រដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា ខ្លួនបានដកហូតទិដ្ឋាការរបស់ជនជាតិចិនជាង១.០០០ នាក់ដែលត្រូវបានចាត់ទុកថាមាន «ហានិភ័យខ្ពស់» ដល់សន្តិសុខសហរដ្ឋអាមេរិកព្រោះពួកគេត្រូវជាប់សង្ស័យថាមានទំនាក់ទំនងជាមួយយោធាចិន។
ក្រសួងការបរទេសអាមេរិកបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ការដកហូតទិដ្ឋាការនេះ ត្រូវបានអនុញ្ញាតដោយសេចក្ដីប្រកាសមួយដែលចុះហត្ថលេខាដោយលោកប្រធានាធិបតីDonald Trump កាលពីថ្ងៃទី ២៩ ខែឧសភា។ សេចក្ដីប្រកាសនោះសំដៅលើនិស្សិត ដែលធ្លាប់សិក្សានៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យនៅក្នុងប្រទេសចិន និងដែលមានទំនាក់ទំនងជាមួយកងទ័ពរំដោះប្រជាជនរបស់ចិន។
រដ្ឋបាលលោក Trump បានចោទនិស្សិតចិនទាំងនោះថា មកសហរដ្ឋអាមេរិកដើម្បីលួចកម្មសិទ្ធិបញ្ញា ដើម្បីយកទៅអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងយោធារបស់ប្រទេសចិន។
ស្ត្រីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា«និសិត្សឧត្តមសិក្សា និងអ្នកស្រាវជ្រាវចិនដែលមានហានិភ័យខ្ពស់» ជាង ១.០០០ នាក់ ដែលទិដ្ឋាការរបស់ពួកគេត្រូវបានដកហូត កាលពីថ្ងៃទី១ ខែមិថុនា គ្រាន់តែជាចំនួនដ៏តិចតួចមួយនៃនិស្សិតចិនសរុបជាង៣៦.០០០នាក់ដែលកំពុងសិក្សានៅក្នុងសហរដ្ឋអាមេរិក។ លោកស្រីបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែស្វាគមន៍និស្សិត និងអ្នកស្រាវជ្រាវមកពីប្រទេសចិនណាដែលមិនជួយដល់ការប៉ុនប៉ងគ្របដណ្តប់ខាងវិស័យយោធា នៃបក្សកុម្មុយនិស្តចិននោះ។
នៅថ្ងៃព្រហស្សតិ៍ ចិនបានចោទរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថាបានធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និង ធ្វើការរើសអើងពូជសាសន៍៕