នៅថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងជើងបានព្រលះដាក់សហរដ្ឋអាមេរិក សម្រាប់ការណ៍ដែលសហរដ្ឋអាមេរិកលើកឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងគឺជារដ្ឋគាំទ្រអំពើភេរវកម្ម។ រដ្ឋាភិបាលកូរ៉េខាងជើងថា របាយការណ៍នេះគឺជាឧទាហរណ៍នៃ «គោលនយោបាយអមិត្ត» របស់សហរដ្ឋអាមេរិក ដែលដាក់កំហិតចំពោះឱកាសចរចា។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ឆ្នាំ ២០១៨ អំពីរដ្ឋគាំទ្រអំពើភេរវកម្ម។ ទោះបីជារបាយការណ៍នេះបន្ថយការរិះគន់លើប្រទេសកូរ៉េខាងជើងពីឆ្នាំមុនក៏ដោយ ក៏របាយការណ៍នេះបានលើកឡើងថា សហរដ្ឋអាមេរិកចាត់ថ្នាក់ឡើងវិញថាកូរ៉េខាងជើងជារដ្ឋគាំទ្រអំពើភេរវកម្មដូចកាលពីឆ្នាំ ២០១៧។
ក្រសួងការបរទេសកូរ៉េខាងជើងបានច្រានចោលរបាយការណ៍នេះថាជា «ការញ៉ុះញ៉ុងដ៏ធ្ងន់ធ្ងរដែលមានលក្ខណៈនយោបាយ»។ នេះបើយោងតាមសេចក្ដីប្រកាសមួយដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង។
សេចក្ដីប្រកាសនេះបានបញ្ជាក់ថា៖ «ករណីនេះបានបញ្ជាក់ជាថ្មីម្ដងទៀតថា សហរដ្ឋអាមេរិកដែលដក់ជាប់គំនិតស្អប់គុំកួនចាក់ឬសចាក់គល់ចំពោះប្រទេសកូរ៉េខាងជើងនេះ កំពុងចាត់គោលនយោបាយអមិត្តមិនងាយប្រែប្រួលរបស់ខ្លួនចំពោះកូរ៉េខាងជើង»។
កាលពីខែមុន ប្រទេសកូរ៉េខាងជើងបានដើរចេញពីការពិភាក្សានុយក្លេអ៊ែរកម្រិតការងារ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថាមិនបានធ្វើសម្បទានឲ្យបានគ្រប់គ្រាន់។ តាំងពីពេលនោះមក ប្រទេសកូរ៉េខាងជើងបានគំរាមសាកល្បងនុយក្លេអ៊ែរ ឬក៏គ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយឆ្ងាយឡើងវិញ។
នៅក្នុងសេចក្ដីប្រកាសនៅថ្ងៃអង្គារនេះ កូរ៉េខាងជើងបានបញ្ជាក់ថា វាជា «ការប្រមាថ» មួយ ដែលសហរដ្ឋអាមេរិកចេញរបាយការណ៍អំពីអំពើភេរវកម្មនេះ ជាពិសេសនៅពេលដែលការចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង «កំពុងជាប់គាំង»៕