ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​ហៅ​ទណ្ឌកម្ម​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ដែល​ដាក់​លើ​ខ្លួន​ថា​ជា «សកម្មភាព​បង្ក​សង្គ្រាម‍»


មេដឹក​នាំ​កូរ៉េ​ខាងជើង​ Kim Jong Un ធ្វើ​កិច្ច​បិទ​សន្និសិទលើ​ក​ទី​ប្រាំ​អំពី Cell Chairpersons នៃគណបក្ស​ Workers' Party of Korea (WPK) កាលពី​ថ្ងៃទី​២៣ ធ្នូ ។

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ចុង​ក្រោយ​បំផុត​របស់​អង្គការ​សហប្រជាជាតិ​មក​លើ​ខ្លួន​ថា​ជា «សកម្មភាព​បង្ក​សង្គ្រាម‍» និង​ជា​សកម្មភាព​ដែល «ដូច​ទៅ​នឹង​ការ​រារាំង​សេដ្ឋកិច្ច​ទាំង​ស្រុង‍» ដូច្នេះ​ដែរ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង «បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​សេចក្ដី​សម្រេច‍» របស់​អង្គការ​សហប្រជាជាតិ​នេះ។ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា សេចក្ដី​សម្រេច​នេះ​គឺ​ជា​លទ្ធផល​នៃ​អំពើ​ភេរវកម្ម​របស់​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​មក​លើ​ជោគជ័យ​របស់​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ខ្លួន។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​មួយ​ចំនួន​បន្ថែម​ទៀត​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​ទណ្ឌកម្ម​នោះ​សំដៅ​លើ​វិស័យ ឬ​ផ្នែក​ណា​ដែល​ជួយ​ដល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ខុស​ច្បាប់​របស់​កូរ៉េ​ខាង​ជើង។

លោកស្រី Nikki Haley ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​សំដៅ​ទៅ​លើ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un យ៉ាង​ដូច្នេះ​ថា៖ «ដូច​ដែល​យើង​ធ្លាប់​ធ្វើ​កាល​ពី​លើក​មុនៗ យើង​នឹង​បន្ត​ផ្គូផ្គង​ជម្រើស​សកម្មភាព​គឃ្លើន​របស់​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង ជាមួយ​នឹង​សកម្មភាព​នៃ​ទណ្ឌកម្ម​អន្តរជាតិ‍»។

ការ​ប្រកាស​របស់​កូរ៉េ​ខាង​ជើង​ចំពោះ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​នេះ គឺ​មាន​បំណង​ចង់​តតាំង​ជាមួយ​នឹង​ការ​អះអាង​ខាង​លើ​របស់​លោកស្រី Nikki Haley ដោយ​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា៖ «ប្រសិនបើ​សហរដ្ឋ​អាមេរិក​ចង់​មាន​សុវត្ថិភាព សហរដ្ឋ​អាមេរិក​ត្រូវតែ​លះបង់​គោល​នយោបាយ​បង្ក​ជម្លោះ​របស់​ខ្លួន​ចេញ... និង​ត្រូវ​រៀន​រស់នៅ​ជាមួយ​នឹង​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ‍»៕

XS
SM
MD
LG