ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Imran Khan ប្រតិកម្ម​នៅ​នឹង​ការរិះគន់​របស់​លោក Trump ចំពោះ​កិច្ចប្រឹងប្រែង​របស់​ទីភ្នាក់ងារ​ប្រឆាំង​ភេរវកម្ម​ប៉ាគីស្ថាន


លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Imran Khan ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន​ កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan កាល​ពី​ថ្ងៃ​ចន្ទ​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​លោក​ប្រធានាធិបតី Donald Trump ដែល​បាន​ចោទសួរ​ទៅលើ​កិច្ចប្រឹងប្រែង​របស់​ទីភ្នាក់ងារ​ប្រឆាំង​ភេរវកម្ម​ប៉ាគីស្ថាន ​ដោយ​លោកនាយករដ្ឋមន្ត្រី Imran Khan ​បាន​និយាយ​ថា​ ក្រុង​វ៉ាស៊ីនតោន​កំពុង​ធ្វើ​ឲ្យ​ក្រុង​អ៊ីស្លាម៉ាបាដ​ក្លាយ​ជា​ជនរងគ្រោះ​ចំពោះ​បរាជ័យ​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

តាមរយៈ​បទសម្ភាសន៍​នៅក្នុង​ទូរទស្សន៍ Fox News កាល​ពី​ថ្ងៃ​អាទិត្យ លោក Trump បាន​និយាយ​ការពារ​ការ​សម្រេចចិត្ត​របស់លោក​ក្នុង​ការ​ដក​ថវិកា​រាប់រយ​លាន​ដុល្លារ​ពី​ជំនួយ​យោធា​សម្រាប់​ប្រទេស​ប៉ាគីស្ថាន​ ដោយ​លោក​បាន​និយាយ​ថា ​ប្រទេស​ប៉ាគីស្ថាន​មិន​បាន​ធ្វើអ្វី​មួយ​សម្រាប់​សហរដ្ឋអាមេរិក​នោះ​ទេ។

លោក​ប្រធានាធិបតី​បាន​ចោទប្រកាន់​ប្រទេស​ប៉ាគីស្ថាន​ថា ​បាន​ផ្តល់​ទីជម្រក​លាក់​ខ្លួន​ដល់​មេដឹកនាំក្រុម al-Qaida Osama bin Laden នៅមុន​ពេល​ដែល​មេដឹក​នាំ​រូបនេះ​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​ពិសេស​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ២០១១ នៅ​អំឡុង​ពេល​នៃ​ការ​វាយឆ្មក់​ដោយ​ឧទ្ធម្ភាគចក្រ​របស់​កងកម្លាំងពិសេស​នៅ​ក្នុង​ប្រទេស​នេះ។

លោក Khan បាន​ច្រានចោល​ការប្រចោទ​ប្រកាន់​របស់​លោក Trump ដោយ​លោក​បាន​បង្ហោះ​សារ​តាម twitter ជា​បន្តបន្ទាប់​ថា​ ប្រទេស​ប៉ាគីស្ថាន​បាន​ចូលរួម​នៅក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ បើ​ទោះ​បី​ជា​ប៉ាគីស្ថានមិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០០១នៅ​សហរដ្ឋ​អាមេរិក​ក៏ដោយ។ លោក Khan​ បាន​បញ្ជាក់​បន្ថែម​ថា​ប្រទេស​ប៉ាគីស្ថាន​បាន​បាត់បង់​ជីវិត​មនុស្ស៧៥០០០នាក់​នៅក្នុង​សង្គ្រាម​ ហើយសេដ្ឋកិច្ច​ប៉ាគីស្ថាន​បាន​ធ្លាក់​ចុះ​ជាង​១២៣ពាន់​លាន​ដុល្លារ។ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា ជំនួយ​របស់​អាមេរិក​ចំនួន​២០ពាន់​លាន​ដុល្លារ​នេះ​គឺ​ជា​ចំនួន​តិចតួច​បំផុត៕

XS
SM
MD
LG