ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋអាជ្ញា​អាមេរិក​ថា​អ្នក​វិទ្យាសាស្ត្រ​ចិន​ដែល​​​បន្លំ​ទិដ្ឋាការ​កំពុង​លាក់​ខ្លួន​នៅ​កុងស៊ុល​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ


ស្ថាន​កុងស៊ុល​ប្រទេស​ចិន​នៅ​ក្នុង​ទី​ក្រុង​ Houston សហរដ្ឋអាមេរិក​ ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
ស្ថាន​កុងស៊ុល​ប្រទេស​ចិន​នៅ​ក្នុង​ទី​ក្រុង​ Houston សហរដ្ឋអាមេរិក​ ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

ក្រុម​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក​និយាយ​ថា ស្ថាន​កុងស៊ុល​ប្រទេស​ចិន​នៅ​ក្នុង​ទី​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋ​កាលីហ្វ័រញ៉ា កំពុង​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ចិន​ម្នាក់​ដែល​បាន​លាក់​ពី​ទំនាក់ទំនង​ខ្លួន​ជាមួយ​យោធា​ចិន លាក់​ខ្លួន​នៅ​ក្នុង​បរិវេណ​ស្ថានកុងស៊ុល​របស់​ខ្លួន។​

ក្រុម​រដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់​អ្នកស្រី Tang Juan អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​នៅ Davis អំពី​ការ​ក្លែង​បន្លំ​ទិដ្ឋាការ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា។ យោង​តាម​ឯកសារ​តុលាការ នៅ​ក្នុង​ពាក្យ​ដាក់​សុំ​ទិដ្ឋាការ អ្នកស្រី Tang អះអាង​ថា អ្នកស្រី​មិន​មាន​ទំនាក់ទំនង​ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន​ទេ។ ប៉ុន្តែ​ភ្នាក់ងារ​នៃ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​FBI ក្រោយ​មក​បាន​រក​ឃើញរូបថត​អ្នកស្រី​ក្នុង​សម្លៀកបំពាក់​យោធា​ពេល​ឆែកឆេរ​ផ្ទះ​របស់​អ្នកស្រី ហើយ​បាន​រក​ឃើញ​ព័ត៌មាន​ថា​អ្នកស្រី​ធ្លាប់​បាន​ធ្វើ​ការ​ជា​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​របស់​កងទ័ព​អាកាស​ចិន។

នៅ​ក្នុង​ឯកសារ​តុលាការ​នេះ អ្នកស្រី​ Tang បាន​បដិសេធ​ការ​ចោទ​ទាំង​នេះ​នៅពេលអ្នក​ស្រី​ត្រូវ​ភ្នាក់ងារ​FBI សាកសួរ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ហើយ​ក្រោយ​ពី​នោះ​អ្នកស្រី​បាន​ស្វះស្វែង​រក​ការ​ជ្រក​កោណ​នៅ​ស្ថានកុងស៊ុល​ចិន​នៅ​ក្រុង​សាន់ហ្រាន់ស៊ីនស្កូ។

ការ​ចោទ​របស់​រដ្ឋ​អាជ្ញា​នេះ​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​គេហទំព័រ​ព័ត៌មាន​អាមេរិក Axios កាល​ពី​ថ្ងៃ​ពុធ គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​ក្រសួង​ការ​បរទេសសហរដ្ឋ​អាមេរិក​បាន​បញ្ជា​ឲ្យស្ថានកុងស៊ុល​ចិន​នៅ​ទី​ក្រុង Houston រដ្ឋ Texas បិទ​ដោយ​សារ​ការ​ចោទ​ថា​បាន​រួម​ចំណែក​លួច​កម្មសិទ្ធិ​បញ្ញា​អាមេរិក។

រដ្ឋ​អាជ្ញា​អាមេរិក​ចោទ​ថា​អ្នកស្រី​Tang ជា​ផ្នែកនៃ​កម្មវិធី​របស់​យោធា​ចិន​ដើម្បី​បញ្ជូន​អ្នក​វិទ្យាសាស្ត្រ​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​បំណង​លួច​កម្មសិទ្ធិ​បញ្ញា​នៅ​តាម​សាលវិទ្យាល័យ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អាមេរិក៕

XS
SM
MD
LG