើងគោក និងមេបញ្ជាការតំបន់យោធភូមិភាគ ២។​

ឧត្តម​សេនីយ៍​ឯក ចាប ភក្តី​ នាយ​រង​អគ្គសេនាធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ឆ័ត្រ​យោង​លេខ ​៩១១។​

ឧត្តម​សេនីយ៍​ឯក ​រ័ត្ន ស្រ៊ាង​ មេ​បញ្ជាការ​រង​នៃ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ។​

លោក​នាយ​ឧត្តម​សេនីយ៍​ សុខ ផល ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ និងបច្ចុប្បន្ន​ត្រូវបានដំឡើងមុខតំណែងជារដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ។​

លោក​នាយ​ឧត្តម​សេនីយ៍​ ម៉ក់ ជីតូ​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។

នាយ​ឧត្តម​សេនីយ៍​ ជួន សុវណ្ណ​ អតីត​អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ​ និង​បច្ចុប្បន្ន​ជាអនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។​

នៅមិនទាន់​ឃើញ​មានការ​ឆ្លើយតប​ភ្លាមៗ​ពីមន្ត្រី​រដ្ឋាភិបាល​ ឬក្រុម​ឧត្តមសេនីយ៍​ទាំងនោះ​នៅឡើយទេ​ ចំពោះ​របាយការណ៍​ជាភាសាខ្មែររបស់​អង្គការ​សិទ្ធិមនុស្ស​ Human Rights ​Watch​ នេះ៕

XS
SM
MD
LG