សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បានព្រមានជាថ្មីថា ខ្លួននឹងការពារប្រទេសហ្វីលីពីន ក្នុងករណីដែលមានការវាយប្រហារប្រដាប់អាវុធណាមួយលើប្រទេសនេះ នៅក្រោមសន្ធិសញ្ញាឆ្នាំ១៩៥១ ដែលខ្លួនមានជាមួយហ្វីលីពីន។ ការព្រមាននេះកើតមានឡើងក្រោយពីនាវាចិន បានបិទផ្លូវនិងបុកជាមួយនាវាហ្វីលីពីន២គ្រឿង ក្នុងតំបន់ជម្លោះខ្ពង់រាបបាតសមុទ្រក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
មន្ត្រីការទូតហ្វីលីពីនបានកោះហៅមន្ត្រីស្ថានទូតចិនមួយរូបក្នុងរដ្ឋធានីម៉ានីលនៅថ្ងៃចន្ទនេះ ដោយធ្វើការតវ៉ាដោយពាក្យធ្ងន់ៗ ក្រោយពីមានហេតុការណ៍នាវាបុកកាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងតំបន់ Second Thomas Shoal នៃសមុទ្រចិនខាងត្បូង។ គេពុំឃើញមានសេចក្តីរាយការណ៍ណាមួយ ស្តីពីការមានរបួសស្នាមលើមនុស្សឡើយ ប៉ុន្តែមានការខូចខាតនាវាឆ្មាំសមុទ្រហ្វីលីពីនមួយគ្រឿង និងទូកឈើដឹកសម្ភារៈផ្គត់ផ្គង់មួយគ្រឿងរបស់កងទ័ពជើងទឹកហ្វីលីពីន។ នេះបើតាមការឱ្យដឹងរបស់ក្រុមមន្ត្រីហ្វីលីពីន។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានកោះប្រជុំបន្ទាន់មួយ ជាមួយរដ្ឋមន្តី្រការពារជាតិហ្វីលីពីន និងមន្ត្រីយោធានិងសន្តិសុខជាន់ខ្ពស់មួយចំនួនទៀត ដើម្បីពិភាក្សាលើភាពប្រទុស្តរាយក្នុងពេលថ្មីៗចុងក្រោយនេះ ក្នុងតំបន់ផ្ទៃទឹកដែលកំពុងមានជម្លោះគ្នានេះ។
ហ្វីលីពីននិងប្រទេសក្បែរខាងចិនមួយចំនួនទៀត បានតវ៉ាប្រឆាំងការទាមទាររបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការកាន់កាប់ស្ទើរទាំងអស់នៃតំបន់សមុទ្រចិនខាងត្បូង ហើយប្រទេសមួយចំនួនទៀត ដូចជាហ្វីលីពីនជាដើមបានស្វែងរកការគាំទ្រផ្នែកយោធាពីសហរដ្ឋអាមេរិក ខណៈឧប្បត្តិហេតុកើតមានកាន់តែច្រើនខ្លាំងឡើងៗ។
ក្រោយកិច្ចប្រជុំជាមួយប្រធានាធិបតី រដ្ឋមន្តី្រការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានថ្កោលទោសចិនក្នុងសន្និសីទសារព័ត៌មានមួយថា បានប្រើប្រាស់«ច្បាប់ព្រៃ» ដែលធ្វើឱ្យគ្រោះថ្នាក់ដល់ក្រុមកងនាវាហ្វឹកហ្វីលីពីន និងបានមួលបង្កាច់ការពិតដើម្បីលាក់បំបាំងទង្វើដ៏គឃ្លើនរបស់ខ្លួន។
លោក Teodoro និយាយថា ប្រធានាធិបតីហ្វីលីពីនលោក Marcos បានបញ្ជាឱ្យមានការស៊ើបអង្កេតលើការបុកគ្នាក្នុងតំបន់សមុទ្រនេះ ប៉ុន្តែលោកមិនបានបង្ហាញពីវិធានការអ្វី ដែលរដ្ឋាភិបាលហ្វីលីពីនត្រូវធ្វើនោះឡើយ។
ហ្វីលីពីនក៏មានផែនការនឹងលើកឡើងផងដែរ ពីការព្រមានរបស់ខ្លួន ជុំវិញការធ្វើសមយុទ្ធនាវាចិនដ៏គ្រោះថ្នាក់ នៅក្នុងជំនួបប្រជុំរវាងចិននិងប្រទេសសមាជិកអាស៊ីអាគ្នេយ៍ ឬអាស៊ាន ស្តីពីកិច្ចព្រមព្រៀងមិនឈ្លានពាន ដែលជាក្រមប្រតិបត្តិមួយដើម្បីរាំងខ្ទប់ជម្លោះប្រដាប់អាវុធដ៏ធំណាមួយនៅក្នុងសមុទ្រចិនខាងត្បូង៕