ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ថា​រុស្ស៊ី​ក្លែងបន្លំ​អំពី​ការ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង


ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley ថ្លែង​នៅ​ក្នុង​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ។
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley ថ្លែង​នៅ​ក្នុង​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley បាន​ចោទ​ប្រកាន់​រុស្ស៊ី​ពី​បទ​ក្លែងបន្លំ​អំពី​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​កូរ៉េខាងជើង​ដោយ​បាន​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​ក្រុង​មូស្គូ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខំប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​នៅក្នុង​ឧទ្វីប​កូរ៉េ​ទាំង​មូល។ លោកស្រី Haley បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «អំពើ​ពុករលួយ​របស់​ប្រទេសរុស្ស៊ី​ដូចជា​មេរោគ​អ៊ីចឹង។ វា​កំពុង​រារាំង​ដល់​លទ្ធភាព​របស់​យើង​ក្នុង​ការ​សម្រេច​បាន​ការ​ធ្វើ​មិន​មាន​នុយក្លេអ៊ែរ​ទាំងស្រុង​នៅក្នុង​ប្រទេស​កូរ៉េ​ខាងជើង»។

លោកស្រី Haley បាន​ថ្លែង​បន្ត​ថា​លោកស្រី​មិន​ពេញចិត្ត​នឹង​របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញ​ឯករាជ្យ​ដែល​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​ការដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ទេ។

សហរដ្ឋអាមេរិក​បាន​ផ្តល់​ភស្តុតាង​ទៅ​ដល់​ក្រុមជំនាញការ​អំពី​ការ​រំលោភ​បំពាន​របស់​រុស្ស៊ី។ ប៉ុន្តែ​របាយការណ៍​ដែល​ក្រុមជំនាញ​បាន​បង្ហា​ញទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​បាន​លុប​ការ​រំលោភបំពាន​នានា​របស់​រុស្ស៊ី។

លោកស្រី​ឯកអគ្គរដ្ឋទូត Haley បាន​ថ្លែង​បន្ត​ថា «ជាក់ស្តែងណាស់​ រុស្ស៊ី​បាន​គំរាម​ការពារ​ការ​ចេញផ្សាយ​របាយការណ៍​នេះ​ លុះត្រា​តែ​មាន​ការ​យល់ព្រម​ទៅ​លើ​សំណើ​ឲ្យ​បិទបាំង​ភស្តុតាង​រំលោភបំពាន​ទាំង​នេះ។ ហើយ​យើង​មាន​ការ​សោកស្តាយ​ណាស់​ដែល​គណៈកម្មការ​យល់ព្រម​ទៅ​នឹង​សំណើ​នេះ»។

លោកស្រី Haley បាន​ថ្លែង​បន្ថែម​ថា​សហរដ្ឋអាមេរិក​គ្មាន​ជម្រើស​ណា​ក្រៅ​ពី​ការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​របាយការណ៍​ដែល​គ្រោះថ្នាក់​នេះ​ទេ»។

លោកស្រី Haley បាន​ប្រាប់​សមាជិក​ក្រុមប្រឹក្សា​ថា «ផលលំបាក​នានា​នៅក្នុង​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង​នៅ​បន្ត​កើតឡើង។ ជំនួប​កំពូល​រវាង​លោក Trump និង​លោក Kim បាន​បង្កើត​ផ្លូវ​ឲ្យ​យើង​ដើរ​ឆ្ពោះ​ទៅមុខ​រហូត​ទាល់​តែ​សម្រេច​ការ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ ​ប៉ុន្តែ​យើង​មិន​ទាន់​ដើរ​ទៅ​ដល់​ចំណុច​នេះ​នៅ​ឡើយ​ទេ។ ហើយ​ដើម្បី​ដើរ​ទៅ​ដល់​ចំណុច​នោះ​ យើង​មិន​ត្រូវ​បញ្ឈប់​ទណ្ឌកម្ម​ដ៏ខ្លាំងក្លា​ដែល​បាន​ដាក់​នៅ​ទូទាំង​ពិភពលោក​នោះ​ទេ»៕

XS
SM
MD
LG