រហូតមកដល់ពេលនេះ មានជោគជ័យធំៗប្រឆាំងនឹងក្រុមភេរវជនដូចជាពួករដ្ឋឥស្លាម និងពួក អាល់ខៃដាជាដើមតែជោគជ័យទាំងនោះមិនបានរារាំងការរាលដាលរបស់ពួកជនទាំងនេះនៅទូទាំងពិភពលោកទេ។ នេះជាផ្នែកមួយនៃនិន្នាការនាំឱ្យមានការព្រួយបារម្ភនៅក្នុងរបាយការណ៍ថ្មីរបស់រដ្ឋាភិបាលស.រ.អា.អំពីភេរវកម្ម។
ការវាយតម្លៃប្រចាំឆ្នាំរបស់ក្រសួងការបរទេសស.រ.អា.ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី២៤ ខែមិថុនាបានសរសើរ «ជោគជ័យធំៗ» ក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងធ្វើដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីបង្ក្រាបភេរវកម្ម។ ឯកសារនេះរបស់ក្រសួងការបរទេសអាមេរិកាំងបានចង្អុលបង្ហាញបរាជ័យរបស់ពួក caliphate គឺពួកអ្នកដឹកនាំនយោបាយរដ្ឋឥស្លាម ហៅកាត់ថា IS នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ការសម្លាប់អតីតមេដឹកនាំពួករដ្ឋឥស្លាម ឈ្មោះ Abu Bakr-al Baghdadi និងការសម្លាប់ឈ្មោះ Hamza bin Laden កូនប្រុសរបស់ Osama bin Laden ស្ថាបនិកក្រុមអាល់ខៃដា។
សេចក្តីរាយការណ៍នេះបានរកឃើញថាជោគជ័យទាំងនេះមិនគ្រប់គ្រាន់ទេ។
របាយការណ៍នេះសន្មតថា៖ «ទោះណាជាមានជោគជ័យទាំងនេះក៏ដោយ ក៏នៅតែមានការគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ពីពួកភេរវជនតទៅទៀត»។
ពួកមន្ត្រីស.រ.អា.ជាន់ខ្ពស់និយាយបង្ហាញហេតុផលថាផ្នែកមួយនៃឧបសគ្គទាំងនេះគឺការគំរាមកំហែងច្រើនប្រភេទគឺអ្វីដែលរបាយការណ៍នេះពណ៌នាថាជា៖ «ការគំរាមកំហែងផ្សេងៗគ្នានិងប្រកបដោយកម្លាំង» ដែលមានតាំងពីពួកជីហាដរហូតដល់ពួកជនស្បែកសមានឧត្តមភាព ហើយពិភពលោកពឹងពាក់លើការនាំមុខដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីការបរទេសស.រ.អា. លោក Mike Pompeo បាននិយាយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃពុធ ទី២៤ ខែមិថុនាថា៖ «រដ្ឋបាលនេះប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដោយភេរវកម្មដែលរដ្ឋបាលឯទៀតមិនបានផ្តល់សារៈសំខាន់។ ក៏ប៉ុន្តែយើងមិនបានរួញរាក្នុងការយកពួកភេរវជនទៅកាត់ទោសទេ»។
ពួកមន្ត្រីឯទៀតៗព្រមានថាមានបញ្ហាមួយទៀតគឺពួកភេរវជនបានសម្របខ្លួនតាមស្ថានភាព រកវិធីធ្វើសកម្មភាព និងពង្រីកសកម្មភាពតទៅទៀត ទោះណាជាមានកិច្ចខិតខំប្រឹងប្រែងដើម្បីកម្ចាត់ពួកនេះក៏ដោយ ជាពិសេសករណីនៃពួករដ្ឋឥស្លាម។
លោក Nathan Sales ជាអ្នកសម្របសម្រួលខាងការប្រឆាំងនឹងភេរវកម្មនៅក្រសួងការបរទេសស.រ.អា.។ លោកបាននិយាយប្រាប់ពួកអ្នកសារព័ត៌មានថា៖ «យើងត្រូវតែយកចិត្តទុកដាក់ក្នុងការដាក់សម្ពាធលើក្រុមភេរវជនតទៅទៀត»។
លោក Sales បានថ្លែងអំពីពួករដ្ឋឥស្លាមថា៖ «យើងឃើញការវិវត្តរបស់ពួក ISIS ពីអង្គភាពមួយដែលត្រួតត្រាដែនដីទៅជាបណ្តាញគឺបណ្តាញសាកលមួយដែលរាលដាលទៅដល់កន្លែងដែលមានមនុស្សរស់នៅលើទ្វីបទាំងអស់»។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន កាលពីថ្ងៃពុធ ទី២៤ ខែមិថុនា កម្មវិធីរង្វាន់សម្រាប់យុត្តិធម៌ភាសាអង់គ្លេសហៅថា Rewards for Justice របស់ក្រសួងការបរទេសស.រ.អា.បានបង្កើនរង្វាន់ទ្វេដងសម្រាប់ការចាប់ខ្លួនឈ្មោះ Abu Ibrahim al-Hashimi al-Qurashi មេដឹកនាំបច្ចុប្បន្នរបស់ពួករដ្ឋឥស្លាមគឺបង្កើនរង្វាន់ដល់ចំនួន១០លានដុល្លារ។
ពួកអ្នករិះគន់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងភេរវកម្មបារម្ភថា ការធ្វើកិច្ចការដដែលៗគឺការតាមចាប់ខ្លួនពួកមេដឹកនាំពួកភេរវជនសំខាន់ៗដូចជា al-Qurashi ជាដើមនោះទំនងជានឹងមិនមានលទ្ធផលល្អជាងមុនទេ។
អ្នកស្រី Katherine Zimmerman ជាអ្នកស្រាវជ្រាវនៅឯវិទ្យាស្ថាន American Enterprise។ អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនយល់ថា ការកម្ចាត់ al-Qurashi ពីសមរភូមិនឹងបញ្ឈប់ការគំរាមកំហែងបានទេ ជាពិសេសនៅពេលនេះដែលការគំរាមកំហែងជាច្រើនមាននៅខាងក្រៅប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី»។
អ្នកស្រី Zimmerman បានថ្លែងបន្ថែមថា៖ «ប្រសិនបើអតីតមេដឹកនាំពួករដ្ឋឥស្លាមឈ្មោះ Baghdadi នៅរស់នៅថ្ងៃនេះ តើពួករដ្ឋឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីនិងសាខារបស់ពួកនេះនៅក្នុងពិភពលោកមានភាពខុសពីមុនច្រើនទេ? ខ្ញុំមិនយល់ថា មានភាពខុសគ្នាទេ»។
ពួកអ្នកជំនាញនិងពួកអតីតមន្ត្រីខ្លះសុំឱ្យមានការប្រុងប្រយ័ត្នអំពីការចង់ពឹងពាក់ខ្លាំងពេកលើសកម្មភាពយោធាដើម្បីដោះស្រាយបញ្ហាភេរវកម្មឱ្យបានឆាប់រហ័សនោះ។
លោក Michael Morell ជាអតីតនាយករងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស.រ.អា. CIA។ លោកបាននិយាយប្រាប់ពួកសមាជិកសភាស.រ.អា.កាលពីថ្ងៃពុធ ទី២៤ ខែមិថុនាថា៖ «ការបន្ថយកម្លាំងពួកភេរវជនជាការងាយណាស់។ នៅពេលណាលោកអ្នកមានព័ត៌មានពីផ្នែកស៊ើបការណ៍សម្ងាត់ និងនៅពេលណាលោកអ្នកមានកងយោធានៅនឹងកន្លែង វាងាយស្រួលណាស់ក្នុងការកាត់បន្ថយកម្លាំងពួកវា។ ក៏ប៉ុន្តែពួកវាក៏មានការងាយស្រួលណាស់ដែរក្នុងការប្រមូលផ្តុំកម្លាំងជាថ្មីវិញ»។
អ្នកជំនាញខ្លះឱ្យដឹងថា ស.រ.អា.ត្រូវតែដោះស្រាយស្ថានភាពដែលនាំឱ្យមានការកើនឡើងនៃភេរវកម្មគឺដើមហេតុដំបូងដូចជាភាពទីទាល់ក្រ អភិបាលកិច្ចគ្មានប្រសិទ្ធភាព និងការទុក្ខសោកក្នុងស្រុកយ៉ាងយូរយារ ដែលបណ្តាលឱ្យប្រជារាស្ត្រមានការមិនសប្បាយចិត្ត។
លោក Morell បានថ្លែងថា៖ «យើងគួរគិតថាតើ យើងបំពេញមុខនាទីបែបណាដើម្បីព្យាបាលជំងឺឱ្យជា មិនមែនគ្រាន់តែបំបាត់រោគសញ្ញាគឺត្រូវព្យាបាលជំងឺនេះឱ្យជា»។
ប្រែសម្រួលដោយលោកឈឹម សុមេធ