នៅក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយទៅតំបន់ទីបេ លោកធែរី ប្រែនស្តែដ (Terry Branstad) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិនបានទទូចឱ្យទីក្រុងប៉េកាំង ធ្វើការចរចាច្បាស់លាស់ជាមួយនឹងមេដឹកនាំទីបេ ដែលកាន់ព្រះពុទ្ធសាសនាគឺសម្តេចសង្ឃរាជ ដាឡៃ ឡាម៉ា។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃសៅរ៍របស់ស្ថានទូតសហរដ្ឋអាមេរិក។
លោកឯកអគ្គរដ្ឋទូត Branstad ក៏«បានសម្តែងក្តីបារម្ភពាក់ព័ន្ធនឹងការចូលជ្រៀតជ្រែករបស់រដ្ឋាភិបាលចិនលើសេរីភាពអ្នកកាន់ព្រះសាសនានៅដែនដីទីបេ ក្នុងការរៀបចំនិងបដិបត្តិសាសនា»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូត។
បេសកជនសហរដ្ឋអាមេរិកក៏បានលើកឡើងពីក្តីបារម្ភដែលមានជាយូរមកហើយអំពីកង្វះលទ្ធភាពចូលជាប្រចាំទៅក្នុងតំបន់ស្វយ័តទីបេ។
ប្រទេសចិនបានហាមឃាត់មិនឱ្យជនបរទេសចូលទៅក្នុងតំបន់ទីបេទេ ជាពិសេសគឺអ្នកសារព័ត៌មាននិងអ្នកការទូត។ ប៉ុន្តែក្នុងអំឡុងដំណើរទស្សនកិច្ចដែលរៀបចំដោយរដ្ឋាភិបាលតំបន់ស្វយ័តទីបេ លោក Brandstad ត្រូវបានអនុញ្ញាតឱ្យចូលទៅទីកន្លែងវប្បធម៌និងសាសនានានា ក្នុងនោះមានរាជវាំងប៉ូតាឡា (Potala Palace) ព្រះវិហារចូខាង (Jokhang Temple) ណ័រប៊ូលីងកា និងវត្តសេរ៉ា នៅក្នុងរដ្ឋធានីឡាសា របស់ទីបេ។ ស្ថានទូតបានបន្ថែមថា លោកឯកអគ្គរដ្ឋទូតក៏បានជួបគ្នាជាមួយនឹងមេដឹកនាំសាសនានិងវប្បធម៌ទីបេផងដែរ។
រដ្ឋាភិបាលចិនត្រូវបានចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្សនិងរឹតត្បិតយ៉ាងខ្លាំងលើការគោរពបដិបត្តិសាសនានិងវប្បធម៌នៅក្នុងតំបន់នោះ។ ប៉ុន្តែ រដ្ឋបាលទីក្រុងប៉េកាំងទទូចថា ពលរដ្ឋទីបេមានសេរីភាពទូលំទូលាយនិងការរីកចម្រើនសេដ្ឋកិច្ច៕