ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា​លោក​ពូទីន​អរគុណ​លោក​ត្រាំ​ដែល​បាន​ជួយ​ធ្វើ​ឱ្យ​ខូច​គម្រោង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​រុស្ស៊ី


​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្លាដឺមៀ ពូទីន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ឆ្នាំ​របស់​លោក​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្លាដឺមៀ ពូទីន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ឆ្នាំ​របស់​លោក​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

សេតវិមាន​ ឬ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អាមេរិក បាន​ឱ្យ​ដឹង​ថា​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្លាដឺមៀ ពូទីន (Vladimir Putin) បាន​ទូរស័ព្ទ​ទៅ​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់ ត្រាំ ដើម្បី​ «‍អរ​គុណ​លោក ត្រាំ ចំពោះ​ព័ត៌មាន​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ឱ្យ​ ដែល​បាន​ជួយ​ធ្វើ​ឱ្យ​ខូច​គម្រោង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ចំ​ពេល​បុណ្យ​ឈប់​សម្រាក​នៅ​រុស្ស៊ី»។

សេចក្ដីថ្លែងការណ៍​របស់​សេតវិមាន​ដែល​បាន​ចេញ​ផ្សាយ​មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​រុស្ស៊ី បាន​បញ្ចេញ​ព័ត៌មាន​អំពី​ការ​ហៅ​ទូរស័ព្ទ​នោះ​ បាន​និយាយ​ថា៖ «‍ប្រធានាធិបតី​ទាំង​ពីរ បាន​ប្ដេជ្ញា​បន្ត​សហ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ ប្រធានាធិបតី​ទាំង​ពីរ​រូប ក៏​បាន​ពិភាក្សា​អំពី​ស្ថានភាព​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី និង​កិច្ចប្រឹងប្រែង​នា​ពេល​អនាគត ដើម្បី​គាំទ្រ​ការ​គ្រប់គ្រង​សព្វាវុធ​ឱ្យ​មាន​ប្រសិទ្ធភាព»‍។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី បាន​ដកស្រង់​ប្រភព​សេវាកម្ម​សន្តិសុខ​សហព័ន្ធ​ (Federal Security Service) ដោយ​និយាយ​ថា ពលរដ្ឋ​រុស្ស៊ី​ពីរ​នាក់ «‍ដែល​ចង់​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុងSt. Petersburg ​ចំ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ចូលឆ្នាំ​សកល» ត្រូវ​បាន​ឃុំ​ខ្លួន​តាម​តម្រុយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ឱ្យ។

ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​មូស្គូ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មាន​សភាព​តានតឹង​ក្នុង​ពេល​មានការ​ដាក់​ទណ្ឌកម្ម​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​កំពុង​តែ​បន្ត​នៅឡើយ ដោយសារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​៥​ឆ្នាំ​មុន។ ទណ្ឌកម្ម​ទៅ​វិញ​ទៅ​មក​នេះ ក៏​កើតឡើង​ដោយសារ​ការ​បោះបង់​ចោល​ឬ​ការ​ជិត​ផុត​កាល​បរិច្ឆេទ​នៃ​សន្ធិសញ្ញា​គ្រប់គ្រង​សព្វាវុធ​រវាង​ប្រទេស​ទាំង​ពីរ និង​ហាក់​ដូច​ជា​ការ​ប៉ះទង្គិច​គ្នា​ទៅលើ​ក្រុម​សម្ព័ន្ធមិត្ត​និងអាទិភាព​នៅ​ទីកន្លែង​ដែល​មាន​បញ្ហា​ដូចជា​នៅ​ប្រទេស​ស៊ីរី​និង​វ៉េណេស៊ុយអេឡា ព្រមទាំង​បញ្ហា​ផ្សេងៗ​ទៀត​ផង​ដែរ៕

XS
SM
MD
LG