ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​កំហិត​ទិដ្ឋាការ​លើ​មន្ត្រី​ចិន​ទាក់ទិន​នឹង​រឿង​តំបន់​ទីបេ


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅក្រសួងការពារជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅក្រសួងការពារជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ខ្លួន​បាន​ដាក់​កំហិត​ទិដ្ឋាការ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ចិន​មួយ​ចំនួន ទាក់ទិន​នឹង​រឿង​តំបន់​ទីបេ ដោយ​បាន​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ឲ្យ​តំបន់​ទីបេ​មាន «ស្វ័យភាព​ពិត​ប្រាកដ»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា លោក​បាន​ចាត់​វិធានការ​ប្រឆាំង​នឹង​មន្ត្រី​រដ្ឋាភិបាល​ចិន​មួយ​ចំនួន នៅ​ក្រោម​ច្បាប់​ថ្មី​មួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​ជំរុញ​ឲ្យ​ចិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​អាច​ធ្វើ​ដំណើរ​ទៅ​តំបន់​ទីបេ​បាន។

លោក Pompeo បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «ជា​អកុសល រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បន្ត​ជា​ប្រព័ន្ធ​នៅ​ក្នុង​ការ​រារាំង​ដល់​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រី​ការទូត និង​មន្ត្រី​អាមេរិកាំង​ផ្សេង​ទៀត អ្នក​កាសែត និង​អ្នក​ទេសចរ ទៅ​កាន់​តំបន់​ស្វ័យត​ទីបេ និង​តំបន់​ផ្សេងៗ​ទៀត​នៃ​តំបន់​ទីបេ ចំណែក​ឯ​មន្ត្រី​រដ្ឋាភិបាល និង​ពលរដ្ឋ​ចិន​វិញ​អាច​មាន​លទ្ធភាព​ប្រសើរ​ខ្លាំង​ជាង​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក»។

លោក Pompeo បាន​ដាក់​កំហិត​ទិដ្ឋាការ​ចំពោះ​មន្ត្រី​ចិន​រូប​ណា ដែល​ត្រូវ​បាន​កំណត់​ថា «មាន​ការ​ពាក់ព័ន្ធ​ជា​បន្ត» នៅ​ក្នុង​ការ​រារាំង​ជន​បរទេស​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​តំបន់​ទីបេ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​អំពី​ឈ្មោះ​របស់​មន្ត្រី​ចិន ឬ​ក៏​មិន​បញ្ជាក់​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​រង​ការ​ដាក់​កំហិត​នេះ​ទេ ដោយ​លើក​ឡើង​ពី​ច្បាប់​រក្សា​ការ​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG