ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចោទ​អាមេរិក​ថា ប្រើ​កម្លាំង​មិន​រើសមុខ​ក្នុង​ការបាញ់​ទម្លាក់​បាឡុង


បាឡុង​របស់​ចិន​ដែល​គេ​សង្ស័យ​ថា​ប្រើ​ធ្វើចារកម្ម​រសាត់​ទៅ​សមុទ្រ​ បន្ទាប់​ពី​ត្រូវ​បាន​គេ​បាញ់​ទម្លាក់​នៅ​ហួស​​ឆ្នេរ Surfside Beach រដ្ឋ South Carolina សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។
បាឡុង​របស់​ចិន​ដែល​គេ​សង្ស័យ​ថា​ប្រើ​ធ្វើចារកម្ម​រសាត់​ទៅ​សមុទ្រ​ បន្ទាប់​ពី​ត្រូវ​បាន​គេ​បាញ់​ទម្លាក់​នៅ​ហួស​​ឆ្នេរ Surfside Beach រដ្ឋ South Carolina សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រទេស​ចិន​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​នៅថ្ងៃចន្ទ​នេះ​ពី​ការប្រើប្រាស់​កម្លាំង​ដោយ​មិន​រើសមុខក្នុង​ការបាញ់​ទម្លាក់​បាឡុង​របស់​ចិន ​ដែល​គេ​សង្ស័យ​ថា​ប្រើ​ធ្វើ​ចារកម្ម​ដោយ​និយាយ​ថា ​វា​«បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ និង​ធ្វើឱ្យ​ខូចខាត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ភាគី​ទាំងពីរ​ និង​វឌ្ឍនភាព​ក្នុង​ការធ្វើឱ្យ​ទំនាក់​ទំនង​ចិន-អាមេរិក​មាន​ស្ថិរភាព»។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។​

សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​បាឡុង​នៅ​ហួស​ពី ​ឆ្នេរសមុទ្រ​ Carolina​ បន្ទាប់ពី​វា​បានហោះ​ឆ្លង​កាត់​ទីតាំង​យោធា​ដ៏​រសើប​នៅ​ទូទាំង​តំបន់​អាមេរិក​ខាងជើង។ ប្រទេស​ចិន​បាន​ទទូច​ថា ​បាឡុងនេះ​ជា​ឧបទ្ទវហេតុ​មួយ​ដែល​ទាក់​ទង​នឹង​យន្តហោះ​ស៊ីវិល​ប៉ុណ្ណោះ។

អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​ លោក​ Xie Feng ​បាន​និយាយ​ថា​ លោក​បាន​ដាក់​ពាក្យ​តវ៉ា​ជាផ្លូវការ​មួយ​ទៅកាន់​ស្ថានទូត​អាមេរិក​កាលពី​ថ្ងៃអាទិត្យ​ជុំវិញ​ «ការវាយប្រហារ​របស់​សហរដ្ឋ​អាមេរិក​លើ​យាន​ហោះហើរ​គ្មាន​មនុស្ស​បើក​ស៊ីវិល​របស់​ចិន​ ដោយ​កម្លាំង​យោធា»។

លោក Xie​ បាន​និយាយ​ថា «ទោះជាយ៉ាងណា​ក៏ដោយ ​សហរដ្ឋ​អាមេរិក​មិនបាន​យក​ត្រចៀក​ស្តាប់​ ហើយ​បាន​ទទូច​ប្រើប្រាស់​កម្លាំង​ដោយ​មិន​រើស​មុខ​ប្រឆាំង​នឹង​យាន​ហោះហើរ​ស៊ីវិល​ ដែល​ហៀប​នឹង​ចាកចេញ​ពី​ដែន​អាកាស​សហរដ្ឋ​អាមេរិក​។ ជាក់ស្តែង​នេះ​ជា​ប្រតិកម្ម​ហួសហេតុ​ និង​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្មារតី​នៃ​ច្បាប់​អន្តរជាតិ​ និង​ការអនុវត្ត​អន្តរជាតិ»។

វត្តមាន​របស់​បាឡុងនៅលើ​មេឃ​នៅ​ពីលើ​សហរដ្ឋ​អាមេរិក​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​ដែល​កំពុង​តានតឹង​រួច​ហើយ​ដែល​បាន​ធ្លាក់​ចុះ​អស់​ជាច្រើន​ឆ្នាំ។ វា​បាន​ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ Antony Blinken​ លុបចោល​ភ្លាមៗ​នូវ​ដំណើរ​ទស្សនកិច្ចទៅទីក្រុង​ប៉េកាំង​ដែល​មាន​គោល​បំណង​បន្ធូរបន្ថយ​ភាព​តានតឹង។

លោក Xie ​បាន​ទទូច​ម្តង​ទៀត​នូវ​ការអះអាង​របស់​ប្រទេស​ចិន​ដែល​ថា បាឡុង​ គឺជា​យាន​ហោះហើរ​គ្មាន​មនុស្ស​បើក​ស៊ីវិល​របស់​ចិន​ ដែល​បាន​ហោះ​ចូល​ទៅក្នុង​ដែន​អាកាស​សហរដ្ឋ​អាមេរិក​ដោយ​ច្រឡំ ​ដោយ​ហៅ​វា​ថា​ជា«ឧបទ្ទវហេតុ​ចៃដន្យ​ដែល​បង្កឡើង​ដោយ​កម្លាំង​ទំនាញ​មិន​អាច​គ្រប់គ្រង​បាន»៕

XS
SM
MD
LG