ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បដិសេធ​ការចោទ​ប្រកាន់​របស់​ចិន​ដែល​ថា អាមេរិក​បង្ហោះ​បាឡុង​លើ​ប្រទេស​ចិន


រូបឯកសារ៖ អ្នកនាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក John Kirby ថ្លែង​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នកនាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក John Kirby ថ្លែង​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០២៣។

សហរដ្ឋ​អាមេរិក​បាន​បដិសេធ​ដាច់​អហង្ការចំពោះ​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែលថា ​អាមេរិក​បាន​បង្ហោះ​បាឡុង​រយ:​កម្ពស់​ខ្ពស់​លើ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​មុន ពេល​ដែល​មហា​អំណាចទាំង​ពីរ​បន្ត​ឆ្លើយឆ្លង​គ្នាអំពី​ការ​បាញ់​ទម្លាក់​បាឡុង​ចិន​មួយ​ដោយ​អាមេរិក នៅ​ហួស​ឆ្នេរ​សមុទ្រ​ប៉ែក​ខាង​កើត​សហរដ្ឋ​អាមេរិក​កាល​ពី​ជាង​១​សប្ដាហ៍​មុន។

អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក John Kirby បាន​ប្រាប់​បណ្ដាញ​ទូរទស្សន៍​ MSNBC ថា ​«‍មិន​ពិត​ទេ រឿង​អាមេរិក​បង្ហោះ​បាឡុង​លើ​ប្រទេស​ចិន មិន​ពិត​សោះ។ យើង​មិន​បាន​ធ្វើ​ដូច្នោះ​ទេ»។

ប្រទេស​ទាំង​ពីរ​សុទ្ធតែបង្ហោះ​ផ្កាយ​រណប​ស៊ើប​យក​ការណ៍​ដូចគ្នា តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Wang Wenbin បាន​ចោទ​ប្រកាន់​អាមេរិក​ថា ​បាន​បង្ហោះ​បាឡុង​ជាច្រើន​លើ​ប្រទេស​ចិន ទោះ​បី​ជា​លោកមិន​បាន​ផ្ដល់​សេចក្ដី​ពិស្ដារ​អំពី​របៀប​ដែល​ចិន​ដោះស្រាយ​បញ្ហា​នោះ ឬ​ថា​តើ​បាឡុង​ទាំង​នោះ​មាន​ទំនាក់​ទំនង​យ៉ាង​ដូចម្ដេច​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ក៏ដោយ។

ចិន​បាន​ទទួល​ស្គាល់​ថា​ បាឡុង​មួយ​របស់​ខ្លួន​ ពិត​ជា​បាន​ហោះ​អស់​រយ:​ពេល​៨​ថ្ងៃ​លើ​សហរដ្ឋ​អាមេរិក​មែន មុន​ពេល​យន្តហោះ​ចម្បាំង​អាមេរិក បាញ់​ទម្លាក់​វា​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​កុម្ភ: នៅ​ហួស​ឆ្នេរ​សមុទ្រ​ក្នុង​រដ្ឋ South Carolina ប៉ែក​ខាង​ត្បូង។ រដ្ឋាភិបាល​ចិន បន្ត​អះអាង​ថា​ នោះ​ជា​បាឡុង​ស្រាវជ្រាវ​អាកាសធាតុ ដែល​ហោះ​ខុស​គន្លង​ផ្លូវ ទោះ​បី​ជា​សហរដ្ឋ​អាមេរិក​និយាយ​ថា​ បំណែក​ដែល​ត្រូវ​បាន​រក​ឃើញ​ពី​បាឡុង​នោះ បាន​បង្ហាញ​ថា ​វា​ជា​បាឡុង​ស៊ើប​យក​ការណ៍​ដ៏​ស្មុគស្មាញ​មួយ​ដែល​មាន​ទំហំ​ប៉ុនរថយន្ត​ក្រុង​២​ ទៅ​៣​ដង​ក៏​ដោយ​។​

តាំង​ពី​ពេល​នោះ​មក សហរដ្ឋ​អាមេរិក បាន​បាញ់​ទម្លាក់​វត្ថុ៣​ទៀត​រាប់​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​អាទិត្យ ដែល​ហោះ​ពី​លើ​រដ្ឋ Alaska ​នៅ​តំបន់​ដាច់​ស្រយាលប៉ែក​ពាយ័ព្យ​សហរដ្ឋ​អាមេរិក និង​ពី​លើ​ដែន​ដី Yukon របស់​ប្រទេស​កាណាដា​ និង​ពី​លើ​បឹង ​Huron ដែល​នៅ​តាម​ព្រំដែន​អាមេរិក​និង​កាណាដា។ សហរដ្ឋ​អាមេរិក​ មិន​ទាន់​កំណត់​ប្រភព​ដើម​នៃ​វត្ថុ​ហោះ​ទាំង​៣​ចុង​ក្រោយ​នេះ​នៅ​ឡើយ​ទេ។​

នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​មួយ លោក Wang បាន​ពោល​អះអាង​ថា «‍​វា​ជា​រឿង​ធម្មតា​ទេ ដែល​បាឡុង​អាមេរិក ក៏​បាន​ហោះ​ចូល​ដែន​អាកាស​ប្រទេស​ដទៃ​ដោយ​ខុស​ច្បាប់​ដែរ។ តាំង​ពី​ឆ្នាំ​មុន បាឡុង​រយ:​កម្ពស់​ខ្ពស់​របស់​អាមេរិក បាន​ហោះ​ដោយ​ខុស​ច្បាប់​លើ​ដែន​អាកាស​របស់​ចិន​ជាង​១០​ដង ដោយ​គ្មាន​ការ​យល់ព្រម​ពី​អាជ្ញាធរ​ចិន»។

អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​អ្នក​ស្រី Adrienne Watson បាន​និយាយ​ថា​ «‍គឺ​ចិន​ទេ​ដែល​មាន​កម្មវិធី​បង្ហោះ​បាឡុង​ស៊ើបការណ៍រយ:​កម្ពស់​ខ្ពស់​ ដើម្បី​ប្រមូល​យក​ការណ៍​សម្ងាត់​ដោយ​ចិន​បានធ្លាប់​រំលោភ​អធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជាង​៤០​ទៀត​នៅ​ទូទាំង​ទ្វីប​៥។កម្មវិធី​នោះមាន​ទំនាក់​ទំនង​ជាមួយ​កងទ័ព​ប្រជាជន​ចិន»៕

អ្នកស្រី Carla Babb អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់វីអូអេ​ប្រចាំ​ក្រសួង​ការពារ​ជាតិ​រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG