ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ធ្លាក់​ចុះ​នូវ​ការ​ប្រើ​ភាសា​ចិនហុកគៀន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​បង្ហាញ​ឲ្យ​ឃើញ​ពី​បញ្ហា​នៅ​ពេល​អនាគត


រូបភាពឯកសារ៖ សិស្សសាលា​ដើរ​កាត់​ផ្ទះ​រាល​មូល​ដ៏​ចាស់​មួយ​ដែល​ជា​ផ្ទះ​បុរាណ​របស់​ក្រុម​ជនជាតិ​ចិន​ភាគ​តិច ​Hakka ក្នុង​ភូមិ Yongding ខេត្ត​ Fujian កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០០៥។
រូបភាពឯកសារ៖ សិស្សសាលា​ដើរ​កាត់​ផ្ទះ​រាល​មូល​ដ៏​ចាស់​មួយ​ដែល​ជា​ផ្ទះ​បុរាណ​របស់​ក្រុម​ជនជាតិ​ចិន​ភាគ​តិច ​Hakka ក្នុង​ភូមិ Yongding ខេត្ត​ Fujian កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០០៥។

មនុស្ស​ចំនួន ៣៤ លាន​នាក់​នៅ​លើ​ពិភពលោក​និយាយ​ភាសា​ចិនហុកគៀន​នេះ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង កោះ​តៃវ៉ាន់ និង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។

នៅ​ឯ​ផ្ទះ​របស់​ក្រុម​គ្រួសារ​លោក Damon Huang នៅ​ភូមិ Shakou ដែល​ជា​ភូមិ​ដ៏​តូច​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន វា​ជា​រឿង​ធម្មតា​ដែល​គេ​ឭ​គ្រួសារ​នេះ​និយាយ​ភាសា​ចិន ៣ ប្រភេទ​ផ្សេង​គ្នា​ជា​រៀងរាល់​ថ្ងៃ។

ក្នុង​នោះ​គឺ​មាន​ភាសា​ចិនហុកគៀន ដែល​ជា​ភាសា​របស់​ជីដូនជីតា​របស់​លោក ភាសា​ចិនកន្តាំង ដែល​ជា​ភាសា​ចម្បង​ប្រើ​នៅ​ក្នុង​តំបន់​នៃ​ខេត្ត Guangdong នេះ និង​ភាសា​ចិន​កុកងឺ ដែល​ជា​ភាសា​ផ្លូវការ​របស់​ប្រទេស​ចិន និង​ជា​ភាសា​ដែល​អ្នក​ទេសចរ​ភាគ​ច្រើន​ស្គាល់​ថា​ជា «ភាសា​ចិន»។

ភាសា​នីមួយៗ​គឺ​មាន​គោល​បំណង​ជាក់លាក់​នៅ​ក្នុង​ជីវិត​របស់​លោក Huang មិន​ថា​និយាយ​នៅ​ផ្ទះ នៅ​សាលារៀន ឬ​ក៏​នៅ​កន្លែង​ធ្វើ​ការ​នោះ​ទេ។

លោក Huang បាន​បញ្ជាក់​នៅ​ពេល​ចុង​សប្ដាហ៍​ឈប់​សម្រាក​ដ៏​វែង​មួយ​នៅ​ឯ​ផ្ទះ​របស់​លោក​នៅ​ក្នុង​ភូមិ Shakou យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ប្រើ​ភាសា​ចិន​កុកងឺ​នៅ​ក្នុង​ឱកាស​ផ្លូវការ​នានា។ ខ្ញុំ​ប្រើ​ភាសា​ចិន​កន្តាំង​នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ជាមួយ​នឹង​មិត្តភ័ក្ដិ​របស់​ខ្ញុំ។ ហើយ​ខ្ញុំ​ប្រើ​ភាសា​ចិនហុកគៀន​នៅ​ពេល​ខ្ញុំ​និយាយ​ជាមួយ​នឹង​សមាជិក​គ្រួសារ​ខ្ញុំ​មួយ​ចំនួន»។

លោក Huang ដែល​មាន​អាយុ ២១ ឆ្នាំ​រូប​នេះ បាន​ចាកចេញ​ពី​ភូមិ​កំណើត​របស់​លោក​នៅ​ពេល​លោក​កំពុង​រៀន​ថ្នាក់​មធ្យម​សិក្សា ដើម្បី​ទៅ​សិក្សា​នៅ​ទី​រួម​ស្រុក ហើយ​ឥឡូវ​នេះ លោក​គឺ​ជា​និស្សិត​សាកលវិទ្យាល័យ​នៅ​ក្នុង​ទីក្រុង Guangzhou ដែល​ជា​ទីក្រុង​ដ៏​ធំ​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

ទោះបីជា​មិន​សូវ​មាន​ការ​អប់រំ​ក៏​ដោយ ក៏​ឪពុក​ម្ដាយ​របស់​លោក​បាន​នាំ​ប្អូន​ប្រុស​អាយុ ៣ ឆ្នាំ​របស់​លោក ផ្លាស់ទី​លំនៅ​ទៅ​កាន់​ទីក្រុង Foshan ដែល​ជា​ទីក្រុង​ឧស្សាហកម្ម​នៅ​ក្បែរ​ភូមិ​កំណើត​របស់​លោក ដើម្បី​ស្វែងរក​ឱកាស​ប្រសើរ​ជាង​មុន គឺ​ដូច​នឹង​ក្រុម​គ្រួសារ​រាប់​លាន​ផ្សេង​ទៀត​ដែល​មក​ពី​តំបន់​ជនបទ​អញ្ចឹង​ដែរ។

ការ​ប្រើ​ភាសា​ចិនហុកគៀន​គឺ​ជា​សកម្មភាព​ជា​ប្រចាំ​ដែល​នៅតែ​ភ្ជាប់​ក្រុម​គ្រួសារ​របស់​លោក Huang ជាមួយ​នឹង​ជីដូនជីតា​របស់​លោក​នៅ​ក្នុង​ភូមិ Shakou និង​ឪពុក​ម្ដាយ​របស់​លោក​នៅ​ក្នុង​ទីក្រុង Foshan ប៉ុន្តែ ស្ថានការណ៍​នេះ​កំពុងតែ​ប្រែប្រួល។ នៅ​ពេល​ដែល​ប្អូន​ប្រុស​តូច​របស់​លោក​ហៅ​សមាជិក​ណា​ម្នាក់​នៃ​គ្រួសារ​លោក សមាជិក​នីមួយៗ​មិន​ប្រើ​ភាសា​ចិនហុកគៀន​ទេ ប៉ុន្តែ​គឺ​ប្រើ​ភាសា​ចិន​កុងងឺ។

លោក Huang បាន​និយាយ​ដូច្នេះ​ថា៖ «ទោះបីជា​ពួក​យើង​រស់នៅ​ក្នុង​ទីក្រុង Foshan ក៏​ដោយ ក៏​ពួក​យើង​ព្យាយាម​បង្រៀន​ភាសា​ចិនហុកគៀន​ដល់​ប្អូន​ប្រុស​តូច​របស់​ខ្ញុំ​ផង​ដែរ។ ប៉ុន្តែ ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ចាប់​យក​ភាសា​ចិនហុកគៀន​ទេ តែ​បែរជា​ចាប់​យក​ភាសា​ចិន​កុកងឺ​ទៅ​វិញ។ ដូច្នេះ ឥឡូវ​នេះ វា​មិន​អាច​និយាយ​ភាសា​ចិនហុកគៀន​បាន​ទេ»។

ក្រុម​គ្រួសារ​របស់​លោក Huang គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ប៉ុណ្ណោះ​ដែល​បង្ហាញ​ថា ភាសា​ផ្សេងៗ​កំពុងតែ​បាត់បង់​បន្តិច​ម្ដងៗ​នៅ​ក្នុង​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Arthur Thompson បេក្ខជន​ថ្នាក់​បណ្ឌិត​ផ្នែក​ភាសា​វិទ្យា​នៃ​សាកលវិទ្យាល័យ​ហុងកុង (University of Hong Kong)។

លោក Thompson សិក្សា​ស្រាវជ្រាវ​អំពី​ក្រុម​គ្រួសារ​របស់​លោក Huang ជាមួយ​នឹង​មិត្ត​រួម​ការងារ​របស់​លោក​គឺ​លោក J. Joseph Perry និង​លោក Jonathan Havenhill ដែល​អ្នក​ទាំង​ពីរ​គឺ​ជា​សាស្ត្រាចារ្យ​ជំនួយការ​នៃ​ដេប៉ាតឺម៉ង់​ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ហុងកុង។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​កំពុង​ធ្វើ​ជា​បន្ត​អំពី​ភាសា​ចិនហុកគៀន​នៅ​ក្នុង​ភូមិ Shakou។

មនុស្ស​ចំនួន ៣៤ លាន​នាក់​នៅ​លើ​ពិភពលោក​និយាយ​ភាសា​ចិនហុកគៀន​នេះ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង កោះ​តៃវ៉ាន់ និង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ មេដឹកនាំ​ល្បី​ឈ្មោះ​សំខាន់ៗ​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​មួយ​ចំនួន​ក៏​និយាយ​ភាសា​ចិនហុកគៀន​នេះ​ផង​ដែរ ដែល​ក្នុង​នោះ​មាន​ដូចជា​លោក ស៊ុន យ៉ាតសេន ដែល​ជា​បិតា​នៃ​ប្រទេស​ចិន​សម័យ​ទំនើប និង​លោក Hong Xiuquan ដែល​ជា​មេដឹកនាំ​ការ​បះបោរ Taiping ជា​ដើម។

ទោះបីជា​ភាសា​ចិនហុកគៀន​នេះ​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​ក៏​ដោយ ក៏​នៅ​ក្នុង​ប្រទេស​ចិន​ដី​គោក គេ​និយម​និយាយ​ភាសា​ចិនកុកងឺ​ជាង ដែល​ភាសា​ចិនកុកងឺ​នេះ​ជា​ភាសា​ដែល​មាន​ប្រភព​មក​ពី​ទីក្រុង​ប៉េកាំង។

ភាគ​ច្រើន​នៃ​ការ​ផ្លាស់ប្ដូរ​នេះ​គឺ​ដោយសារតែ​ការ​ធ្វើ​ចំណាក​ស្រុក​ដ៏​គំហុក​របស់​ប្រជាជន​ពី​តំបន់​ជនបទ​ទៅ​តំបន់​ទីក្រុង។ មនុស្ស​រាប់​រយ​លាន​នាក់​ដូចជា​ក្រុម​គ្រួសារ​របស់​លោក Huang ជា​ដើម បាន​ផ្លាស់ទី​ពី​តំបន់​ជនបទ​ទៅ​កាន់​ទីក្រុង​នានា​ដូចជា​ទីក្រុង Foshan និង​ទីក្រុង Guangzhou ជា​ដើម នៅ​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយ​នេះ។ ជន​ចំណាក​ស្រុក​ទាំង​នេះ​នៅ​ទី​បំផុត​សម្រេច​បោះបង់​ចោល​ភាសា​ដែល​ពួកគេ​ប្រើ​នៅ​ស្រុក​កំណើត និង​ងាក​មក​ប្រើ​ភាសា​ចិន​ផ្លូវការ​នៅ​តាម​តំបន់​ដែល​ពួកគេ​ផ្លាស់ទី​ទៅ។

លោក Thompson បាន​និយាយ​ថា៖ «ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក Huang គិត​ថា ភាសា​ចិនហុកគៀន​កំពុងតែ​បាត់បង់ ដោយសារតែ​លោក​យល់​ថា ភាសា​នេះ​មិន​សូវ​មាន​ប្រយោជន៍​ក្រៅតែ​ពី​ការ​ទាក់ទង​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​លោក​តែ​ប៉ុណ្ណោះ។ ស្ថានការណ៍​នេះ​នឹង​កាន់តែ​យ៉ាប់យ៉ឺន​ជាង​នេះ​ទៀត ដោយសារតែ​ដូច​ករណី​ប្អូន​ប្រុស​តូច​របស់​លោក​អញ្ចឹង ដែល​មិន​ធ្លាប់​រស់នៅ​ធំ​ដឹង​ក្ដី​នៅ​ឯ​ភូមិ Shakou ទាល់តែ​សោះ ហើយ​ប្រហែល​ជា​នឹង​មិន​ចូល​រៀន​នៅ​ឯ​ភូមិ Shakou ថែម​ទៀត​ផង»។

លោក​បាន​បន្ថែម​ថា៖ «ករណី​នេះ​កើត​ឡើង​ច្រើន​ណាស់​នៅ​ទូទាំង​ប្រទេស​ចិន។ ខ្ញុំ​គិត​ថា យើង​អាច​និយាយ​សន្និដ្ឋាន​ជា​រួម​ថា ករណី​នេះ​គឺ​កើត​ឡើង​ចំពោះ​ភាសា​ចិន​ផ្សេងៗ​ទៀត​ផង​ដែរ មិន​ត្រឹមតែ​ភាសា​ចិនហុកគៀន​នេះ​ប៉ុណ្ណោះ​ទេ»។

តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​បាន​រង​ការ​ប៉ះពាល់​ខ្លាំង ដោយសារតែ​តំបន់​ដែល​មាន​ភាសា​ចិន​ចម្រុះ​ផ្សេងៗ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​មួយ​នេះ ឥឡូវ​នេះ​បាន​ក្លាយជា​តំបន់​ឧស្សាហកម្ម និង​សេដ្ឋកិច្ច​ដ៏​ធំ​មួយ។

នៅ​ទូទាំង​ប្រទេស​ចិន មាន​ភាសា​របស់​ជនជាតិ​ហាន​សំខាន់ៗ​ប្រហែល ១០ ប្រភេទ​ផ្សេង​គ្នា បន្ថែម​ទៅ​នឹង​ភាសា​ជនជាតិ​ភាគ​តិច ៥៥ ផ្សេង​ទៀត។ នេះ​បើ​យោង​តាម​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «ផែនទី​ភាសា​វិទ្យា​នៃ​គ្រាម​ភាសា​ចិន (Linguistic Atlas of Chinese Dialects)»។ ការ​ប្រើប្រាស់​ភាសា​ស្ទើរតែ​ទាំង​អស់​ក្នុង​ចំណោម​នោះ​កំពុង​ចុះថយ។

កាល​ពី​ពេល​ថ្មីៗ​នេះ កោះ​តៃវ៉ាន់​បាន​អនុម័ត​ច្បាប់​មួយ​ដើម្បី​ការពារ​ភាសា​ភាគ​តិច​នានា​ដូចជា​ភាសា​ចិនហុកគៀន​ជា​ដើម។ រី​ឯ​ប្រទេស​ចិន​វិញ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ ប៉ុន្តែ​គ្រាន់តែ​មាន​កម្មវិធី​សាធារណៈ​តាម​ទូរទស្សន៍​មួយ​ចំនួន​ប៉ុណ្ណោះ​អំពី​រឿង​ហ្នឹង។

ប្រទេស​ចិន​ក៏​មិន​បាន​ទទួល​ស្គាល់​ភាសា​ចិន​ផ្សេងៗ​ជា​ភាសា​ផ្លូវការ​នោះ​ដែរ ទោះបីជា​ភាសា​មួយ​ចំនួន​ដូចជា​ភាសា​ចិនកន្តាំង​ជា​ដើម មាន​មនុស្ស ៩១ លាន​នាក់​និយាយ​នៅ​លើ​ពិភពលោក​ក៏​ដោយ។

ភាសា​ទាំង​នោះ​ភាគ​ច្រើន​មិន​អាច​យល់​គ្នា​បាន​ជាមួយ​នឹង​ភាសា​ចិន​កុកងឺ​ដែល​ជា​ភាសា​ផ្លូវការ​នោះ​ទេ ហើយ​ជា​រឿយៗ​មាន​វាក្យសព្ទ និង​ការ​លើក​ដាក់​សំឡេង​ខុស​គ្នា​មួយ​ចំនួន។

ដោយសារ​ភាសា​ចិនហុកគៀន​ជិត​បាត់បង់ តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​នឹង​បាត់បង់​ផ្នែក​មួយ​ចំនួន​នៃ​ប្រវត្តិ​របស់​ខ្លួន​បន្តិច​ម្ដងៗ។

ភាសា​ចិនហុកគៀន​បាន​រីក​សាយភាយ​តាម​រយៈ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាជន​ហុកគៀន​ពី​ភាគ​ខាង​ជើង​ប្រទេស​តាំង​ពី​រាប់​រយ​ឆ្នាំ​កន្លង​មក និង​បាន​រួច​ផុត​ពី​ការ​ប្រឈម​មុខ​បែប​ហិង្សា​ជាមួយ​នឹង​ក្រុម​ជនជាតិ​ភាគ​តិច​ផ្សេង​ទៀត ដើម្បី​តាំង​ទី​លំនៅ​ថ្មី​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន និង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

នៅ​ក្នុង​យុគសម័យ​ទំនើប វត្តមាន​របស់​ភាសា​ចិនហុកគៀន​ដែល​កំពុងតែ​បាត់បង់​នេះ នឹង​មាន​ផល​វិបាក​ផ្នែក​នយោបាយ​ដ៏​សំខាន់ ដែល​គេ​បាន​ឃើញ​រួច​មក​ហើយ​ក្នុង​ករណី​ប្អូន​ប្រុស​តូច​ដែល​ចេះ​តែ​និយាយ​ភាសា​ចិន​កុកងឺ​របស់​លោក Huang នោះ។

លោក Thompson បញ្ជាក់​ដូច្នេះ​ថា៖ «ប្អូន​ប្រុស​តូច​របស់​លោក Huang គឺ​ជា​ប្រភេទ​ក្មេង​ដែល​រដ្ឋាភិបាល​ចិន​ចង់​បាន។ កុមារ​នេះ​ធំ​ដឹង​ក្ដី​ចាប់ពី​អាយុ ៣ ឆ្នាំ​ឡើង​ទៅ ដែល​ចេះ​និយាយ​ភាសា​ចិន​កុកងឺ​ស្ទាត់​ជំនាញ និង​គ្មាន​ទំនាក់ទំនង​ជាមួយ​នឹង​ភាសា​អ្វី​ផ្សេង​ទៀត​ទាល់តែ​សោះ។ ករណី​នេះ​ហើយ ដែល​កុមារ​នេះ​នឹង​គ្មាន​អត្តសញ្ញាណ​ជាប់​ជាមួយ​តំបន់​ណា​មួយ​នោះ​ទេ។ កុមារ​នេះ​នឹង​គ្រាន់តែ​ដឹង​ខ្លួន​ឯង​ថា​ជា​ជនជាតិ​ចិន​ដែល​មក​ពី​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ»។

លោក​បាន​និយាយ​ថា ជនជាតិ​ចិន​ភាគ​ខាង​ជើង និង​ជនជាតិ​ចិន​ភាគ​ខាង​ត្បូង ដែល​ជា​ភាព​ផ្ទុយ​គ្នា​ទាំង​ពីរ​នេះ​គឺ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​មាន​ការ​ងាយស្រួល​នៅ​ក្នុង​ការ​គ្រប់គ្រង​ជាង​ការ​កំណត់​តំបន់​គ្រប់គ្រង​តាម​ភូមិ ឬ​ក៏​តាម​ក្រុម​អ្នក​ប្រើ​គ្រាម​ភាសា​ផ្សេងៗ។

ភាព​ចែក​ដាច់​ពី​គ្នា​នេះ​ទំនងជា​ស្រប​ជាមួយ​នឹង​យុទ្ធនាការ​ដែល​កំពុង​បន្ត​ធ្វើ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​សង្កត់ធ្ងន់​អំពី​អត្តសញ្ញាណ​របស់​ជនជាតិ​ចិន​ថា​ជា​អ្នក​និយាយ​ភាសា​ហាន​ផង និង​ភាសា​ចិនកុកងឺ​ផង នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ប្រធានាធិបតី Xi Jinping ជា​ពិសេស​នៅ​តាម​តំបន់​ដែល​មាន​ជនជាតិ​ភាគ​ច្រើន​ច្រើន​រស់នៅ​ដូចជា​តំបន់ Tibet និង​តំបន់ Xinjiang ជា​ដើម។

លោក Thompson បាន​បញ្ជាក់​ថា ទោះបីជា​គេ​អាច​ឭ​អ្នក​ខ្លះ​និយាយ​ភាសា​ចិនហុកគៀន​នៅ​ខេត្ត Guangdong ក៏​ដោយ ក៏​ប្រសិនបើ​ទំនោរ​បច្ចុប្បន្ន​នៅ​បន្ត​ទៅ​មុខ នោះ​មិន​យូរ​មិន​ឆាប់ ក្មេងៗ​ជំនាន់​ក្រោយ​នៅ​ប្រទេស​ចិន​នឹង​ឈប់​និយាយ​ភាសា​របស់​ឪពុក​ម្ដាយ​របស់​ពួកគេ​ជា​មិន​ខាន៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG