រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo មានគម្រោងធ្វើសុន្ទរកថានៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងរដ្ឋ California ស្តីអំពីចិន នៅពេលដែលមានភាពតានតឹងយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសអាមេរិកបានប្រាប់ឲ្យដឹងថា សុន្ទរកថារបស់លោក Pompeo មានចំណងជើងថា «ប្រទេសចិនកុម្មុយនីស្តនិងអនាគតនៃពិភពលោកសេរី»។
សហរដ្ឋអាមេរិកបានបញ្ជាឲ្យបិទស្ថានកុងស៊ុលចិននៅក្នុងទីក្រុង Houston ដោយនិយាយកាលពីថ្ងៃពុធថា ចំណាត់ការនេះបានត្រូវធ្វើឡើងដើម្បី «ការពារកម្មសិទ្ធបញ្ញានិងព័ត៌មានឯកជនរបស់អាមេរិក»។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo បាននិយាយកាលពីថ្ងៃពុធក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសដាណាម៉ាកថា៖ «យើងកំពុងមានការរំពឹងទុកយ៉ាងច្បាស់អំពីវិធីដែលគណបក្សកម្មុយនស្តចិននឹងធ្វើ ហើយនៅពេលណាដែលពួកគេមិនធ្វើយើងនឹងចាត់វិធានការដែលការពារប្រជាពលរដ្ឋអាមេរិកាំង ការពារសន្តិសុខរបស់យើង ហើយក៏នឹងការពារសេដ្ឋកិច្ចនិងការងាររបស់យើង»។
ចិនបានច្រានចោលចំណាត់ការរបស់សហរដ្ឋអាមេរិកថាជា «ការបង្កហេតុខាងនយោបាយ» ហើយបាននិយាយទៀតថា ខ្លួននឹងធ្វើការឆ្លើយតបដោយចំណាត់ការផ្លូវច្បាប់និងចាំបាច់»។
ស្ថានទូតចិននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ចិនថ្កោលទោសនិងជំទាស់ប្រឆាំងយ៉ាងខ្លាំងក្លានូវចំណាត់ការដ៏ទ្រគោះយង់ឃ្នងនិងដ៏អយុត្តិធម៌ដែលបំផ្លិចបំផ្លាញដោយចេតនាដល់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក។ ការចោទប្រកាន់របស់សហរដ្ឋអាមេរិកជាការភូតកុហកគ្មានហេតុផល»៕