ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាឡុងចារកម្មដែលគេសង្ស័យរបស់ចិនបានហោះពីលើសហរដ្ឋអាមេរិក


បាឡុងហោះនៅលើអាកាសស្ថិតនៅលើទីក្រុង Billings រដ្ឋ Montana សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣។
បាឡុងហោះនៅលើអាកាសស្ថិតនៅលើទីក្រុង Billings រដ្ឋ Montana សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣។

បាឡុង​ចារកម្ម​ដែលត្រូវ​បាន​គេ​សង្ស័យ​ជា​បស់ចិន​ថា​បាន​ហោះពី​លើ​ប្រទេស​អាមេរិក​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ នេះ​បើតាមការបញ្ជាក់​ឱ្យ​ដឹង​របស់​ក្រុម​មន្ត្រីសហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក​ឧត្តម​សេនីយ៍ត្រី Patrick Ryder បាននិយាយ​ថា ​បាឡុង​ហោះ​នោះ​បាន​ធ្វើ​ដំណើរឆ្ងាយ​ពី​លើតំបន់​ចរាចរ​ណ៍ផ្លូវ​អាកាស​ពាណិជ្ជកម្ម​ ហើយ​មិនបាន​ផ្តល់​ការគំរាម​កំហែង​ផ្នែក​យោធា ឬ​ការគំរាមកំហែង​ដោយ​ផ្ទាល់​ណាមួយ​ដល់​មនុស្ស​នៅ​លើ​ដី​នោះ​ឡើយ។

ទី​បញ្ជាការដ្ឋានការពារ​ដែន​អាកាស​អាមេរិក​ខាង​ជើង​កំពុង​តាម​ដានដំណើរ​របស់​បាឡុង​មួយ​នេះ​ ប៉ុន្តែ​ក្រុម​មន្ត្រី​មិន​បាន​និយាយ​ទេ​ថា ​តើ​ពេល​នេះ​វា​កំពុង​ស្ថិត​នៅ​ចំណុច​ណាមួយនោះ​ឡើយ។

ទី​បញ្ជាការដ្ឋានការពារ​ដែន​អាកាស​អាមេរិក​ខាង​ជើង​បានបញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «ខ្លួន​កំពុង​តាមដាន​និង​ត្រួតពិនិត្យ» ពី​ដំណើរ​ហោះ​របស់​បាឡុងមួយ​នេះ​យ៉ាង​ដិត​ដល់។ ការចាប់សញ្ញាឃើញ​បាឡុង​ហោះនោះ​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ មុនពេលរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken មាន​គម្រោង​ជា​យូរ​មក​ហើយ​ថា ​នឹង​ទៅ​ទស្សន​កិច្ចប្រទេស​ចិន​ ក្នុង​ពេលឆាប់ៗ​ខាងមុខ​នេះ។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើការរក​ឃើញ​បាឡុង​ចារកម្ម​នេះ​អាច​ប៉ះពាល់ដល់​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ​ដែរ​ឬ​អត់។

បាឡុង​នេះត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ពុធ​កន្លងទៅ​ នៅក្នុង​រដ្ឋ Montana ភាគ​ពាយ័ព្យ​សហរដ្ឋ​អាមេរិក​ជា​ទីកន្លែង​មូលដ្ឋាន​កងទ័ព​ជើង​អាកាស​អាមេរិក​ចំនួន ៣ ស្ថិត​នៅ​ទី​នោះ​ ដែល​ធ្វើ​ប្រតិបត្តិការ​និង​រក្សា​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​របស់​អាមេរិក។

ជើង​យន្តហោះ​ចាក​ចេញពី​ព្រលាន​យន្តហោះ​ទីក្រុង Billings នៃ​រដ្ឋ Montana ​ត្រូវ​បាន​ផ្អាករយៈពេល​ខ្លី​កាល​ពី​ថ្ងៃ​ពុធ​ ​ខណៈពេល​ដែល​សហរដ្ឋអាមេរិក​បានប្រមូលយន្តហោះ​ចម្បាំង​មួយ​ចំនួន​ដើម្បី​ត្រួត​ពិនិត្យមើលបាឡុង​មួយ​នេះ។

ក្រុម​មន្ត្រី​យោធាអាមេរិក​បាន​ព្រមាន​មិន​ឱ្យ​បាញ់​ទម្លាក់​បាឡុង​នោះ​ទេ​ ព្រោះ​អាច​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​មនុស្ស​លើ​ដី​ ដោយ​សារ​តែ​បំណែក​បាក់​បែករបស់​វាធ្លាក់​ចុះ​មកក្រោម។

មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា​បាឡុង​ចារកម្ម​ដែល​មក​ដល់​ទឹក​ដី​អាមេរិកនេះ​បាន​ហោះ​ចេញ​ពី​ប្រទេស​ចិន​ ​តាម​ប្រជុំកោះ Aleutia ក្នុងរដ្ឋ​អាឡាស្កា​ និង​តាម​ប្រទេស​កាណាដា​ភាគ​ខាង​ជើង។

ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួន​កំពុង​ធ្វើការ​ដើម្បី​ផ្ទៀងផ្ទាត់​សេចក្តីរាយការណ៍​របស់​សហរដ្ឋ​អាមេរិក​ថា​បាឡុង​ចារកម្ម​របស់​ចិន​កំពុង​ធ្វើ​ដំណើរ​លើ​សហរដ្ឋ​អាមេរិក។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​ស្រី Mao Ning និយាយ​នៅថ្ងៃ​សុក្រ​នេះ​ថា «ការ​ផ្ទៀងផ្ទាត់​កំពុង​ធ្វើឡើង»។ លោក​ស្រី​បាន​ជំរុញ​ឱ្យ​រក្សា​ការស្ងៀមស្ងាត់​រហូតទាល់​ការពិត​បាន​បញ្ចាក់​ច្បាស់៕

XS
SM
MD
LG