សហរដ្ឋអាមេរិកកំពុងកៀរគរការគាំទ្រចំពោះឋានៈរបស់តៃវ៉ាន់ក្នុងនាមជាអ្នកសង្កេតការណ៍នៅក្នុងមហាសន្និបាតសុខភាពពិភពលោក ដែលជាស្ថាប័នធ្វើសេចក្ដីសម្រេចចិត្តរបស់អង្គការសុខភាពពិភពលោក។ មហាសន្និបាតនេះនឹងបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែឧសភានេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធថា៖ «ថ្ងៃនេះ ខ្ញុំចង់អំពាវនាវដល់ប្រទេសទាំងអស់ រួមទាំងប្រទេសនៅអឺរ៉ុបផងដែរ ឲ្យជួយគាំទ្រការចូលរួមរបស់កោះតៃវ៉ាន់ក្នុងនាមជាអ្នកសង្កេតការណ៍នៅមហាសន្និបាតសុខភាពពិភពលោក និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតរបស់អង្គការសហប្រជាជាតិ»។
មន្ត្រីការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះបានស្នើដល់អគ្គលេខាធិការអង្គការសុខភាពពិភពលោកលោក Tedro Adhanom Ghebreyesus ឲ្យ «អញ្ជើញតៃវ៉ាន់មកសង្កេតការណ៍មហាសន្និបាតសុខភាពពិភពលោកនៅក្នុងខែនេះ ដោយសារតែលោកមានអំណាចធ្វើដូច្នេះ និងដូចដែលអគ្គលេខាធិការមុនៗធ្លាប់បានធ្វើជាច្រើនលើកច្រើនសាររួចមកហើយ»។
ការិយាល័យកិច្ចការអង្គការអន្តរជាតិនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហោះសារមួយចំនួននៅលើ Twitter ដោយប្រើសញ្ញា #TweetforTaiwan និង #Taiwanmodel កាលពីថ្ងៃទី ១ ខែឧសភាកន្លងទៅនេះ ដែលជាវិធានការដ៏កម្រមួយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
វិធានការរបស់សហរដ្ឋអាមេរិកនេះត្រូវបានគេមើលឃើញថាជាការប្រឆាំងដោយបើកចំហរចំពោះប្រទេសចិន។ រដ្ឋាភិបាលក្រុងប៉េកាំងបានរារាំងតៃវ៉ាន់មិនឲ្យមានវត្តមាននៅក្នុងកិច្ចប្រជុំនានារបស់អង្គការសុខភាពពិភពលោក បន្ទាប់ពីប្រជាពលរដ្ឋតៃវ៉ាន់បានបោះឆ្នោតជ្រើសរើសអ្នកស្រី Tsai Ing-wen ដែលជាអ្នករិះគន់ប្រទេសចិន ឲ្យធ្វើជាប្រធានាធិបតីតៃវ៉ាន់កាលពីឆ្នាំ ២០១៦ និងជាប់ឆ្នោតសារជាថ្មីនៅឆ្នាំ ២០២០ នេះមក៕