លោកប្រធានាធិបតីស.រ.អា. Donald Trump បាននិយាយថាលោកនឹងធ្វើសចក្តីប្រកាសសំខាន់មួយអំពីការបិទរដ្ឋាភិបាលនិងសន្តិសុខព្រំដែននៅក្នុងសុន្ទរកថាមួយទៅកាន់ប្រទេសជាតិនៅថ្ងៃសៅរ៍នេះ។
លោក Trump បាននិយាយថាលោកនឹងថ្លែងអំពីសេចក្តីប្រកាសនេះពីសេតវិមាននៅម៉ោង៣រសៀលហើយលោកនឹងនិយាយអំពី «វិបត្តិមនុស្សធម៌នៅតាមព្រំដែនខាងត្បូងរបស់យើង»។
ភាពមិនឈ្នះមិនចាញ់រវាងពួកប្រជាធិបតេយ្យនិងសាធារណរដ្ឋអំពីការកសាងជញ្ជាំងមួយតាមបណ្តោយព្រំដែនរវាងស.រ.អា.និងប្រទេសម៉ិកស៊ិកបាននាំឱ្យមានការបិទរដ្ឋាភិបាលដែលចូលក្នុងថ្ងៃទី២៩ហើយនៅថ្ងៃសៅរ៍នេះ។
លោក Trump បានអំពាវនាវឱ្យមានការផ្តល់ប្រាក់៥ពាន់លានដុល្លារពីក្រុមអ្នកបង់ពន្ធដារអាមេរិកាំងសម្រាប់ការស្ថាបនាជញ្ជាំងនេះ ចំណែកឯពួកប្រជាធិបតេយ្យវិញបានស្នើផ្តល់ប្រាក់ជាង១ពាន់លានដុល្លារជាប្រាក់កាសថ្មីសម្រាប់កិច្ចការពារសន្តិសុខព្រំដែន ក៏ប៉ុន្តែគ្មានទឹកប្រាក់ជាក់លាក់សម្រាប់ការកសាងជញ្ជាំងនេះទេ។
ប្រភពគណបក្សប្រជាធិបតេយ្យនិយាយថាទឹកប្រាក់នេះនឹងមានរួមបញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់ចំណាយដែលសភាតំណាងរាស្ត្រអាមេរិកាំងនឹងពិចារណានៅសប្តាហ៍ក្រោយគឺមាន៥២៤លានដុលា្លរដើម្បីកែលម្អកន្លែងចូលក្នុងប្រទេសអាមេរិកនិង ៥៦៣លានដុល្លារទៀតសម្រាប់ជួលពួកចៅក្រមខាងអន្តោប្រវេសន៍ថែមទៀត។
ជម្លោះអំពីជញ្ជាំងព្រំដែននិងការបិទរដ្ឋាភិបាលក៏បាននាំឱ្យមានជម្លោះមួយរវាងលោក Trump និងលោកស្រី Nancy Pelosi អំពីផែនការលោកស្រីក្នុងការធ្វើដំណើរទៅប្រទេសអាហ្វហ្គានីស្ថាន។
កាលពីថ្ងៃសុក្រលោកស្រី Pelosi ក៏បានចោទប្រកាន់សេតវិមានថាបានធ្វើឱ្យលេចព័ត៌មានអំពីគម្រោងធ្វើដំណើររបស់លោកស្រីតាមយន្តហោះជំនួញទៅកាន់ប្រទេសអាហ្វហ្គានីស្ថាននៅក្រោយលោក Trump បានបដិសេធមិនឱ្យលោកស្រីប្រើយន្តហោះយោធាមួយគ្រឿងសម្រាប់ការធ្វើដំណើរនេះ៕