ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​តៃវ៉ាន់​ចូលចិត្ត​អ្នក​លក់​សៀវភៅ​ដែល​ប្រឆាំង​នឹង​ចិន ប៉ុន្តែប្រហែល​ជា​មិន​ចាប់​អារម្មណ៍​នឹង​សៀវភៅ​​​ដែល​ត្រូវ​បាន​ហាមឃាត់​នៅ​ចិន​​ទេ


លោក Lam Wing-kee បក់​ដៃ​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​បណ្ណាគារ​លក់​សៀវភៅ​ថ្មី​របស់​លោក​នៅ​ថ្ងៃ​បើក​សម្ភោធ​នៅ​ក្នុង​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។
លោក Lam Wing-kee បក់​ដៃ​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​បណ្ណាគារ​លក់​សៀវភៅ​ថ្មី​របស់​លោក​នៅ​ថ្ងៃ​បើក​សម្ភោធ​នៅ​ក្នុង​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។

ការ​សិក្សា​មួយ​របស់​បណ្ណាល័យ​​ជាតិ​តៃវ៉ាន់​នៅ​ក្នុង​ឆ្នាំ២០១៨​បង្ហាញ​ថា មាន​តែ​សៀវភៅ​​អំពី​ចិន​តែ​មួយ​ក្បាល​ទេ​ក្នុង​ចំណោម​សៀវភៅ​នយោបាយ​ល្បីៗ​ទាំង​១០​ក្បាល​ដែល​យុវវ័យ​ពេញ​និយម​បំផុត ហើយ​​សៀវភៅ​នោះ​ផ្តោត​ខ្លាំង​តែ​លើ​ការ​ធ្វើ​ដំណើរ​ប៉ុណ្ណោះ។

ពលរដ្ឋ​តៃវ៉ាន់​ប្រជ្រៀត​គ្នា​នៅ​ផ្លូវ​ដើរ​ក៏​តូច​មួយ​ក្នុង​បណ្ណាគារ Causeway Bay Books របស់​លោក Lam Wing-kee នៅ​ពេល​ដែល​បណ្ណាគារ​នេះត្រូវ​បាន​បើក​សម្ពោធ​នៅ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃទី២៥ ខែ​មេសា។ មនុស្ស​ជាច្រើន​ចង់​ជជែក​ជាមួយ​នឹង​លោក Lam Wing-kee ដែល​មាន​កំណើត​នៅ​ក្នុង​ក្រុង​ហុងកុង ហើយ​រត់​ភៀស​ខ្លួន​មក​កោះ​តៃវ៉ាន់​កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ជនជាតិ​ចិន​ជាច្រើន​នាក់ ដោយសារ​តែ​សៀវភៅ​ដែល​សរសេរប៉ះពាល់​ដល់​ថ្នាក់​ដឹកនាំ​កុម្មុយនីស្ត​ចិន។

មនុស្ស​ជាង​១.០០០នាក់​ ដែល​បាន​ទៅ​បណ្ណាគារ​លក់​សៀវភៅ​ក្នុង​ក្រុង​តៃប៉ិ​របស់​លោក​នៅ​ប៉ុន្មាន​ម៉ោង​ដំបូង​គាំទ្រ​គំនិត​របស់​លោក​ក្នុង​ការ​បើក​បណ្ណាគារ​នេះ​ឡើង​វិញ​នៅ​កោះ​តៃវ៉ាន់ ដែល​ជា​កន្លែង​មាន​សេរីភាព​បញ្ចេញ​មតិ​ពេញលេញ និង​មាន​ការ​ខឹងសម្បា​ចំពោះ​ប្រទេស​ចិន​ដែល​បាន​បិទ​ប្រតិបត្តិការ​នៃ​បណ្ណាគារ Causeway Way Books នៅ​ក្នុង​ក្រុង​ហុងកុង ដែល​ជា​ដែនដី​របស់​ចិន។ លោក Lam គឺ​ជា​អ្នក​លក់​សៀវភៅ​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ដែល​បាន​បាត់ខ្លួន​នៅ​ក្នុង​ឆ្នាំ២០១៥ ដោយសារ​តែ​ខ្លឹមសារ​សៀវភៅ​របស់​ខ្លួន។

លោក Lam ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​នៅ​ចិន​ដី​គោក ប៉ុន្តែលោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​ទីក្រុង​ហុងកុង​វិញ ដើម្បី​យក​កុំព្យូទ័រ​របស់​លោក​ ដែល​នេះ​ជា​ផ្នែក​មួយនៃ​បណ្តឹង​ប្រឆាំង​នឹង​បណ្ណាគារ​របស់​លោក។ លោក​មិន​ដែល​ត្រឡប់​ទៅ​ចិន​ដី​គោក​វិញ​នោះ​ទេ។

ប៉ុន្តែ​ពលរដ្ឋ​តៃវ៉ាន់​ភាគច្រើន​ត្រូវ​បាន​គេ​ជឿ​ថា ទំនង​ជា​មិន​ទិញ​សៀវភៅ​អំពី​នយោបាយ និង​មេដឹកនាំ​ចិន​នោះ​ទេ ដោយសារ​តែ​ពួកគេ​ជា​ធម្មតា​អាន​ឯកសារ​ផ្សេង និង​អាច​រក​ព័ត៌មាន​ទាំង​នោះ​បាន​កាន់​តែ​ច្រើន​តាម​អ៊ីនធឺណិត​ជាង​ឯកសារ​បោះពុម្ភ​ទៅ​ទៀត។ សៀវភៅ​អំពី​នយោបាយ និង​មេដឹកនាំ​ចិន​ជា​ប្រភេទ​សៀវភៅ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិនខឹងសម្បា​ចំពោះ​បណ្ណាគារ​នេះ​នៅ​ហុងកុង។

លោក Paul Lin ដែល​ជា​អ្នក​និពន្ធ​ម្នាក់ និង​ជា​មិត្តភក្តិ​របស់​លោក Lam ដែល​បាន​ចូលរួម​ការ​បើក​សម្ពោធ​បណ្ណាគារនេះ​បាន​និយាយ​ថា៖ «តាម​ពិត​ទៅ មនុស្ស​ជាច្រើន​ដែល​ទីនេះ​គាំទ្រ​ហុងកុង។ ហេតុផល​មួយ​គឺ​ដើម្បី​បង្ហាញ​ថា តៃវ៉ាន់​គឺ​ជា​ត្បូងពេជ្រ​របស់​ជនជាតិ​ចិន​សម្រាប់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​នៃ​ការ​បោះពុម្ភ ដែល​ជា​ការ​លំបាក​នៅ​កន្លែង​ផ្សេង​ទៀត»។

លោក Lam បើក​ដំណើរការ​បណ្ណាគារ​របស់​លោក​នៅ​ពេល​នេះ​នៅ​ក្នុង​ការិយាល័យ​ដែល​មាន​តែ​មួយ​បន្ទប់​ ស្ថិត​នៅ​ជាន់​ទី១០ នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ដែល​សម្បូរ​មនុស្ស​វ័យ​ក្មេង​ទាន់សម័យ​ ដែល​សម្បូរ​ទៅ​ដោយ​ហាង​កាហ្វេ ហាង​ធ្វើ​សក់ និង​បណ្ណាគារ​សៀវភៅ​ផ្សេង​ទៀត។ អតិថិជន​ដែល​បង្ហាញ​វត្តមានក្នុង​ពិធី​សម្ពោធ​នោះ​បាន​និយាយ​ថា ពួកគេ​ចង់​គាំទ្រ​លោកLam បន្ទាប់​ពី​ដឹង​អំពី​ការ​តវ៉ា​ហិង្សា​ដែល​កើត​មាន​ម្ដងម្កាល​នៅ​ក្នុង​ក្រុង​ហុងកុង​កាលពី​ឆ្នាំ​មុន​ ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ចិន។

អ្នក​អាន​សៀវភៅ​ម្នាក់​ឈ្មោះ Ho Liang-xuan វ័យ​២២ឆ្នាំ និង​ជា​និស្សិត​សាកលវិទ្យាល័យ​នៅ​កោះ​តៃវ៉ាន់។ អ្នក​អាន​ម្នាក់​នេះ​និយាយ​ថា ពួកគេ​នឹង​ទិញ​សៀវភៅ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ។ និស្សិត​ Ho Liang-xuan និយាយ​ថា៖ «ខ្ញុំ​ជឿ​ថា ពលរដ្ឋ​តៃវ៉ាន់​ភាគច្រើន​បារម្ភ​ខ្លាំង​ណាស់​ពី​ការ​តវ៉ា​នៅ​ហុងកុង និង​គិត​ថា ពួកគេ​ត្រូវ​តែ​ជួយ​ហុងកុង។ ដំណើរការ​ក្រុង​ហុងកុង​ទាំង​មូល​មិន​ងាយស្រួល​ទេ​ឥឡូវ​នេះ»។

ប្រទេស​ចិន​ក៏​អះអាង​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់​ផង​ដែរ ទោះ​ជា​ប្រទេស​ចិន​និង​កោះតៃវ៉ាន់​មាន​ការដឹកនាំ​ផ្សេង​គ្នា​ក្តី។ ពលរដ្ឋ​តៃវ៉ាន់​ភាគច្រើន​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ក្នុង​ក្រុង​តៃប៉ិ​ស្ទង់​មតិ​កាលពី​ឆ្នាំ​មុន​និយាយ​ថា ពួកគេ​ប្រឆាំង​នឹង​ការ​រួបរួម​គ្នា​ជាមួយ​នឹង​ប្រទេស​ចិន ហើយ​ក្រុម​មន្ត្រី​នៅ​តៃវ៉ាន់​និយាយ​គាំទ្រ​ដល់​បាតុករ​នៅ​ហុងកុង​ដោយ​បើក​ចំហ។

លោក Alexander Huang សាស្ត្រាចារ្យ​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​នៅ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់​និយាយ​ថា ជាពិសេស​យុវជន​តៃវ៉ាន់​ប្រហែល​ជា​មិន​ទិញ​សៀវភៅ​អំពី​ប្រទេស​ចិន​ច្រើន​នោះ​ទេ។

ការ​សិក្សា​មួយ​របស់​បណ្ណាល័យជាតិ​តៃវ៉ាន់​នៅ​ក្នុង​ឆ្នាំ២០១៨​បង្ហាញ​ថា មាន​តែ​សៀវភៅអំពី​ចិន​តែ​មួយ​ក្បាល​ទេ​ក្នុង​ចំណោម​សៀវភៅ​នយោបាយ​ល្បីៗ​ទាំង​១០​ក្បាល​ដែល​យុវវ័យ​ពេញ​និយម​បំផុត ហើយសៀវភៅ​នោះ​ផ្តោត​ខ្លាំង​តែ​លើ​ការ​ធ្វើ​ដំណើរ​ប៉ុណ្ណោះ។ ពលរដ្ឋ​តៃវ៉ាន់​យក​គំរូ​តាម​ជប៉ុន និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​លោក​ខាង​លិច ដែល​នេះ​អាច​ជា​ហេតុផល​សម្រាប់​ការ​ជ្រើសរើស​ប្រភេទ​សៀវភៅ​សម្រាប់​អាន​របស់​ពួកគេ។ ការ​សិក្សា​របស់​បណ្ណាល័យ​នេះ​បាន​កត់សម្គាល់​ថា ការ​និយម​ចូលចិត្ត​អាន​សៀវភៅ​អេឡិចត្រូនិក​បាន​កើន​ឡើង​៣០%​នៅ​ក្នុង​ឆ្នាំ២០១៨។

លោក Huang និយាយ​ថា៖ «មនុស្ស​វ័យ​ក្មេង​មិន​អាន​សៀវភៅ​ទៀត​ទេ»។

លោក Lam ជ្រើសរើស​សៀវភៅ​ចំនួន​១០.០០០ក្បាល​ដាក់​ក្នុង​បណ្ណាគារ​របស់​លោក​នៅ​តៃប៉ិ​ដោយ​លោក​បាន​គិត​ពិចារណា​ដល់​អ្នក​អាន​ប្រភេទ​ផ្សេងៗ​គ្នា។

លោក Lam បាន​និយាយ​នៅ​ពេល​បើក​សម្ពោធ​បណ្ណាគារ​របស់​លោក​ថា៖ «សៀវភៅ​ទាំង​នេះ​ត្រូវ​បាន​សរសេរ​ជា​ពិសេស​ដោយ​អ្នកនិពន្ធ​ដែល​មាន​ទស្សនៈ​ផ្សេងៗ​គ្នា ដូច្នេះ​អ្នក​មិន​អាច​និយាយ​ថា ពួកគេ​សុទ្ធ​តែ​និយាយ​ពី​ចិន​ដី​គោក​នោះ​ទេ»។

សៀវភៅ​ទាក់ទង​នឹង​ចិន​ដ៏​ល្បី​ដែល​ត្រូវ​បាន​ដាក់​លក់​ឥឡូវ​នេះ​រួម​មាន​សៀវភៅ​របស់​លោក Liu Xiaobo ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ប្រឆាំង​នឹង​ចិន​ និង​ជា​ជ័យ​លាភី​ពានរង្វាន់​ណូបែល ​និយាយ​អំពី​ការ​សម្លាប់​រង្គាល​នៅ​ទីលាន Tiananmen កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ និង​សៀវភៅ​របស់​លោក Yu Jie ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ប្រឆាំង​នឹង​ចិន។ លោក Lam សម្រេច​មិន​លក់​សៀវភៅ​ដែល​និយាយ​អំពី​ជីវិត​ឯកជន​របស់​មេដឹកនាំ​ចិន ដែល​ជា​សៀវភៅ​បង្ក​ឱ្យ​មាន​បញ្ហា​កាលពី​ឆ្នាំ​មុន​នោះ​ទេ ដោយសារ​តែ​ខ្វះ «ភស្តុតាង» ដើម្បី​គាំទ្រ​ការ​អះអាង​របស់​អ្នក​និពន្ធ។

ឥឡូវ​នេះ ​ធ្នើរសៀវភៅ​របស់​លោក Lam ដាក់​បង្ហាញ​សៀវភៅ​អំពី​លោក​ស្តាលីន ដែល​សរសេរ​ដោយ​លោក Oleg Khlevniuk ដែល​ជា​ប្រវត្តិវិទូ​រុស្ស៊ី និង​សៀវភៅ​បន្ទាប់​ពី​ព្រឹត្តិការណ៍ Holocaust ដែល​មាន​ចំណងជើង​ថា លោក Eichmann ក្នុង​ក្រុង Jerusalem៖ របាយការណ៍​ស្តី​ពី​ភាព​សាមញ្ញ​របស់​បិសាច ឬ Eichmann in Jerusalem: A Report on the Banality of Evil។​

អ្នក​អាន​សៀវភៅ​ក្មេងៗ​នឹង​ស្វែងរក​គំនូរ​ផែនទីមក​ពី​ចិន​បុរាណ សៀវភៅ​បង្រៀន​គណិតវិទ្យា និង​សៀវភៅ Where’s Spot ដែល​ជា​ប្រភេទ​សៀវភៅ​រូបភាព​ និង​បង្ហាញ​ពី​ការ​តាម​ស្វែង​រក​សុនខ​ដែល​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ។

លោក Lin និយាយ​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ឃើញ​អ្នក​ដែល​មក​ទីនេះ​ [បណ្ណាគារ​លក់​សៀវភៅ] នៅ​ថ្ងៃ​នេះ​ជា​មនុស្ស​វ័យ​ក្មេង ដោយសារ​តែ​មនុស្ស​វ័យ​ក្មេង​តែងតែ​ពឹង​ផ្អែក​លើ​អ៊ីនធឺណិត»។

លោក​មាន​គម្រោង​ទិញ​សៀវភៅ​របស់​លោក Yu Jie ដោយសារ​តែ​វា​ស្រប​ទៅ​នឹង​គំនិត​ផ្ទាល់​ខ្លួន​របស់​លោក​អំពី​ប្រទេស​ចិន។

ការ​បើក​បណ្ណាគារ​នេះ​ឡើង​វិញ​ទាមទារ​ឱ្យ​មាន​ការ​ខិតខំ​ជា​បន្តបន្ទាប់។ លោក Lam បាន​រៃអង្គាស​ប្រាក់​ដើម្បី​បើក​បណ្ណាគារ​នេះ​តាម​អ៊ីនធឺណិត​បាន​ប្រមាណ ​២ សែន ដុល្លារ។ លោក Lam និយាយ​ថា នៅ​មុន​ថ្ងៃ​បើក​សម្ពោធ​ប៉ុន្មាន​ថ្ងៃ មាន​មនុស្ស​ម្នាក់​ជះ​ថ្នាំ​លាប​ពណ៌​ក្រហម​ដាក់​លោក។ លោក​បាន​បន្ថែម​ថា ប៉ូលិស​បាន​ជួយ​ធានា​ដល់​សុវត្ថិភាព​នៅ​ថ្ងៃ​បើក​សម្ពោធ​បណ្ណាគារ។

លោក Lam ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ក្រុង​ហុងកុង​កាលពី​ឆ្នាំ​មុន ដោយសារ​តែ​រដ្ឋាភិបាលហុងកុង​ចាប់​ផ្តើម​ពិចារណា​លើ​ច្បាប់​បត្យាប័ន ​ដែល​អាច​ចាប់​បង្ខំ​លោក​ឱ្យ​ត្រឡប់​ទៅ​ចិន​ដី​គោក​វិញ។ ច្បាប់​បត្យាប័ន​ដែល​ស្នើ​ឡើង​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ហុងកុងតវ៉ា​យ៉ាង​ខ្លាំងក្លា៕

XS
SM
MD
LG