ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​កំណត់​បុគ្គល​ និង​​​ក្រុមហ៊ុន​ចិន​ដែល​ពាក់ព័ន្ធ​សកម្មភាព​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​​


រូបឯកសារ៖ ទង់ជាតិសហរដ្ឋអាមេរិក​​បក់រវិចៗ​នៅ​ជិត​វត្ថុតំណាង​របស់​ចិន​នៅ​ខាង​ក្រៅ​មហាសាល​ប្រជាជន​ចិន ថ្ងៃ​ទី ២៣ ខែឧសភា ឆ្នាំ២០១៨។

សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ បាន​ដាក់​ក្រុមហ៊ុន​ចិន​ចំនួន ​២៤​ ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​ និង​កំណត់​បុគ្គល​មួយ​ចំនួន​ទាក់ទង​នឹង​សកម្មភាព​សាង​សង់​និង​សកម្មភាព​យោធា ក្នុង​ដែន​ជម្លោះ​ទឹក​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។​

ក្រសួង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​លើក​ឡើង​ថា ​ក្រុមហ៊ុន​ទាំង ​២៤ ​នោះ​ បាន​«ដើរ​តួនាទី​ក្នុង​ការ​ជួយ​ដល់​ក្រុម​យោធា​ប្រទេស​ចិន​ក្នុង​ការ​សាង​សង់​និង​ធ្វើ​សកម្មភាព​យោធា​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ទទួល​រង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​នោះ»។​

ចំណែក​ក្រសួង​ការបរទេស​អាមេរិក​វិញ​ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ ខ្លួន​នឹង​បិទ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​ចិន​រូប​ណា ដែល​ទទួល​ខុស​ត្រូវ​ ឬ​ពាក់ព័ន្ធក្នុង​សកម្មភាពនោះ​ ក៏​ដូច​ជា​អ្នកពាក់ព័ន្ធ​ទាំង​ឡាយ​ក្នុងសកម្មភាព​ប្រើ​កម្លាំង​របស់​ចិនប្រឆាំងបណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ក្នុង​ជម្លោះមិន​ឲ្យ​អាចប្រើប្រាស់​ប្រភព​ធន​ធាន​ក្នុង​សមុទ្រ​នេះ​បាន៕

នេះ​ជា​វិធានការ​ចុងក្រោយ​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​បង្ក្រាបទៅ​លើ​ក្រុមហ៊ុនចិន​ដែលអាចផ្តល់​ការគាំទ្រ​ដល់​សកម្មភាព​របស់​យោធា​ចិន។ វិធានការ​ថ្មី​នេះ​ក៏​កើត​មាន​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ខាង​មុខ ដោយទាំង​លោក​ប្រធានាធិបតី​ Donald Trump និង​គូប្រជែង​ខាងគណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden សុទ្ធ​តែ​បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ប្រទេស​ចិន។

កន្លង​មក​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ចិន​ថា​បាន​បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ និង​គំរាម​កំហែង​បណ្តា​ប្រទេស​អាស៊ាន​ជិត​ខាង​ដែល​មាន​ជម្លោះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG