អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយកាលពីថ្ងៃអង្គារថា អាទិភាពរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken គឺកំពុងព្យាយាមធ្វើឱ្យជនជាតិអាមេរិកដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ ដូចជាតារាបាល់បោះ Britney Griner នោះបានមកផ្ទះវិញ។
លោក Price បាននិយាយថា «យើងចង់ឃើញឃុំឃាំងបែបនេះត្រូវបានបញ្ចប់ មិនថា ក្នុងករណីប្រទេសរុស្ស៊ី ឬប្រទេសណាដែលឃុំខ្លួនជនជាតិអាមេរិកដោយខុសច្បាប់អយុត្តិធម៌ ឬអ្នកជាតិនិយមប្រទេសទីបី ដោយសារផលប្រយោជន៍នយោបាយ»។
Britney Griner ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ ដោយចោទប្រកាន់ពីបទមានប្រេងកញ្ឆា។ តារាបាល់បោះនេះកំពុងប្រឈមនឹងការចោទប្រកាន់ពីបទដឹកជញ្ជូនគ្រឿងញៀនដែលអាចជាប់ពន្ធនាគារអតិបរមា១០ ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថាមានទោស។ ការកាត់ក្តីបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយគ្រោងនឹងបន្តនៅថ្ងៃព្រហស្បតិ៍។
កាលពីថ្ងៃច័ន្ទ Britney Griner បានផ្ញើលិខិតមួយច្បាប់មកប្រធានាធិបតីអាមេរិកលោក Joe Biden សុំឱ្យលោក «ធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន»ដើម្បីឲ្យគាត់និងជនជាតិអាមេរិកផ្សេងទៀតដែលត្រូវបានឃុំខ្លួន ឬចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងប្រទេសរុស្ស៊ីបានមកផ្ទះវិញ ។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Karine Jean-Pierre បាននិយាយកាលពីថ្ងៃអង្គារថា លោក Biden បានអានសំបុត្រនោះហើយ។ អ្នកតំណាងរបស់ Britney Griner បានចែករំលែកផ្នែកខ្លះនៃសំបុត្រនេះកាលពីថ្ងៃច័ន្ទ។
អ្នកស្រី Britney Griner បានសរសេរថា «នៅពេលដែលខ្ញុំអង្គុយនៅទីនេះនៅក្នុងគុករុស្ស៊ីគិតតែម្នាក់ឯងនិងដោយគ្មានការការពារពីប្រពន្ធនោះ ខ្ញុំគិតអំពីគ្រួសារ មិត្តភក្តិ អាវអូឡាំពិករបស់ខ្ញុំឬសមិទ្ធផលនានា។ ខ្ញុំពិតជាភ័យខ្លាចថា ខ្ញុំប្រហែលជានៅទីនេះជារៀងរហូត»។
នៅពេលលោកPrice ត្រូវបានគេសួរថា តើលោក Blinken មានបានទាក់ទងជាមួយ Cherelle Griner ភរិយារបស់ Britney Griner ដែរឬទេ លោកPrice បាននិយាយថាអ្នកទាំងពីរបាននិយាយកាលពីខែមុន ហើយថា ក្រសួងការបរទេសកំពុងទាក់ទងស្ទើរតែរាល់ថ្ងៃជាមួយបណ្តាញផ្សេងៗទៀតរបស់ Britney Griner ។ លោក Price បាននិយាយថា «យើងមិនចង់ធ្វើអ្វី ឬនិយាយអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់ឱកាសនៃដោះលែងជនជាតិអាមេរិក»៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Agence France-Presse និង Reuters)